website_news:2017100811

ពលករកម្ពុជាបានផ្ញើលុយមកស្រុកជិត២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ,រាជរដ្ឋាភិបាលអនុញ្ញាតក្រុមហ៊ុន៦ជ្រើសរើសពលការនីជំនួយការផ្ទះទៅធ្វើការនៅហុងកុង

http://www.rasmei-kampuchea-news.html August 10, 2017

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជាអាចដាក់ពាក្យស្នើសុំទៅធ្វើការនៅហុងកុង ក្រុមហ៊ុនឯកជនមួយលើកឡើងថា ពលករដែលមានបំណង និងកំពុងត្រៀមចេញទៅបម្រើការងារនៅទីនោះ ត្រូវទទួលវគ្គបណ្តុះបណ្តាលជំនាញយ៉ាងតិច៦០០ម៉ោង មុននឹងចាកចេញ ដើម្បីឲ្យយល់ដឹងបន្ថែមអំពីទម្លាប់ការរស់នៅ វប្បធម៌ប្រពៃណី និងភាសាជាដើម។

លោកស្រី អ៊ឹង ស៊ាងរិទ្ធី នាយិកាក្រុមហ៊ុន អ៊ឹងរិទ្ធី គ្រុប បានឲ្យដឹងដូច្នេះ នៅក្រោយសិក្ខាសាលាស្តីពីការផ្សព្វផ្សាយនិងនីតិវិធីនៃការជ្រើសរើសបណ្តុះបណ្តាលបញ្ជូន និងគ្រប់គ្រងពលការិនីជំនួយការ មេផ្ទះទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧កន្លងទៅ នៅរាជធានីភ្នំពេញ។ លោកស្រីឲ្យដឹងទៀតថា ការបណ្តុះបណ្តាល បញ្ជូននិងគ្រប់គ្រងពលការិនីជំនួយ ការមេផ្ទះខាងលើនេះ មានដូចជា៖ បណ្តុះបណ្តាលជំនាញការងារផ្ទះ, ភាសា, ការដាំស្ល, ការងារថែទាំ មនុស្សចាស់និងកូនក្មេង, សីលធម៌និងការរស់នៅ, ការហាត់ប្រាណប្រចាំថ្ងៃ និងច្បាប់ប្រទេសទទួល និងសិទ្ធិជាមូលដ្ឋាន។ លោកស្រីនាយិកាឲ្យដឹងថា ក្រោយទទួលបានសិទ្ធិពីហុងកុងរួចមក ក្រុមហ៊ុនលោកស្រីទទួលបាន ការចាប់អារម្មណ៍និងចុះឈ្មោះពីពលករខ្មែរប្រមាណជាង១០នាក់។ ដោយឡែក ចំពោះពេលវេលាដែល គ្រោងបញ្ជូនពលករចេញទៅ លោកស្រីបញ្ជាក់បន្ថែមថានឹងបញ្ជូនទៅពេលឆាប់ៗខាងមុខនៅក្រោយ ក្រុមហ៊ុនរៀបចំបែបបទឯកសារក្នុងការបញ្ជូន។

តាមប្រសាសន៍របស់លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើង បច្ចុប្បន្នប្រទេសកម្ពុជាបានបញ្ជូនពលករទៅបម្រើការងារនៅបរទេសចំនួន៥ប្រទេស រួមមាន៖ ប្រទេសម៉ាឡេស៊ី ថៃ កូរ៉េ ជប៉ុន និងសឹង្ហបុរី ដែលមានពលករសរុបចំនួន១លាន ១៥ម៉ឺននាក់ ហើយកន្លងមកពលករទាំងនោះបានផ្ញើថវិកាមកកម្ពុជាដើម្បីទ្រទ្រង់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ ប្រមាណជិត២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ នៅពេលបញ្ចប់កិច្ចសន្យាការងារ និងវិលត្រឡប់មកកម្ពុជា វិញ ពួកគាត់នឹងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ពីព្រោះតាមរយៈការ ធ្វើការងារនៅបរទេសមិនត្រឹមតែអាចរកប្រាក់ចំណូលបានបន្ថែមទេ ប៉ុន្តែព្រមទាំងទទួលបាននូវជំនាញ បទពិសោធន៍ និងចំណេះដឹងផ្នែកភាសាទៀតផង។

គួររម្លឹកថាកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ តំបន់រដ្ឋបាលពិសេស ហុងកុងបានអនុញ្ញាតជាផ្លូវការសម្រួលនូវបែបបទឯកសារស្នើសុំទិដ្ឋាការរបស់ប្រជាពលរដ្ឋកម្ពុជា ហើយបន្ទាប់មកនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជាអាចដាក់ពាក្យស្នើសុំទៅ ធ្វើការនៅហុងកុងបានស្របតាមគោលនយោបាយមុខរបរនិងការងារទូទៅ និងរបបការងារបន្ថែមរបស់ ទីក្រុងហុងកុង។

ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យទីភ្នាក់ងារជ្រើសរើសកម្ពុជាចំនួន៦ ធ្វើការជ្រើសរើសបញ្ជូនពលការនីជំនួយការផ្ទះទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង។ក្រុមហុនទាំងនោះរួមមាន៖ ក្រុមហ៊ុនថប មេនផៅវ័រ (Top Manpower Co., Ltd) , ក្រុមហ៊ុនអានីរីតា បេស មែនផៅវ័រ (Anny Rita Best Manpower Co., Ltd), ក្រុមហ៊ុនអ៊ឹង រិទ្ធី គ្រុប (Ung Rithy Group Co., Ltd), ក្រុមហ៊ុនអេលីត មេនផៅវ័រ អេជេនស៊ី (Elite Manpower Agency Co., Ltd), ក្រុមហ៊ុនវីន វីន មេនផៅវ័រ (Win Win Manpower Service Co., Ltd) និង ក្រុមហ៊ុនសុខលាភ មេត្រី (Sok Leap Metrey Co., Ltd)៕ដោយ៖ ពៅ និមល/sn

website_news/2017100811.txt · Last modified: 2017/09/06 12:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki