website_news:2017100812

ហុងកុង ត្រូវការពលករកម្ពុជា ២០០០នាក់ ទៅធ្វើជា ជំនួយការមេផ្ទះ

http://www.daem-ampil-news.html ព្រហស្បតិ៍, ១០ សីហា ២០១៧ 12:29 ដោយ: ហង្ស ទេព ID:014

ភ្នំពេញ៖រដ្ឋាភិបាលនៃទីក្រុងហុងកុង នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ហុងកុង មានតម្រូវការស្រ្តី ជាជំនួយការមេផ្ទះ ប្រមាណពី១ពាន់ ទៅ២ពាន់នាក់ ដើម្បីទៅធ្វើការ នៅតំបន់រដ្ឋបាលពិសេសហុងកុង។ ក្នុងសន្និសីទកាសែត ក្រោយជំនួបសម្តែងការគួរសម រវាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក ឡូវ ជីក្វ័ង (Law Chi Kwong) រដ្ឋលេខាធិការ នៃការិយាល័យ ទទួលបន្ទុកវិស័យការងារ និងសុខុមាលភាពតំបន់ រដ្ឋបាលពិសេសហុងកុង បានបញ្ជាក់ថា សព្វថ្ងៃនៅហុងកុង មានពលករបរទេសបម្រើការងារផ្ទះ ជាង៣៥ម៉ឺននាក់ ភាគច្រើនជាជនជាតិហ្វីលីពីន និងឥណ្ឌូនេស៊ី ហើយពលករទាំងនោះ ទទួលបានសិទ្ធិ និង លក្ខខណ្ឌការងារ ដូចពលករជនជាតិហុងកុងដែរ។

លោកថា ដោយឡែកពលករកម្ពុជា ក៏នឹងទទួលបានសិទ្ធិ និងលក្ខខណ្ឌការងារ ដូចទៅនឹងពលករទាំងនោះផងដែរ មានដូចជា៖ ការសម្រាកមួយថ្ងៃក្នុងមួយសប្តាហ៍ ឈប់សម្រាក ដោយទទួលបានប្រាក់ឈ្នួល ចំនួនពី៧ថ្ងៃទៅ១៤ថ្ងៃ ក្នុងមួយឆ្នាំ ការគាំពារពេលមានផ្ទៃពោះ ចំនួន១០សប្តាហ៍ ការធានារ៉ាប់រងពេលមានជំងឺ និងបន្ថែមប្រាក់លើកទឹកចិត្ត សម្រាប់ពលការិនី និងពលករដែលបម្រើការងារយូរឆ្នាំ។

លោកបណ្ឌិត អ៊ិត សំហេង វិញបានមានប្រសាសន៍ថា ចុងឆ្នាំខាងមុខ នឹងមានពលការិនីកម្ពុជា ចេញដំណើរទៅហុងកុងជាលើកដំបូង ដើម្បីធ្វើការងារ ជាស្រ្តីជំនួយការមេផ្ទះ បន្ទាប់ពី លោករដ្ឋមន្រ្តី បានធ្វើទស្សនកិច្ចសិក្សា នៅតំបន់នោះរួចមក ដើម្បីស្វែងយល់បន្ថែម លក្ខខណ្ឌការងារច្បាប់ និងបទបញ្ញត្តិផ្សេងៗ សំដៅធ្វើយ៉ាងណា ដើម្បីធានាពលករកម្ពុជា អាចទទួលបានលក្ខខណ្ឌការងារ និងការការពារសិទ្ធិ បានល្អប្រសើរនៅទីនោះ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាត ឲ្យទីភ្នាក់ងារជ្រើសរើសពលករចំនួន៦ ដើម្បីបញ្ជូនពលការិនី ជំនួយការមេផ្ទះ ទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង ក្នុងនោះមានទីភ្នាក់ងារខ្លះ មានបទពិសោធន៍ ក្នុងការជ្រើសរើសបណ្តុះបណ្តាលបញ្ជូន និងគ្រប់គ្រងពលការិនី ជំនួយការមេផ្ទះ នៅប្រទេសសិង្ហបុរី នាពេលកន្លងមក និងមានមួយចំនួនទៀត ជាទីភ្នាក់ងារមានការគ្រប់គ្រងបានល្អ និងពុំសូវមានវិវាទជាមួយពលករ៕

website_news/2017100812.txt · Last modified: 2017/09/06 12:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki