website_news:2017100710

ថៃ និងភូមាបង្កើតក្រុមការងាររួមគ្នាដោះស្រាយបញ្ហាពលករ

http://vodhotnews.com/ ដោយ លោក សូរ្យ ជ័យឧត្ដម | ថ្ងៃអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង 3:13 PM

សេចក្ដីរាយការណ៍បានឲ្យដឹងថា ថៃ និងភូមា បានឯកភាពបង្កើតគណៈកម្មាធិការការងាររួមគ្នាមួយ ដើម្បីដោះស្រាយបញ្ហាពលករ ដែលកើតចេញពីភាពច្របូកច្របល់ជុំវិញការអនុវត្តច្បាប់គ្រប់គ្រងពលករបរទេសរបស់ថៃ។ កាសែតបាងកក ប៉ុស្តិ៍ បានចុះផ្សាយថា រដ្ឋមន្ត្រីការងារថៃ លោក ស៊ិរិឆៃ ឌីស្តាគុល បានហោះហើរទៅកាន់ប្រទេសភូមាកាលពីថ្ងៃសុក្រកន្លងមកនេះ ដើម្បីជួបជាមួយរដ្ឋមន្ត្រីការងារភូមា លោក ថេន ស្វេ នៅទីក្រុងណៃពិដោរ ដើម្បីជជែកអំពីច្បាប់ពលករចំណាកស្រុកថ្មី។ បាងកក ប៉ុស្តិ៍បន្តថា ជំនួបនេះកើតឡើងក្រោយពីមានភាពច្របូកច្របល់អស់រយៈពេលមួយសប្ដាហ៍មកហើយ ដែលនាំរដ្ឋាភិបាលយោធាថៃបង្ខំចិត្តផ្អាកការអនុវត្តបទប្បញ្ញត្តិថ្មីដ៏តឹងរឹងក្នុងរយៈពេល ៦ខែ ក្រោយពីពលករចំណាកស្រុករាប់ម៉ឺននាក់ ភ័យខ្លាច និងចាកចេញពីប្រទេសថៃ។

អគ្គនាយកនៃអគ្គនាយកដ្ឋានជ្រើសរើសពលរថៃ លោក វ៉ារ៉ាណុន ភីធីវ៉ាន បានប្រាប់បាងកក ប៉ុស្តិ៍ថា ថៃបានស្នើទៅភូមាឲ្យពន្លឿនការបញ្ជាក់អត្តសញ្ញាណពលករ និងចេញប័ណ្ណសម្គាល់ពួកគេ ដែលមានតម្លៃស្មើនឹងលិខិតឆ្លងដែន សម្រាប់ពលករដែលគ្មាន ដើម្បីអាចឲ្យពួកគេធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃ។ ពលករអន្តោប្រវេសន៍ប្រហែល ៤លាននាក់ ត្រូវបានគេប៉ាន់ប្រមាណថា កំពុងធ្វើការនៅក្នុងប្រទេសថៃ ក្នុងពលករចន្លោះពី ១ ទៅ ២លាននាក់ ត្រូវបានគេជឿថា ពុំមានឯកសារស្របច្បាប់៕

website_news/2017100710.txt · Last modified: 2017/07/10 15:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki