website_news:2017100807

ពលករខ្មែរខុសច្បាប់ជាង២សែននាក់ស្វះស្វែងចុះបញ្ជីជាពលករស្របច្បាប់នៅថៃ

http://www.rfa.org/khmer/news/human-rights/ ដោយ មាន ឫទ្ធិ 2017-08-09

ពលករចំណាកស្រុកមិនទាន់ស្របច្បាប់នៅប្រទេសថៃ ជិត ៨សែននាក់ (៧៧២.២៧០) ត្រូវបាននិយោជកថៃ ជិត ២សែន (១៩៣.៩១៨) ស្នើសុំចុះបញ្ជីចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី៧ ខែសីហា។

កាសែតបាងកក ប៉ុស្តិ៍ (Bangkok Post) រាយការណ៍ថា ពលករចំណាកស្រុកខ្មែរមិនទាន់ស្របច្បាប់មានចំនួនច្រើនជាងគេទីពីរ ដែលមានចំនួនជិត ២៩% ឬស្មើនឹងជាង ២សែន ២ម៉ឺននាក់ (២២២.៨៧៧) បន្ទាប់ពីពលករចំណាកស្រុកមិនទាន់ស្របច្បាប់របស់មីយ៉ាន់ម៉ា ឬភូមា មានជិត ៧០% និងពលករចំណាកស្រុកមិនទាន់ស្របច្បាប់មកពីប្រទេសឡាវ ឈរនៅលំដាប់ថ្នាក់ទីបី ឬស្មើនឹង ១២,៦%។ កាសែតបាងកកប៉ុស្តិ៍ ដដែលរាយការណ៍ឲ្យដឹងនៅថ្ងៃអង្គារនេះថា ភាគច្រើននៃពលករទាំងនោះបម្រើការងារក្នុងវិស័យសំណង់ កសិកម្ម ម្ហូបអាហារ សេវាកម្ម និងការងារនៅតាមផ្ទះ។ ពួកគេភាគច្រើនបម្រើការងារនៅទីក្រុងបាងកក ខែត្រឈុនប៊ូរី (Chonburi) ខែត្រសាមុទ្រប្រាកាន (Samut Prakan) ខែត្រប៉ាទុមថានី (Pathum Thani) និងខែត្ររ៉ៃយ៉ង (Rayong)។

កាសែតឲ្យទៀតថា និយោជកថៃ ទាំងឡាយណាដែលខកខានក្នុងការរាយការណ៍អំពីចំនួនពលករចំណាកស្រុកមិនទាន់ស្របច្បាប់ទាំងនេះ ទៅកាន់អាជ្ញាធរក្នុងអំឡុងពេលរៀបចំឯកសារចុះបញ្ជីថ្មី ចន្លោះថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា នេះ នឹងបាត់បង់នូវឱកាសអនុគ្រោះដែលផ្ដល់ដោយរដ្ឋាភិបាល។ ពលករមិនទាន់ស្របច្បាប់ទាំងនោះ នឹងត្រូវចាប់បញ្ជូនមកប្រទេសកំណើតរបស់ពួកគេវិញ។

ក្រឹត្យច្បាប់ថ្មីស្ដីពីការផ្ដល់ការងារដល់ពលករចំណាកស្រុកបរទេសខុសច្បាប់ តម្រូវឲ្យមានការពិន័យនិយោជកជាសាច់ប្រាក់រហូតដល់ ៨សែនបាត ឬជាងពីរម៉ឺនដុល្លារអាមេរិក សម្រាប់ពលករខុសច្បាប់ម្នាក់។ ការពិន័យនេះ ត្រូវផ្អាកអនុវត្តរហូតដល់ចុងឆ្នាំនេះ រង់ចាំដំណើរការធ្វើឲ្យស្របច្បាប់ឡើងវិញចំពោះពលករចំណាកស្រុកមិនទាន់ស្របច្បាប់ដែលទើបចុះបញ្ជីថ្មីនេះ។

សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ផ្សាយកាលពីថ្ងៃទី៧ សីហា ឲ្យដឹងថា ចាប់ពីថ្ងៃទី៨ ខែសីហា ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ នេះ គឺជាដំណាក់កាលមួយសម្រាប់ពលករកម្ពុជា ដែលមិនទាន់ស្របច្បាប់ត្រូវទៅបង្ហាញខ្លួននៅការិយាល័យទាំង ៩៧កន្លែងរបស់ភាគីថៃ ដើម្បីទទួលបានលិខិតបញ្ជាក់ពីក្រសួងការងារថៃ។

អាជ្ញាធរខ្មែរធ្លាប់ឲ្យដឹងថា បច្ចុប្បន្ននេះពលករខ្មែរដែលកំពុងបម្រើការងារនៅក្នុងប្រទេសថៃ មានប្រមាណ ១,៥លាននាក់ ក្នុងនោះមានពលករប្រមាណ ៧៥ម៉ឺននាក់ មានភាពស្របច្បាប់ និងប្រមាណ ៣០ម៉ឺននាក់ផ្សេងទៀតមិនទាន់ស្របច្បាប់នោះទេ៕

website_news/2017100807.txt · Last modified: 2017/09/06 12:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki