website_news:2017100804

សម្តេច ស ខេង ស្នើឲ្យរដ្ឋមន្ត្រីយុត្តិធម៌ពន្លឿនការកាត់ក្តីរឿងជួញដូរមនុស្ស

http://kleykley.sabay.com.kh/article/ ថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៧ ម៉ោង 11:37

សម្តេចក្រឡាហោម ស ខេង បានស្នើផ្ទាល់មាត់ទៅលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យពន្លឿនដំណើរការកាត់ក្តីចំពោះសំណុំរឿងជួញដូរមនុស្សឲ្យបានលឿន ព្រោះមានសារៈសំខាន់ដល់ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជានយោបាយជាតិ។

ការជំរុញនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយឯកសារគោល នៃផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសម្រាប់អនុវត្តឆ្នាំ២០១៧-២០១៨ ព្រឹកថ្ងៃទី០៩ ខែសីហានេះ នៅទីស្តីការក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះ សម្តេចក៏បានឲ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខិតខំការបង្ការទប់ស្កាត់ ពីព្រោះវាជាបញ្ហាធំ។ បើបង្ការទប់ស្កាត់មិនបានទេ បទល្មើសជួញដូរ នឹងកាន់តែធំ និងស្មុគស្មាញ។

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស បានថ្លែងថា អំពើជួញដូរមនុស្សបាននឹងកំពុងតែលេចចេញនូវរូបភាពថ្មីៗ ដែលចាំបាច់ត្រូវរិះរកសកម្មភាពថ្មីដែលឆ្លើយតបទៅនឹងបញ្ហាបានល្អប្រសើរ។ លោកស្រីបន្តថា អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានសហការជាមួយអង្គការវិនរ៉ក់អន្តរជាតិ ដើម្បីឲ្យអ្នកជំនាញវាយតម្លៃឯករាជ្យ ធ្វើការសិក្សាវាយតម្លៃអំពីប្រសិទ្ធភាព និងផលប៉ះពាល់ ឬចំណុចខ្វះខាតផ្សេងៗ ដែលអាចឈានទៅដល់ការតម្រង់ទិសកែលម្អ ការអនុវត្តនៅពាក់កណ្តាលអាណត្តិ នៃផែនការបន្តទៅទៀតសម្រាប់ឆ្នាំ២០១៧-២០១៨៕ អត្ថបទ៖ សោភា

website_news/2017100804.txt · Last modified: 2017/09/05 12:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki