website_news:2017100408

មហាផ្ទៃ អំពាវនាវមិនឲ្យអាជ្ញាធរទារប្រាក់ពីពលរដ្ឋខ្មែរ ដែលកំពុងសម្រុកចូលមកស្រុកកំណើតវិញ

https://thmeythmey.com 10, Apr 2017 , 11:15 am ដោយ: រំដួល ចិត្រា

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ អំពាវនាវមិនឲ្យអាជ្ញាធរយាមច្រកព្រំដែនកម្ពុជា-ថៃ ទារប្រាក់ពីពលរដ្ឋខ្មែរ ដែលចូលមកស្រុកកំណើតវិញ ស្របពេលដែលពិធីបុណ្យចូលឆ្នាំខ្មែរមកដល់នេះឡើយ។ ការអំពាវនាវរបស់ក្រសួងមហាផ្ទៃនេះ បន្ទាប់ពីមានដំណឹងថា ពលរដ្ឋខ្មែរសម្រុកចាកចេញពីទឹកដីថៃ មកជួបជុំសាច់ញាតិ ក្នុងថ្ងៃបុណ្យចូលឆ្នាំនេះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានស្នើឲ្យសមត្ថកិច្ចច្រកព្រំដែនកម្ពុជា-ថៃ ឲ្យជួយសម្រួល ការបំពេញលិខិតរដ្ឋបាលចេញ-ចូល ដល់ពលករខ្មែរដែលកំពុងចូលមកស្រុកកំណើត ដើម្បីប្រារព្វពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះឡើយ។ លោក ខៀវ សុភ័គ ស្នើឲ្យអាជ្ញាធរយាមច្រកព្រំដែនកម្ពុជា-ថៃ មិនត្រូវទារប្រាក់ពីពលរដ្ឋខ្មែរ ជាថ្នូរនឹងការចូលមកស្រុកកំណើតវិញនោះទេ។ ថ្លែងប្រាប់សារព័តមានថ្មីៗ អ្នកនាំពាក្យរូបនេះ បានលើកឡើងដូច្នេះថា៖«សមត្ថកិច្ចកុំទារលុយក្រៅសេវាផ្លូវពីពលរដ្ឋខ្មែរទាំងនោះដាច់ខាត់ លើកលែងពលរដ្ឋស្ម័គ្រចិត្តផ្តល់ជាអាហារ និងទឹកភ្ជេសជៈឲ្យប៉ុណ្ណោះ ទើបអាជ្ញាធរអាចមានសិទ្ធិទទួលយក»។

ទាក់ទងនឹងករណីពលរដ្ឋខ្មែរសម្រុកចូលមកកម្ពុជាវិញ ស្របពេលចូលឆ្នាំនេះ ត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយថា ពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការស្របច្បាប់ទាំងនោះ ត្រូវបានអាជ្ញាធរថៃទារប្រាក់ពី៣០០បាត ទៅ៥០០បាត (ជាង៣០,០០០រៀល ទៅ៥០,០០០ រៀល ជាថ្នូរនឹងការអនុញ្ញាតឲ្យចាកចេញពីទឹកដីថៃនេះ។ ចំណែកពលករខ្មែរ ដែលខុសច្បាប់វិញ ក៏ត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួនបញ្ជូនមកកម្ពុជា ដោយទារប្រាក់ក្នុងតម្លៃខាងនេះផងដែរ ក្រោមហេតុផលថា បង់ប្រាក់សម្រាប់សេវាដឹកបញ្ជូនមកស្រុកកំណើតវិញ។ បើតាមអគ្គស្នងការដ្ឋាននរគបាលជាតិ ក្នុងរយៈពេលជាងមួយសប្ដាហ៍មកនេះ មានពលករខ្មែររាប់ម៉ឺននាក់ ត្រូវបានភាគីថៃចាប់បញ្ជូនមកកម្ពុជាវិញ តាមច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ ចំណែកច្រកអន្តរជាតិប៉ោយប៉ែត ក៏ពលកររាប់ពាន់នាក់បានសម្រុកមកស្រុកកំណើតវិញផងដែរ។

ចំពោះបញ្ហាភាគីថៃបានទារប្រាក់ពីពលករខ្មែរដែលកំពុងចេញពីប្រទេសថៃ មកស្រុកខ្មែរវិញនោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងថា លោកពុំបានដឹងពីរឿងនេះច្បាស់លាស់ឡើយ។ ដូច្នេះលោកមិនទាន់អាចបកស្រាយបាននោះទេ ។ ប៉ុន្តែលោក ខៀវ សុភ័គ គ្រាន់តែនិយាយយ៉ាងខ្លីថា «វាជាកិច្ចការរបស់ដែនសមត្ថកិច្ចភាគីថៃ»។

ជុំវិញបញ្ហាខាងលើនេះដែរ សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននៅឡើយទេ។ ប៉ុន្តែបើតាមលោក ជុំ សន្ទរី ដែលបានថ្លែងប្រាប់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី៧ មេសា នោះ ក្រសួងការបរទេសនឹងណែនាំឲ្យអគ្គកុងស៊ុលខ្មែរប្រចាំប្រទេសថៃ តាមដានព័ត៌មានដែលលេចឮថា ភាគីថៃទារប្រាក់ពីពលករដ្ឋខ្មែរ ដែលចាកចេញពីទឹកដីថៃ ចូលមកកម្ពុជាវិញនេះ។

គិតត្រឹមថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៧ នេះ ភាគីថៃបានបញ្ជូនពលករខ្មែរខុសច្បាប់មកកម្ពុជាវិញ ចំនួន១១លើក សរុបមានចំនួន ៣ ,៤៨០ នាក់ក្នុងនោះស្រីមានចំនួន ៨៩៥ នាក់ តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្ត បាត់ដំបង។ ហើយយ៉ាងហោចណាស់ពលករខ្មែរចាប់ពី៥០០នាក់ទៅ ៧០០នាក់ បាននាំគ្នាសម្រុកចាកចេញពីប្រទេសថៃ មកស្រុកកំណើតវិញ ដើម្បីចូលរួមចូលឆ្នាំខ្មែរខាងមុខនេះ។ នេះបើតាមអគ្គស្នងដ្ឋាននករបាលជាតិ៕

website_news/2017100408.txt · Last modified: 2017/04/10 14:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki