website_news:2017100405

ពលករខ្មែរត្រឡប់ពីថៃត្រូវបាត់បង់សម្ភារដោយចាញ់បោកមេខ្យល់

https://kohsantepheapdaily.com.kh ៖ ម៉ុត សារុន ថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០១៧ ម៉ោង ១៤:៥៥

ខេត្តបន្ទាយមានជ័យ ៖ 2ថ្ងៃចុងក្រោយនេះពលករវិលត្រឡប់ពីថៃដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលខិតជិតចូលមកដល់ទាំងស្របច្បាប់និងខុសច្បាប់កើតមានជាហូរហែតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ ពលករវិលត្រឡប់ពីថៃបញ្ជាក់ថា មុនការវិលត្រឡប់ត្រូវសុំលិខិតអនុញ្ញាតិពីថៅកែរោងចក្រសហគ្រាសតូចធំគ្រប់គ្នាៗទើបទទួលបានលិខិតអនុញ្ញាតិសម្រាប់ដើរផ្លូវភ្ជាប់ជាមួយប័ណ្ណស៊ីជម្ពូ ។ ពួកគាត់បន្តថា សម្រាប់ពលករដែលវិលត្រឡប់ពុំមានលិខិតអនុញ្ញាតិ និងត្រូវបានសមត្ថកិច្ចចាប់តាមដងផ្លូវហើយឲ្យជិះរថយន្តទ្រុង ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ដោយសារចំនួនពលករខុសច្បាប់ច្រើនភាគីថៃដឹកតាមរថយន្តទ្រុងមិនទាន់បានដឹកតាមរថយន្តធម្មតានិងរថយន្តក្រុង៤៥កៅអី ប្រភេទ២ជាន់ ប៉ុន្តែយកទៅប្រគល់ឲ្យមន្ត្រី និងសមត្ថកិច្ចកម្ពុជានៅទីតាំងទទួលពលករក្នុងភូមិនិងសង្កាត់ប៉ោយប៉ែតដូចសព្វមួយដង ។ ពលករដែលថៃបញ្ជូនត្រឡប់ កើតមានបញ្ហាជាបន្តបន្ទាប់បាត់សម្ភារដោយសារពួកគេវិលត្រឡប់តាមរយៈមេខ្យល់គេយកប្រាក់ម្នាក់១.៦០០បាតសន្យាថា យកដល់ព្រំដែនដោយដឹកមនុស្សផ្សេងសម្ភារផ្សេងទីបំផុតអស់ប្រាក់ហើយគ្មានអ្នកទទួលខុសត្រូវធ្វើឲ្យបាត់សម្ភារពួកគេក៏ត្រូវបានសមត្ថកិច្ចថៃចាប់តាមដងផ្លូវទៀត ។

ក្រុមពលករដែលមានបញ្ហាបាត់សម្ភារ បានដើរចូលស្នាក់ការនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីឲ្យជួយជាហូរហែផងដែរ ។ តាមប្រភពពីមន្ត្រីបំរើការងារនៅទីតាំងទទួលពលករបញ្ជូនពីថៃប្រាប់កោះសន្តិភាពថា ពលករបញ្ជូនត្រឡប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ មានជិត១.០០០នាក់ដោយឡែកកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ មានចំនួន១.០១២នាក់នេះមិនទាន់គិតដល់ពលករចំនួន៥រថយន្តតូចធំដែលថៃឲ្យចុះដើរជាធម្មតានៅចំណុចគល់ស្ពានព្រំដែនខាងគេ ៕

website_news/2017100405.txt · Last modified: 2017/08/24 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki