website_news:2017100401

សំបុត្រឡានទៅដឹកខ្មែរមកពីប្រទេសថៃចូលឆ្នាំថ្មី

https://kohsantepheapdaily.com.kh ៖ ម៉ុត សារុន ថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧ ម៉ោង ០៨:១៥

ខេត្តបន្ទាយមានជ័យ ៖ ដងផ្លូវជាតិលេខ5 និងចំណុចរង្វង់មូលនៅក្រុងប៉ោយប៉ែត បានក្លាយជាចំណតរថយន្តតូចធំមើលទៅហាក់គ្មានសណ្តាប់ធ្នាប់ ខណៈពលករវិលមកពីថៃច្រើននៅថ្ងៃទី9 ខែមេសា ឆ្នាំ2017នេះ ហើយសំបុត្ររថយន្តដែលលក់ឲ្យពលករតាមសាខាលក់សំបុត្ររថយន្តក្រុងមួយចំនួនត្រូវបានពលករទម្លាយប្រាប់ថា លក់ថ្លៃ ម្នាក់រហូតដល់500បាតសម្រាប់ជើងដំណើរប៉ោយប៉ែត-ភ្នំពេញ។ តាមដងផ្លូវជាតិលេខ5 ក្នុងក្រុងមួយនេះ គេឃើញមានរថយន្តតូចធំចតចាំដឹកពលករតាមមុខសាខាលក់សំបុត្ររថយន្ត និងរទេះលក់នំចំណីផ្លែឈើកកកុញធ្វើឲ្យដងផ្លូវទៅជារួមតូច បណ្តាលឲ្យយានយន្តឆ្លងកាត់កកស្ទះ។

ចំណែកជុំវិញរង្វង់មូលច្រកអន្តរជាតិប៉ោយប៉ែត ក៏ក្លាយជាចំណតរថយន្តតាក់ស៊ីខុសពីសព្វមួយដង គឺគេនាំគ្នាចតរថយន្តចោលព្រោងព្រាតដើរទៅរកហៅម៉ូយពលករនៅឯមាត់ច្រកទ្វារធ្វើឲ្យកម្លាំងប្រជាការពារភូមិ2នាក់ នៅប្រចាំការទីនោះពិបាកធ្វើការ ព្រោះផ្លុំកញ្ចែស្ទើរបែកបំពង់ក តែគេមិនស្តាប់។

ដោយឡែកសំបុត្ររថយន្តបានឡើងថ្លៃរហូតកន្លែងខ្លះសំបុត្រ1តម្លៃ4ម៉ឺនរៀល កន្លែងខ្លះ4ម៉ឺន5ពាន់រៀល និងកន្លែងខ្លះទៀតរហូត500បាត គិតជាប្រាក់ខ្មែរជាង5ម៉ឺនរៀល។

ជុំវិញបញ្ហាសំបុត្រឡើងថ្លៃនេះ ម្ចាស់សាខាលក់សំបុត្ររថយន្តមួយចំនួនបានបដិសេធន៍ ឯម្ចាស់ទីតាំងលក់សំបុត្ររថយន្តក្រុងមួយកន្លែងយីហោ «ដាណែត» មានទីតាំងនៅផ្លូវបេតុងខាងលិចសង្កាត់រដ្ឋបាលជលផល ក្រុងប៉ោយប៉ែត ក្នុងភូមិក្បាលស្ពាន1 សង្កាត់ប៉ោយប៉ែតទទួលស្គាល់ថា លក់តម្លៃ500បាតមែន។

website_news/2017100401.txt · Last modified: 2017/08/24 15:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki