website_news:2017100407

សង្គមស៊ីវិល៖ ពលករខ្មែរមកពីថៃ លំបាកវេទនា តែអាជ្ញាធរជាយដែនបែរជាស្ងាត់ឈឹង មិនឃើញអន្តរាគមន៍សោះ!

http://km.rfi.fr/cambodia/khmer ដោយ ហេង ឧត្តម 08/04/2017

ចាប់តាំងពីដើមខែមេសានេះមកម្ល៉េះ ដែលពលករខ្មែរចំណាកស្រុកនៅប្រទេសថៃ បានធ្វើដំណើរចូលស្រុកវិញ ដើម្បីចូលរួមជួបជុំគ្រួសារសម្រាប់បុណ្យចូលឆ្នាំថ្មី។ ចំពោះសង្គមស៊ីវិលដែលសង្កេតការណ៍នៅតាមព្រំដែន អះអាងថា ពលករខ្មែរមកពីថៃ លំបាកវេទនាណាស់ ប៉ុន្តែអាជ្ញាធរជាយដែនបែរជាស្ងាត់ឈឹង មិនឃើញអន្តរាគមន៍ឲ្យខ្លាំងក្លាសោះ!

បើគ្រាន់តែនិយាយពីតាមច្រកក្រុងប៉ោយប៉ែត ចំនួនពលករខ្មែរត្រឡប់ចូលស្រុក គឺមានជាមធ្យមពី២០០ ទៅ៥០០នាក់ ក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី១មេសា ដល់ទី៥មេសា ហើយចាប់ពីថ្ងៃទី៥មេសាមក គឺកើនឡើងពី ៥០០ ទៅ៨០០ និង១ ០០០ នាក់ ដែលត្រឡប់វិលមកមាតុភូមិវិញ។ នេះបើតាមអភិបាលក្រុងប៉ោយប៉េត។

តាំងតែពីដើមខែមកម្ល៉េះ កាសែតថៃ The Nation បានរាយការណ៍ ថានៅខេត្តស្រះកែវ មានពលករខ្មែរខ្លះ ដាច់លុយ ហើយសុខចិត្តបង្ហាញខ្លួនឲ្យតម្រួតថៃចាប់បញ្ជូនមកស្រុកវិញ ដើម្បីអាចបានចំណេញសោហ៊ុយថ្លៃដំណើរ។ ហើយកាសែតមួយចំនួនក្នុងស្រុកខ្មែរវិញ ក៏បន្តរាយការណ៍ដែរថា តម្រួតថៃបានចាប់ពលករខ្មែរ ពីច្រកអន្តរជាតិដូង ទល់ដែនខេត្តបាត់ដំបង យកទៅផាក់ពិន័យ នៅខេត្តចន្ទបុរី ឲ្យបង់លុយថ្លៃផាក់ពិន័យហើយ និងថ្លៃដឹកជញ្ជូន រួមទាំងរឹបអូសយកអ៊ីវ៉ានរបស់គ្នាថែមទៀត។

ចំពោះការប្រឈមដូច្នេះ មន្ត្រីសម្របសម្រួលរបស់អង្គការអាដហុក នៅប្រចាំខេត្តបន្ទាយមានជ័យ និងដែលមានបណ្តាញនៅតាមជាយៗព្រំដែនទាំងអស់ លោក ស៊ុំ ចាន់គា បានវាយតម្លៃពីភាពអសកម្មរបស់អាជ្ញាធរខ្មែរថា ហាក់ដូចជាស្ងាត់ឈឹងដូចចោរលួចសេះ មិនឃើញចុះជួយអន្តរាគមន៍ឲ្យដុតដៃដុតជើងសោះ។ ក៏ប៉ុន្តែ លោក ង៉ោ ម៉េងជ្រួញ ចៅហ្វាយក្រុងប៉ោយប៉េត បានលើកឡើងថា ក្នុងមូលដ្ឋានរបស់លោក គឺបានផ្សព្វផ្សាយឲ្យអាជ្ញាធរមូលដ្ឋាននិងតាមច្រកទាំងអស់ ឲ្យជួយសម្របសម្រួលសុវត្ថិភាពឲ្យពលករខ្មែរទាំងអស់។ លោកបញ្ជាមិនឲ្យឡានឈ្នួល ឡើងថ្លៃ ហើយហាមឃាតឈ្មួញឆ្លៀតឱកាសដែលទិញសំបុត្រពីឡាន ទៅលក់ឡើងថ្លៃ។

ចំណែក អភិបាលខេត្តឧត្តរមានជ័យវិញ លោក ស ថាវី ក៏និយាយដែរថា អាជ្ញាធរមូលដ្ឋានរបស់លោក ត្រូវបានបញ្ជាមិនឲ្យប៉ះពាល់អីវ៉ាន់ឬយកលុយកាក់របស់ពលករដែលត្រឡប់មកស្រុកវិញនោះឡើយ ហើយត្រូវជួយសម្របសម្រួលការធ្វើដំណើររបស់ពួកគេ។ ចៅហ្វាយខេត្តឧត្តរមានជ័យ បន្ថែមថា ចំពោះការប្រឈមដែលកើតឡើងនៅក្នុងទឹកដៃថៃវិញ គឺវាហួសពីដែនសមត្ថកិច្ចរបស់អាជ្ញាធរខ្មែរ តែអាជ្ញាធរកម្ពុជា ក៏នៅតែខំសហការជាមួយតម្រួតថៃខ្លះដែរ។

ទោះបីយ៉ាងណាក្តី មន្ត្រីសម្របសម្រួលរបស់អង្គការអាដហុក លោក ស៊ុំ ចាន់គា បញ្ជាក់ថា មិនមែនជាលើកទីមួយទេ ហើយក៏មិនមែនជារឿងថ្មីដែរ គឺជារៀងរាល់ឆ្នាំតែម្តង ដែលពលករខ្មែរចំណាកស្រុក ត្រូវរងទុក្ខវេទនា នៅពេលឱកាសបុណ្យទាន។ អ្នកខ្លះធ្វើការក្នុងទឹកដីថៃ ត្រូវថៅកែ ដកបណ្ណព័ណ៌ស៊ីជំពូ ដែលជាកាតអនុញ្ញាតឲ្យធ្វើការនោះទុក ហើយចំណែកថ្លៃធ្វើបណ្ណស៊ីជំពូនេះទៀតសោត ក៏មានអំពើពុករលួយទៅទៀត។ ចំពេលបុណ្យដូច្នេះ ថៅកែថៃចំនួន អត់ព្រមបើកលុយឲ្យពលករនោះទេ។ ពលករខ្មែរខ្លះ អត់លុយមកស្រុក និងត្រូវដើរថ្មើរជើងអស់ពីរបីយប់ ក៏មានដែរ។ នេះបើផ្អែកលើការតាមដានអង្កេតរបស់លោក ស៊ុំ ចាន់គា។

គួរជម្រាបជូនដែរថា ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៨មេសា រដ្ឋាភិបាលថៃ បានសម្រេចលើកលែងការយកថ្លៃផ្លូវ ដើម្បីជាកាដូឆ្នាំថ្មីចំពោះការធ្វើដំណើររបស់ពលករចំណាកស្រុក ជាតិខ្មែរ លាវ និងភូមា ឲ្យបានទៅលេងកម្សាន្តនៅមាតុប្រទេស ក្នុងឱកាសសង្ក្រាន្តបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ៕

website_news/2017100407.txt · Last modified: 2017/08/24 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki