website_news:2017100410

ក្រសួងការបរទេស នឹងប្រាប់ឲ្យអគ្គកុងស៊ុលខ្មែរប្រចាំប្រទេសថៃ តាមដានករណីអាជ្ញាធរថៃទារប្រាក់ពីពលករខ្មែរ

https://www.thmeythmey.com 07, Apr 2017 , 8:19 pm ដោយ: រំដួល ចិត្រា

ភ្នំពេញ៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានព័ត៌មានចុះផ្សាយជាបន្តបន្ទាប់ថា ពលករខ្មែរ ដែលបានទៅធ្វើការនៅប្រទេសថៃ ហើយបាននាំគ្នាសម្រុកមកកម្ពុជាវិញ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំខាងនេះ។ ប៉ុន្តែពលករខ្មែរទាំងនោះ ត្រូវបានអាជ្ញាធរថៃទារប្រាក់ពី៣ម៉ឺន ទៅ៥ម៉ឺនរៀល ជាថ្នូរនឹងការអនុញ្ញាតឲ្យចាកចេញពីទឹកដីថៃមកកម្ពុជាវិញ។ ក្រសួងការបរទេសនឹងណែនាំឲ្យអគ្គកុងស៊ុលខ្មែរប្រចាំប្រទេសថៃតាមដានលើករណីអាជ្ញាធរថៃ ទាប្រាក់ពីពលករខ្មែរនេះ។

អគ្គស្នងការដា្ឋននគរបាលជាតិ បានឲ្យដឹងថា ពលករខ្មែររាប់ម៉ឺននាក់ត្រូវបានភាគីថៃចាប់បញ្ជូនឲ្យត្រឡប់មកកម្ពុជាវិញ តាមច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។ ហើយពលករខ្មែរទាំងនោះត្រូវបានអាជ្ញាធរទារប្រាក់ពី៣០០បាត ទៅ៥០០បាត (ជាង៣០,០០០ ទៅជាង៥០,០០០ រៀល) ក្នុងម្នាក់ជាថ្នូរនឹងការចាប់បញ្ជូនមកវិញ។ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលទើបទទួលបានរបាយការណ៍ពីសមត្ថកិច្ចប្រចាំតំបន់ខាងលើនេះ បានឲ្យដឹងថា បញ្ហាអាជ្ញាធរថៃកៀបយកប្រាក់ពីពលករខ្មែរនេះ បានកើតឡើងចាប់ពីដើមខែមករា មកម្ល៉េះ ហើយទើបនឹងបែកធ្លាយប៉ុណ្ណោះ។ បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានទទួលព័ត៌មានបន្ថែមពីពលករខ្មែរទាំងនោះ បានបញ្ជាក់ដូច្នេះថា៖«ក្រោយពីភាគីថៃប្រមូល(ពលករខ្មែរ)បានច្រើនហើយ គេក៏បានដឹកតាមរថយន្តយកទៅកាន់ស្ថានីយ៍តម្រួតនៅក្នុងស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ដោយតម្រូវឲ្យពួក គាត់ធ្វើកិច្ចសន្យាបញ្ឈប់ការលួចឆ្លងដែនដោយខុសច្បាប់តទៅទៀត ហើយឲ្យពួកគាត់ផ្តិតម្រាមដៃទាំង១០ ព្រមទាំងបានទាមទារក្នុងម្នាក់ៗ ៣០០ បាត បូកនឹងថ្លៃដឹកជញ្ជូនទៅ និងត្រឡប់មកមាត់ច្រកវិញ ២០០ បាតបន្ថែមទៀត។ ក្នុងនោះបើមានពលករណាម្នាក់គ្មានប្រាក់បង់តាមការកំណត់នេះទេ គឺគេមិនអនុញ្ញាតឲ្យវិលត្រឡប់ទាំងអស់គ្នា»។

ក្រៅពីពលករខ្មែរឆ្លងដែនខុសច្បាប់នេះ ក៏ពលករខ្មែរស្របច្បាប់មួយចំនួន ដែលចង់ចាកចេញពីប្រទេសថៃ ធ្វើដំណើរមកលេងស្រុកកំណើតក្នុងថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ ក៏ត្រូវបានអាជ្ញាធរថៃស្ទាក់ប្រមូលចាប់ទាំងអស់ នៅត្រង់ចំណុចក្បែច្រកទ្វារអន្តរជាតិដូង ដើម្បីទារប្រាក់ពីពួកគេ មុននឹងអនុញ្ញាតឲ្យចាកចេញផងដែរ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ទាក់ទងនឹងបញ្ហាពលករខ្មែរនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មិនទាន់ទទួលបានរបាយការណ៍ និងព័ត៌មាននេះ ពីមន្ត្រីថ្នាក់ក្រោមនៅឡើយទេ។ តែយ៉ាងណាអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី អះអាងថា ក្រសួងនឹងណែនាំទៅអគ្គកុងស៊ុលខ្មែរប្រចាំប្រទេសថៃ ឲ្យចុះតាមដានករណីពលករខ្មែរ ដែលត្រូវបានសារព័ត៌មានចុះផ្សាយថា អាជ្ញាធរថៃចាប់ទារប្រាក់នេះ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ជុំ សន្ទរី បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖«ខ្ញុំមិនទាន់ទទួលបានរបាយការណ៍ជុំវិញបញ្ហានេះទេ។ ដូច្នេះយើងនឹងបញ្ជូនដំណឹងនេះទៅអគ្គកុងស៊ុលខ្មែរនៅទីនោះ»។ បើតាមអគ្គស្នងដ្ឋាននករបាលជាតិ គិតត្រឹមថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៧ នេះ ភាគីថៃបានបញ្ជូនពលករខ្មែរខុសច្បាប់មកកម្ពុជាវិញ ចំនួន១១លើក សរុបមានចំនួន៣,៤៨០ នាក់ក្នុងនោះស្រីមានចំនួន ៨៩៥ នាក់ តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្ត បាត់ដំបង។ ហើយយ៉ាងហោចណាស់ពលករខ្មែរចាប់ពី៥០០នាក់ទៅ ៧០០នាក់ បាននាំគ្នាសម្រុកចាកចេញពីប្រទេសថៃ មកស្រុកកំណើតវិញ ដើម្បីចូលរួមចូលឆ្នាំខ្មែរខាងមុខនេះ៕

website_news/2017100410.txt · Last modified: 2017/04/10 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki