website_news:2017101101

កំពូលជម្រះក្ដីបុរសចិន ២ នាក់រឿងនាំស្ត្រីខ្មែររៀបការប្ដី

http://www.postkhmer.com Thu, 9 November 2017 គឹម សារុំ

ភ្នំពេញៈ តុលាការកំពូលកាលពីម្សិលមិញបានបើកសវនាការជំនុំជម្រះជនជាតិចិន ២ នាក់ពាក់ព័ន្ធនឹងករណីប៉ុនប៉ងនាំស្ត្រីខ្មែរ ៤ នាក់ទៅរៀបការប្តីនៅប្រទេសចិនប្រព្រឹត្តនៅឆ្នាំ ២០១៤ ដែលនារីរងគ្រោះត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមរបាយការណ៍នគរបាលយុត្តិធម៌បានបង្ហាញថាបុរសជាតិចិនឈ្មោះ HUDEHUA អាយុ ៣៩ ឆ្នាំមានប្រពន្ធខ្មែរ និងម្នាក់ទៀតឈ្មោះ XIE TAO SHENG អាយុ ៥៨ ឆ្នាំបានរត់ការរៀបចំឯកសារនៅស្ថានទូតចិនប្រចាំកម្ពុជា ឯស្ត្រីខ្មែរ ៤ នាក់មានអាយុចាប់ពី ២១ ដល់អាយុ ២៤ ឆ្នាំ។ អង្គហេតុបង្ហាញបន្តថាក្រោយពីរត់ការបំពេញបែបបទចប់ឈ្មោះ XIE TAO SHENG បានឲ្យឈ្មោះ HU DE HUA នាំស្ត្រីរងគ្រោះទាំង ៤ នាក់ធ្វើដំណើរកាត់តាមក្រុងប៉ោយប៉ែត តែត្រូវសមត្ថកិច្ចឃាត់នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៤ ។

សំណុំរឿងនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសផ្តន្ទាទោសម្នាក់ៗ ៧ ឆ្នាំនៅថ្ងៃទី ២ កញ្ញាឆ្នាំ ២០១៥ ដោយចោទពីបទ «ប៉ុនប៉ងនាំចេញសម្រាប់ឆ្លងដែន» តែជនជាប់ចោទមិនសុខចិត្តប្តឹងមកឧទ្ធរណ៍ ហើយត្រូវសាលាឧទ្ធរណ៍តម្កល់សាលក្រមដដែល។ ជនជាប់ចោទ HU DE HUA បានប្រាប់ចៅក្រមថាគាត់ធ្វើការក្នុងរោងចក្រកាត់ដេរ និងមានប្រពន្ធខ្មែរហើយមានកូនតូច ៥ នាក់ឯស្ត្រីទាំង ៤ នាក់ក៏ជាកម្មកររោងចក្រដែរ។ ពេលនោះគាត់ត្រូវឈ្មោះ ឆាយ ពឹងឲ្យជួយនាំស្ត្រីរងគ្រោះទៅដាក់ត្រឹមទល់ដែនកម្ពុជា-ថៃ គេឲ្យ ២០០ ដុល្លារគាត់ក៏នាំទៅ។ ជនជាប់ចោទបន្តទៀតថាពួកគេបានពឹងឲ្យគាត់ជួយរត់ការបំពេញបែបបទដើម្បីទៅរៀបការប្តីនៅប្រទេសចិន ហើយបុរសជនជាតិចិនឈ្មោះ ឆាយ បានទូរស័ព្ទប្រាប់ខ្លួនឲ្យនាំពួកនាងទៅព្រំដែនប៉ោយប៉ែត។ «ខ្ញុំពិតជាដឹងកំហុសហើយសូមតុលាការពិចារណាផង»។

ចំពោះឈ្មោះ XIE TAO SHENG ក៏ប្រាប់ចៅក្រមដែរថាគាត់មកកម្ពុជាក្នុងឆ្នាំ ២០១០ ហើយមុនកើតហេតុគាត់ត្រូវឈ្មោះ ឆាយ ផ្តាំផ្ញើឲ្យជួយចាត់ចែងស្ត្រីទាំងនោះគេនឹងឲ្យលុយតែមិនទាន់ទទួលលុយផងក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន។

លោកព្រះរាជអាជ្ញា ជុំ សំបាន តំណាងមហាអយ្យការសន្និដ្ឋានថារឿងនេះឆ្លងតាមអង្គហេតុបង្ហាញថាជនជាប់ចោទត្រូវសមត្ថកិច្ចចាប់ក្នុងបទល្មើសជាក់ស្តែង។ «ដូច្នេះសាលាឧទ្ធរណ៍ផ្ដន្ទាទោសជនជាប់ចោទទាំង ២ នាក់ត្រឹមត្រូវហើយ»។

លោក អ៊ី ចំរើន មេធាវីការពារសិទ្ធិឲ្យឈ្មោះ XIE TAO SHENG សន្និដ្ឋានថា កំណត់ហេតុដែលសមត្ថកិច្ចកសាងគ្មានការបកប្រែច្បាស់លាស់ទេ ហើយរឿងនេះកូនក្តីលោកបដិសេធរហូត។ តែតុលាការនៅតែជឿរបាយការណ៍នោះដដែល។ លោកថា៖ «នារីរងគ្រោះពួកគេស្ម័គ្រចិត្តទេ ព្រោះពួកគេថាឃើញនារីខ្មែររៀបការប្តីចិនមានជីវភាពធូរធារ ដូច្នេះពួកគេពឹងឲ្យកូនក្តីខ្ញុំជួយ។

ម្យ៉ាងតុលាការចោទកូនក្តីខ្ញុំពុំមានធាតុផ្សំគ្រប់គ្រាន់ទេសូមតុលាការកំពូលបង្វិលសំណុំរឿងនេះទៅសាលាឧទ្ធរណ៍ជម្រះឡើងវិញ»។ ក្រោយជំនុំជម្រះលោក ចៅក្រម ស៊ឹង បញ្ញាវុឌ្ឍ ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថាសាលដីកានឹងប្រកាសនៅថ្ងៃទី ១៧ ខែវិច្ឆិកាខាងមុខ៕

website_news/2017101101.txt · Last modified: 2017/11/10 13:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki