website_news:2017100814

ពលករខ្មែរ១០០០នាក់ ដែលរដ្ឋាភិបាលគ្រោងបញ្ជូនទៅធ្វើការនៅហុងកុង នឹងទទួលបានប្រាក់ខែជាង៥០០ដុល្លារ

https://thmeythmey.com/ 10, Aug 2017 , 2:03 ដោយ: រំដួល ចិត្រា (Romdoul Chetra)

ភ្នំពេញ៖ រដ្ឋាភិបាល គ្រោងបញ្ជូនពលករ្មខ្មែរ១០០០នាក់ ទៅបម្រើការងារនៅតំបន់រដ្ឋបាលពិសេសហុងកុង នៅចុងឆ្នាំ២០១៧នេះ។ ពលករខ្មែរដែលត្រូវបម្រើការងារនៅទីនោះ នឹងទទួលបានប្រាក់ខែជាង៥០០ដុល្លារ។

បន្ទាប់ពីពិនិត្យឃើញថា លក្ខខណ្ឌការងាររបស់ហុងកុង មានលក្ខណៈគាំពារដល់ពលករបរទេសនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងជ្រើសរើសពលរដ្ឋខ្មែរ១០០០នាក់ជាលើកដំបូង បញ្ជូនទៅធ្វើការនៅហុងកុង តាមរយៈកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ។ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បាននិយាយថា ពលករខ្មែរ ដែលបញ្ជូនទៅធ្វើការងារនៅហុងកុង នឹងអាចទទួលបានប្រាក់ខែពី៥៥០ដុល្លារឡើងទៅ ហើយពួកគេក៏ទទួលបានការធានាដល់សុវត្ថិភាពក្នុងពេលបំពេញការងារ ,ការថែទាំសុខភាព, ការឈប់សម្រាកត្រឹមត្រូវ និងការគាំពារអត្ថប្រយោជន៍ផ្សេងៗផងដែរ។

ថ្លែងក្នុងសន្និសីទកាសែត ក្រោយជំនួបរដ្ឋមន្ត្រីការងារហុងកុង នៅព្រឹកថ្ងៃទី១០ សីហា នេះ លោក អ៊ិត សំហេង បានបញ្ជាក់ដូច្នេះថា៖«ធ្វើយ៉ាងណាឲ្យក្រុមពលករ ដែលយើងបញ្ជូនទៅហុងកុងជាលើកដំបូងរបស់យើងនេះ អាចនឹងក្លាយទៅជាក្រុមមួយ ដែលផ្ដល់ជាសារដ៏ល្អមួយសម្រាប់និយោជក ក៏ដូចជាពលករដទៃទៀត សម្រាប់ទីផ្សារការងាររបស់យើងនៅហុងកុង។ ហើយក្រៅពីនេះយើងក៏ពិភាក្សាគ្នាពីយន្តការ នៃការសហការរវាងអាជ្ញាធរហុងកុង និងអគ្គកុងស៊ុលកម្ពុជា នៅទីក្រុងហុងកុង ក្នុងការដោះស្រាយបញ្ហាផ្សេងៗ នៅពេលដែលមានបញ្ហាណាមួយកើតឡើង»។

បើតាមរដ្ឋមន្ត្រីក្រសួងការងារ ពលករខ្មែរដែលត្រូវបញ្ជូនទៅធ្វើការនៅហុងកុង មានអាណត្តិត្រឹម២ឆ្នាំសម្រាប់បំពេញការងារ ។ បន្ថែមពីនេះលោក អ៊ិត សំហេង បាននិយាយថា ការបញ្ជូនពលករខ្មែរឲ្យទៅធ្វើការនៅហុងកុងនេះ មិនមែនមានន័យថា កម្ពុជាខ្វះការងារឲ្យពលករខ្មែរធ្វើការនោះទេ ប៉ុន្តែវាជាឱកាសសម្រាប់ពលករខ្មែរទៅវិញ ដែលអាចមានការងារធ្វើ និងទទួលបានប្រាក់ខែខ្ពស់ ដើម្បីជួយលើកកម្ពស់ដល់គ្រួសារ។

«ខាងភាគីហុងកុងក៏ត្រូវការកម្លាំងពលកម្ម ហើយខាងកម្ពុជាយើងក៏ត្រូវការមានឱកាសការងារល្អៗសម្រាប់ប្រជាពលរដ្ឋយើង។ ជាការពិតទៅខ្ញុំចង់ជម្រាបដែរថា ការងារក្នុងប្រទេសយើងក៏មិនខ្វះកន្លែងធ្វើទេ ឱកាសការងារនៅក្នុងប្រទេសពិតជាមានច្រើន ប៉ុន្តែឱកាសនៅខាងក្រៅប្រទេសក៏មិនត្រូវរំលងដែរ ដើម្បីបើកជូនប្រជាពលរដ្ឋយើង ដែលមានបំណងទៅធ្វើការនៅខាងក្រៅ។ នេះជានយោបាយរបស់រដ្ឋាភិបាល»។ នេះជាការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងការងារ។

រដ្ឋមន្ត្រីក្រសួងការងារតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេសហុងកុងលោក ឡោ ឈីខ្វុង បាននិយាយថា ហុងកុងត្រូវការកម្លាំងពលកម្ម ដើម្បីជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច។ ដូច្នេះការទទួលយកកម្លាំងពលករខ្មែរ ១០០០នាក់នេះ វាពិតជាមានសារៈសំខាន់សម្រាប់ដំណើការសេដ្ឋកិច្ចរបស់ហុងកុង។ លោក ឡោ ឈីខ្វុង ក៏ធានាពីលក្ខខណ្ឌការងារហុងកុង សម្រាប់ពលករកម្ពុជាដែរ។ «ពលករខ្មែរ ដែលទៅធ្វើការងារនៅហុងកុង ក៏ទទួលបានប្រាក់ខែ ៥៥០ដុល្លារឡើងទៅដូចពលករបរទេសដទៃទៀតដែរ។ ហើយមានពេលឈប់សម្រាកប្រចាំសប្ដាហ៍ ឈប់សម្រាកប្រចាំឆ្នាំ និងពេលមាតុភាព។ ហើយហុងកុងនឹងការពារពលករខ្មែរតាមផ្លូវច្បាប់ដូចគ្នានឹងពលករដទៃទៀត ជាពិសេសហុងកុង និងសហការយ៉ាងជិតស្និតជាមួយអគ្គកុងស៊ុល ដោះស្រាយបញ្ហាពលករខ្មែរផងដែរ»។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងការងារហុងកុង។

ពលករបរទេសដែលកំពុងបម្រើការតាមផ្ទះនៅប្រទេសហុងកុង មានប្រមាណ ៣៥៧,០០០ នាក់ ភាគច្រើនមកពីប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី ដែលទទួលបានសិទ្ធិ និងលក្ខណ្ឌការងារដូចទៅនឹងប្រជាជនហុងកុងដែរ។

បច្ចុប្បន្នពលករខ្មែរ ដែលទៅបម្រើការងារនៅក្រៅប្រទេសមានចំនួន១លាន ៥ម៉ឺននាក់ និងអាចរកចំណូលសរុបប្រមាណ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នេះបើតាមក្រសួងការងារ ដែលបានបន្ថែមថា ពលករខ្មែរកំពុងធ្វើការនៅក្រៅប្រទេសនោះមានដូចជា៖ ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន និងសិង្ហបូរីផងដែរ៕

website_news/2017100814.txt · Last modified: 2017/09/06 13:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki