website_news:2017100808

ពលករកម្ពុជាទៅចុះបញ្ជីជាកម្មករស្របច្បាប់នៅថៃតិចជាងការរំពឹងទុក

http://www.v-o-d-news.html ដោយ VOD Admin | ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០១៧ ម៉ោង 4:43 PM

ក្រសួងការងារបានជូនដំណឹងថា ពលករកម្ពុជាមិនទាន់ស្របច្បាប់ដែលកំពុងធ្វើការនៅថៃទៅចុះបញ្ជីបានជាង២០ម៉ឺននាក់នោះ គឺទាបជាងការរំពឹងទុក ខណៈនៅជាង១០ម៉ឺននាក់ទៀត កំពុងតែរស់នៅ និង ធ្វើការងារទាំងខុសច្បាប់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារកម្ពុជាចេញផ្សាយនៅថ្ងៃទី៧ ខែ សីហា ឲ្យដឹងថា ពលករខ្មែរខុសច្បាប់ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃមានជាង៣០ម៉ឺន ប៉ុន្តែក្នុងរយៈពេលដែលតម្រូវចុះបញ្ជីទទួលភាពស្របច្បាប់ចាប់ពីថ្ងៃទី២៤ខែកក្កដាដល់ថ្ងៃទី៧ខែសីហា មានអ្នកចុះឈ្មោះបានតែ២០ម៉ឺននាក់(២០៣ ៧៣២នាក់) នៅសល់ប្រមាណ១០ម៉ឺននាក់ទៀត។

ចំណែកមន្រ្តីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុក នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា មូលហេតុដែលពលករខុសច្បាប់ចុះបញ្ជីបានតិចនេះ ដោយសារខ្វះការផ្សព្វផ្សាយ ការប្រើវេលា និងប្រាក់ច្រើន។

កាលពីខែកក្កដាកន្លងទៅ រដ្ឋាភិបាលថៃរៀបចំឲ្យពលករខុសច្បាប់ដែលធ្វើនៅក្នុងប្រទេសនេះទាំងអស់បំពេញលក្ខខណ្ឌដើម្បីទទួលបានភាពច្បាប់។ និតិវិធីបំពេញលក្ខខណ្ឌមាន ៣ដំណាក់កាល គឺទី១ ថៅកែថៃទៅចុះឈ្មោះពលករពីថ្ងៃទី ២៤ កក្កដា ដល់ ថ្ងៃទី ០៧ សីហា ទី២ ពីថ្ងៃទី ០៨ សីហា ដល់ថ្ងៃទី ០៩កញ្ញា ពលករត្រូវទៅបង្ហាញខ្លួននៅការិយាល័យទាំង៩៧កន្លែង និង ចុងក្រោយ ពលករ ស្នើសុំលិខិត ស្នាក់នៅ និងបណ្ណការងារ ពីគណៈកម្មការផ្តល់ភាពស្របច្បាប់ និងមន្ត្រីអន្តោប្រទេស និងក្រសួងការងារថៃ៕ ហូ តុងហាន់

website_news/2017100808.txt · Last modified: 2017/09/06 12:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki