website_news:2017100701

អ.ហ រាជធានីភ្នំពេញ បញ្ជូនមេក្លោង ញុះញង់អនិតិជន ឲ្យសុំទាន ម្នាក់ទៀតទៅតុលាការ

http://www.daem-ampil-news.html អាទិត្យ, 09 កក្កដា ២០១៧ 21:04 ដោយ: ដើមអម្ពិល ID:019

ភ្នំពេញ៖ តើអ្នកក្រ ចាំបាច់ត្រូវតែដើរសុំទានមែនទេ ? តើអ្នកដើរសុំទានទាំងអស់ គឺដោយសារខ្លួនក្រ ឬមួយដោយសារខ្លួនខ្ជិល? ជាការពិត ការធ្វើទាន គឺធ្វើដោយក្តីមេត្តា តែបើធ្វើទានដោយគ្មានបញ្ញា មានន័យថាអ្នកកំពុងចូលរួម សាងអំពើអាក្រក់ក្នុងសង្គម និងបំផ្លាញកិត្តិយសជាតិ ឲ្យអាប់ឱន ដោយមិនដឹងខ្លួន ។

គួររំលឹកថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនស្ត្រីវ័យ៥០ឆ្នាំ ម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី កេងប្រវ័ញ្ចពលកម្មកុមារ និងរក្សាទុកកុមារ ដោយខុសច្បាប់ ដោយស្ត្រីរូបនោះបាន រក្សាទុកកុមារដែលមិនមែន ជាកូនបង្កើតរបស់ខ្លួន រហូតដល់ទៅ៧នាក់(មាន២នាក់ជាទារក) និងប្រើប្រាស់ ពួកគេឲ្យដើរសុំទាន ដោយមិនឲ្យកុមារទាំងនោះចូលរៀន និងមិនឲ្យ អាហារទទួលទាន បានគ្រប់គ្រាន់ផងដែរ ។

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ អាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ អង្គការបេសកកម្មយុត្តិធម៌ IJM និងអង្គការក្តីសង្ឃឹម និងយុត្តិធម៌ បានចុះស្រាវជ្រាវ និងបង្ក្រាបជាក់ស្តែង លើករណីកេងប្រវ័ញ្ញ ពលកម្មកុមារមួយករណីទៀត ដោយឃាត់ខ្លួន ប្តីប្រពន្ធពីរនាក់ និងសង្គ្រោះ ក្មេងសុំទាន៥នាក់ ចេញពីដៃពួកគេ។ ក្មេងទាំងនោះមានឈ្មោះ៖

១/ លន់ ម៉ាលី ភេទ ស្រី អាយុ ១៧ឆ្នាំ

២/ លន់ ដារ៉ា ភេទ ប្រុស អាយុ ១៤ ឆ្នាំ

៣/ លន់ កុសល ភេទ ប្រុស អាយុ ១០ឆ្នាំ (ពិកាជើង និងរងរបួស រលួយគូថ)

៤/ លន់ កុលាប ភេទ ស្រី អាយុ ០៩ឆ្នាំ

៥/ លន់ ស្រីណែត ភេទស្រី អាយុ ០១ខួបកន្លះ

តាមការរៀបរាប់របស់កុមារ ៤នាក់ដែលដឹងក្តី បាននិយាយថា ពួកគេគឺសុទ្ធតែធ្លាប់បាន រស់នៅជាមួយអង្គការ ទទួលបានការមើលថែរ គ្រប់គ្រង និងរៀនសូត្រ តែឪពុកម្តាយពួកគេ បានទៅលួងលោម នាំរត់ចេញពីអង្គការមកវិញ ដើម្បីឲ្យដើរសុំទាន។

កូនស្រីច្បងឈ្មោះ លន់ ម៉ាលី បានរៀបរាប់ថាខ្លួនត្រូវបាន ឪពុកម្ដាយអោយដើរសុំទាន តាំងពីអាយុទើបបាន ៥ឆ្នាំមកម្លេះ ក្រោយមកធ្លាប់ នៅជាមួយអង្គការមិត្តសម្លាញ់ ប្រហែល២ឆ្នាំ និងនៅអង្គការភាពញញឹម នៃកុមារប្រហែលជាង១ឆ្នាំ តែត្រូវឪពុកម្តាយ នាំរត់ចេញពីអង្គការ ហើយឥឡូវនេះ នាងមានអាយុ១៧ឆ្នាំហើយ តែឪពុកម្តាយនៅតែឲ្យនាង ដើរសុំទាន ដើម្បីរកប្រាក់ អោយពួកគាត់ដ៏ដែល។

រឿងខ្លោចផ្សាបំផុតនោះ គឺកូនប្រុសទី៣ឈ្មោះ លន់ កុសល បានរៀបរាប់ថា រូបគេធ្លាប់រស់នៅ ក្នុងអង្គការមិត្តសំឡាញ់ ហើយបានទទួលការរៀនសូត្រ ត្រឹមត្រូវល្អណាស់ តែសុខៗសោះ ឪពុកម្ដាយរបស់ខ្លួន បែជាទៅលួងលោម នាំរត់ចេញពីមណ្ឌល ឲ្យមកដើរសុំទាន រកលុយឲ្យពួកគាត់ទៅវិញ ហើយមានថ្ងៃមួយ រូបគេដើរសុំទានហត់ពេក ក៏ដេកតាមចញ្ចើមថ្នល់ ត្រូវបានឡាន អ្នកស្រវឹងស្រា បើកកិនពីលើខ្នងឈឺផ្សាយ៉ាងខ្លាំង តែឪពុកម្តាយ មិនបានយកទៅមន្ទីរពេទ្យ ដើម្បីព្យាបាលទេ គឺទុកគេឲ្យឈឺរហូត ពិកាជើងទាំងពីរ រួចហើយពួកគាត់ក៏ទិញរទេះ មកឲ្យជិះសុំទាន កាន់តែខ្លាំងជាង កាលមិនទាន់ពិកា ព្រោះងាយទទួលបានការ អាណិតអាសូរ ពីអ្នកឲ្យទាន ។ កុមារ លន់ កុសល បន្តថា គេត្រូវអង្គុយលើរទេះ ជិះសុំទានហាលថ្ងៃ ហាលភ្លៀង រៀងរាល់ថ្ងៃ រហូតធ្វើឲ្យ រលាកគូថទាំងសងខាង ដំបៅដូចមហារីក គួរអោយខ្លោចផ្សារបំផុត ហើយឪពុកម្តាយរបស់គេ ក៏មិនបានថែទាំ ដាក់ថ្នាំព្យាបាល ឬនាំទៅពេទ្យឡើយ ។

កុមារី លន់ កុលាប ក៏បានប្រាប់ដែរថា រាល់ថ្ងៃរូបនាង ត្រូវបានឪពុកម្តាយដឹកតុតុ មកទម្លាក់តាមស្តុប ឲ្យដើររកលុយ ដោយសុំទានគេ ហើយពេលបានលុយ គឺយកឲ្យពុកម៉ែទាំងអស់ លុះយប់ឡើង នាងដើរដេកតាមចឹញ្ចើមថ្នល់ ឬជួនកាលដេកលើតុតុ ជាមួយពុកម៉ែ ។

តាមចម្លើយសារភាព របស់បុរសឈ្មោះ ធុន ធី អាយុ៣៧ឆ្នាំ ស្រុកកំណើតខេត្តកំពង់ស្ពឺ និងប្រពន្ធឈ្មោះ ម៉ុម នួន ដែលបានគ្នាតាំង ពីអាយុ១៧ឆ្នាំ ហើយបានចាកចេញ ពីស្រុកកំណើត មកភ្នំពេញ ធ្វើការក្រុមហ៊ុនស៊ិនទ្រី បាន២ខែ ក៏ឈប់ធ្វើការ ប្តូរមកដើររើសអេតចាយ និងសុំទានវិញ ពេលបានលុយ ក៏ត្រឡប់ទៅស្រុក អស់លុយ ក៏ត្រលប់មកសុំទានវិញ រហូតដល់ពេលពួកគេ មានកូនធំល្មម អាចដើរសុំទានបាន ពួកគេក៏បង្រៀន ឲ្យកូនដើរសុំទានម្តង ដោយមិនបាន ឲ្យទៅរៀនឡើយ។ ពួកគេពុំមានផ្ទះស្នាក់នៅ ពិតប្រាកដទេ ក្នុងភ្នំពេញនេះ គឺសុំដល់ត្រឹមណា សម្រាកត្រង់ហ្នឹង ក្រោយមកពួកគេ បានទិញម៉ូតូ រម៉កកង់បី១ តែមិនបានរត់កង់បីនោះទេ គឺទុកសម្រាប់តែដឹកកូនៗ ទម្លាក់តាមស្តុប ដើម្បីដើរសុំលុយឲ្យពួកគេ និងទុកសម្រាប់ដេក ពេលយប់តែប៉ុណ្ណោះ។ ក្រៅពីមានប្រពន្ធហើយ បុរសឈ្មោះ ធុន ធី បានសារភាពថា នៅមានស្រីលួចលាក់ ផ្សេងទៀតផងដែរ ដូច្នេះលុយដែលកូនៗសុំបាន ក្នុងមួយថ្ងៃជាង១០ម៉ឺនរៀល ខ្លួនបានយកមកស៊ីចាយ ប្រចាំថ្ងៃផង ផឹកស្រាផង លេងបៀផង និងលួចឲ្យស្រីរបស់ខ្លួនផង ។

បច្ចុប្បន្នក្មេងៗទាំង៥នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ឲ្យមន្ទីរសង្គមកិច្ច យកទៅរក្សាទុកក្នុងមណ្ឌល ដើម្បីគ្រប់គ្រងមើលថែ និងរៀនសូត្រ ឯបុរសឈ្មោះ ធុន ធី ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ សម្រេចបញ្ជូនទៅ ឃុំខ្លួន នៅពន្ធនាគារ ព្រៃស រីឯប្រពន្ធ ត្រូវបានអនុញ្ញាត ឲ្យត្រលប់ទៅស្រុកកំណើត កសាងខ្លួន កសាងជីវិតថ្មី ធ្វើកិច្ចសន្យា ឈប់ដើរសុំទាន និងឈប់ទៅលួងលោម នាំកូនរត់ចេញពីមណ្ឌលបន្តទៀត។ តើចំពោះករណីគ្មានមនុស្សធម៌ និងគ្មានព្រហ្មវិហារធម៌ ចំពោះកុមារខាងលើ អ្នកណាខ្លះដែលបានចូលរួម ចំណែករុញច្រានពួកគេ? បើគ្មានអ្នកឲ្យទានខុស គោលដៅទាំងនោះទេ ពួកគេពិតជាមិនជ្រើសរើស របរសុំទានដ៏សែនស្រួលនេះដែរ ។ តើគួរធ្វើទាននៅទីណា ទើបហៅថាធ្វើទានដោយបញ្ញា? មិនខ្វះទេដូចជា មន្ទីរពេទ្យគន្ធបុប្ផា ដែលជួយព្យាបាល កុមារមិនរើសមុខ មណ្ឌលកុមារកំព្រា ដែលជួយបីបាច់រក្សានិងផ្តល់ ចំណេះដឹងដល់កុមារ ព្រះសង្ឃដូនជី នៅក្នុងវត្ត ចាស់ព្រឹទ្ធាចារ្យជរាទុរគត៌ ពុំមានទីពឹងដែលប្រឹងតស៊ូ រស់នៅដោយកម្លាំង ញើសឈាមពួកគាត់ និងសិស្សក្រីក្រដែលចេះតស៊ូរៀនដើម្បីអនាគតទាំងអស់នេះគឺសុទ្ធតែត្រូវការអ្នកសប្បុរស ជួយគ្នាជាចាំបាច់៕

website_news/2017100701.txt · Last modified: 2017/07/10 14:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki