website_news:2017100301

ស្រ្តីខ្មែរ២នាក់បន្ថែមទៀត ត្រូវបានជួយសង្រ្គោះ នៅប្រទេសចិន និងម៉ាឡេស៊ី

http://freshnewsasia.com 2017-03-09

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានស្រ្តីខ្មែរ២នាក់ទៀត ដែលបានរងគ្រោះនៅប្រទេសចិន និងម៉ាឡេស៊ី ត្រូវបានជួយសង្រ្គោះដោយ ស្ថានទូតកម្ពុជា ក្នុងប្រទេសទាំងពីរនេះ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ។

ស្រ្តីខ្មែររងគ្រោះទាំង២នោះរួមមាន ទី១.ឈ្មោះ ម.ស.ទ អាយុ៣៥ឆ្នាំ ជាពលការិនី នៅប្រទេសម៉ាឡេស៊ី ដែលមានស្រុកកំណើតស្រុកជើងព្រៃ ខេត្តកំពង់ចាម។ រូបនាងត្រូវ បានមេខ្យល់នាំធ្វើដំណើរតាមរថយន្តចេញពីប្រទេសថៃ ទៅធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥។ ដោយពុំអាចទ្រាំទ្រនឹងការងារលំបាក នាងបានទៅស្ថានទូត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្នើសុំជួយទាមទារប្រាក់ខែដែលនៅសល់ និងជួយនាងឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជករបស់ពលការិនី បានយល់ព្រមប្រគល់ប្រាក់ខែ ដែលនៅសល់ជូននាង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧។ ពលការិនីខាងលើ នឹងមកដល់កម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ០៧:៥០នាទីព្រឹក តាមជើងយន្តហោះ AK 536 ។

ចំណែកស្រ្តីខ្មែររងគ្រោះទី២. ឈ្មោះ ប.ស.យ អាយុ២៧ឆ្នាំ ដែលបានទៅរស់នៅប្រទេសចិន។ ជនរងគ្រោះមកពីស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ អំឡុងឆ្នាំ២០១៣ ស្រ្តីរូបនេះ ត្រូវបានមេខ្យល់នាំទៅធ្វើការក្នុងរោងចក្រមួយកន្លែងនៅតំបន់ Jingdezhen នៃខេត្តជាំងស៊ី ហើយបន្ទាប់មកឱ្យរៀបការជាមួយបុរសជនជាតិចិនក្នុងខេត្តដដែល។ ដោយសារមានរឿងឈ្លោះប្រកែកគ្នាជាមួយប្តីស្ទើររាល់ថ្ងៃ ស្រ្តីរូបនេះបានស្នើសុំស្ថានអគ្គកុងស៊ុលជួយឱ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ស្រ្តីខ្មែរខាងលើបានមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃ៧ ខែមីនា ឆ្នាំ២០១៧ តាមជើងយន្តហោះMU 759 ៕

website_news/2017100301.txt · Last modified: 2017/03/10 09:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki