website_news:2017100702

ស្ត្រីបរទេសម្នាក់ ជាប់ចោទជួញដូរមនុស្ស

http://www.phnompenh-post-news.html Fri, 7 July 2017 នៀម ឆេង

ភ្នំពេញ: នៅក្នុងសវនាការនៃសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ជនជាប់ចោទជាស្ត្រីជនជាតិ ម៉ុលដាវី ម្នាក់បានបដិសេធចំពោះមុខតុលាការនូវបទចោទលើរូបនាងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទឆ្លងដែនមកកាន់ប្រទេសកម្ពុជា តែផ្ទុយទៅវិញដើមបណ្ដឹងបានស្ម័គ្រចិត្តមកធ្វើការនៅស្រុកខ្មែរដោយខ្លួនឯង។ ជនជាប់ចោទបានជាប់ក្នុងពន្ធនាគារជាង ២ ឆ្នាំមកហើយរហូតដល់ពេលនេះ ខណៈដែលសវនាការលើរូបនាងត្រូវបានផ្អាកម្តងជាពីរដងដោយសារគ្មានមេធាវី និងគ្មានអ្នកបកប្រែ។ ក្រោយសួរដេញដោលប្រហែល ២ ម៉ោង ព្រះរាជអាជ្ញា លោក ស៊ិន វិរៈ និយាយថាពិតជាមានបទល្មើសកើតឡើង និងស្នើឲ្យចៅក្រមសម្រេចតាមច្បាប់ ខណៈដែលមេធាវីការពារជនជាប់ចោទបានស្នើឲ្យទម្លាក់បទចោទ។

លោក ស្វាយ តុញ ប្រធានចៅក្រមជំនុំជម្រះបានបិទសវនាការដោយលើកទៅប្រកាសសាលក្រមនៅថ្ងៃទី ២ ខែសីហា។ ជនជាប់ចោទមានឈ្មោះ Bejenari Liundmila ហៅក្រៅថា Linda ភេទស្រីអាយុ ២៦ ឆ្នាំមុខងារជាអ្នកចាត់ការទូទៅនៅហាងលក់ស្រា និងភីហ្សាឈ្មោះ GaDo ត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃសកាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៥ ដោយជាប់ចោទពីបទ «ការនាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅ» តាមមាត្រា ១០ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទដែលតាមមាត្រានេះនាងប្រឈមមុខជាប់ពន្ធនាគារពី ១៥ ទៅ ២០ ឆ្នាំ។

ជនជាប់ចោទថ្លែងថា៖ «ខ្ញុំមិនបានបបួល Christina មកធ្វើការនៅកម្ពុជាទេគឺគាត់ជាជាអ្នកសុំខ្ញុំឲ្យជួយឲ្យគាត់បានមកទីនេះ។ មុនពេលមកយើងបានធ្វើកិច្ចព្រមព្រៀងមួយ។ គាត់បានសរសេរលើកិច្ចព្រមព្រៀងដោយឆន្ទៈរបស់គាត់»។ ការចោទប្រកាន់នេះធ្វើឡើងតាមពាក្យបណ្តឹងរបស់នារីម្នាក់ Christina ជនជាតិ ម៉ុលដាវី អាយុ ១៩ ដែលបានមកធ្វើការនៅកម្ពុជាតាមរយៈឈ្មោះ Linda កាលពីឆ្នាំ ២០១៤។ នៅក្នុងសវនាការ Linda បានប្រាប់តុលាការថានាងបានជួបឈ្មោះ Christina ក្នុងហាងមួយនៅប្រទេស ម៉ុលដាវី។ ពេលនោះឈ្មោះ Christina បានសុំនាងមកធ្វើការជាមួយនៅស្រុកខ្មែរ ប៉ុន្តែដោយសារ Christina គ្មានប្រាក់សម្រាប់ធ្វើដំណើរ នាងក៏បានឲ្យជនរងគ្រោះខ្ចីប្រាក់សម្រាប់ធ្វើលិខិតឆ្លងដែន ទិដ្ឋាការ និងទិញសំបុត្រយន្តហោះ។ នៅក្នុងការយល់ព្រមឲ្យខ្ចីប្រាក់នេះ ភាគីទាំងពីរបានធ្វើកិច្ចព្រមព្រៀងជាមួយគ្នា៕

website_news/2017100702.txt · Last modified: 2017/07/10 14:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki