website_news:2017100703

ឧទ្ធរណ៍ជំនុំជម្រះក្ដីបុរសនាំស្រី្តខ្មែរ ២ នាក់ទៅរៀបការប្ដីនៅចិន

http://www.phnompenh-post-news.html Fri, 7 July 2017 គឹម សារុំ

ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីម្សិលមិញបានបើកសវនាការកំបាំងមុខជនជាប់ចោទម្នាក់ពាក់ព័ន្ធនឹងករណីរត់ការនាំស្ត្រីខ្មែរ ២ នាក់ទៅរៀបការប្តីនៅចិនប្រព្រឹត្តកាលពីឆ្នាំ ២០១៣ ខណៈសាលាដំបូងខេត្តកណ្តាលក៏បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនផងដែរ។

លោកចៅក្រម ប៉ាក ច័ន្ទសំបូរ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអានរបាយការណ៍នគរបាលថាជនជាប់ចោទឈ្មោះ នៅ ស្រូយ ភេទប្រុសអាយុ ៤០ ឆ្នាំបានរត់ការឲ្យនារីខ្មែរ ៥ ទៅ ៦ នាក់ដើម្បីរៀបការប្តីនៅប្រទេសចិនក្នុងខែមីនា និងខែមិថុនាឆ្នាំ ២០១៣ ដោយឲ្យថ្លៃទឹកដោះម្នាក់ ៥០០ ដុល្លារ និងចេញថ្លៃរត់ការឯកសារ។ តាមរបាយការណ៍ដដែលថា លុះដល់រត់ការបានសម្រេចតែ ២ នាក់ហើយជនជាប់ចោទបានដឹកស្ត្រី ២ នាក់ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ពេលទៅដល់ចិនពួកនាងត្រូវបានបុរសជាតិចិនហៅទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ប៉ុន្តែមិនបានរៀបការទេ។

លោក ប៉ាក ច័ន្ទសំបូរ អានបន្តថាក្រោយរស់នៅជាមួយប្តីចិនមួយរយៈក៏ត្រូវប្តីធ្វើបាបដោយដកយកលិខិតឆ្លងដែន និងមិនឲ្យហូបចុកគ្រប់គ្រាន់។ ដោយសាររឿងនេះស្ត្រីរងគ្រោះម្នាក់ឈ្មោះ សំ ចាន់ណា បានទូរស័ព្ទប្រាប់សាច់ញាតិហើយប្តឹងនគរបាលកម្ពុជា និងផ្តល់ដំណឹងទៅចិនទើបរំដោះមកកម្ពុជាវិញបានក៏ដាក់ពាក្យប្ដឹង។ សំណុំរឿងនេះត្រូវសាលាដំបូងខេត្តកណ្តាលផ្តន្ទាទោសកំបាំងមុខនៅថ្ងៃទី ៧ វិច្ឆិកា ២០១៦ ដាក់គុកនៅ ស្រូយ ៧ ឆ្នាំចោទពីបទ «ការនាំចេញដោយមិនស្របច្បាប់ដោយមានគោលដៅ»។

លោកអគ្គព្រះរាជអាជ្ញារង ហ៊ាន រិទ្ធ តំណាងមហាអយ្យការសន្និដ្ឋានថា៖ «រឿងនេះមានសំអាងហេតុ និងសំអាងលើភ័ស្តុតាងគ្រប់គ្រាន់ហើយ «ប៉ុន្តែអង្គហេតុមិនបានបញ្ជាក់ថាជនជាប់ចោទទទួលប្រាក់ពីអំពើនោះទេ។ សូមក្រុមប្រឹក្សាជំនុំជម្រះពិចារណាតាមច្បាប់»។

លោក អ៊ឹង សុខហេង មេធាវីការពារសិទ្ធិជនជាប់ចោទសន្និដ្ឋានថាក្នុងរឿងនេះគ្មានចម្លើយសាក្សីណាម្នាក់បញ្ជាក់ថាកូនក្តីលោកយកលុយពីស្ត្រីទាំងនោះទេ។ លោកបានបញ្ជាក់ថា៖ «តុលាការជម្រះគ្មានវត្តមានកូនក្តីខ្ញុំ និងខ្ញុំជាមេធាវីទេ ដូច្នេះសូមតុលាការដោះលែងកូនក្តីខ្ញុំ និងសុំមោឃភាពសាលក្រមចោល»។

ក្រោយពីបញ្ចប់សវនាការលោក ប៉ាក ច័ន្ទសំបូរ ថ្លែងថាសាលដីកាសំណុំរឿងនេះនឹងប្រកាសនៅថ្ងៃទី ២១ ខែកក្កដា ខាងមុខ៕

website_news/2017100703.txt · Last modified: 2017/07/10 14:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki