website_news:2017101104

កុមារខ្មែរជាច្រើននាក់មិនបានចូលសាលាខណៈឪពុកម្ដាយយកតាមពេលធ្វើការនៅថៃ

http://www.rfa.org/khmer/news ដោយ អាស៊ីសេរី 2017-11-08

កុមារខ្មែរជាច្រើននាក់ មានអាយុចន្លោះពី៦ ទៅ ១០ឆ្នាំ ដែលទៅតាមឪពុកម្ដាយធ្វើការងារនៅទីក្រុងបាងកក ប្រទេសថៃ ប្រឈមមុខជួបគ្រោះ មិនចេះអក្សរនៅពេលអនាគត ព្រោះពួកគេភាគច្រើនមានអាយុជិត ១០ឆ្នាំទៅហើយ នៅមិនបានចូលសាលារៀនដូចកូនអ្នកដែលមានជីវភាពធូរធារ នៅកម្ពុជានោះឡើយ។ តើមូលហេតុអ្វីបានជាឪពុកម្ដាយចាំបាច់យកកូនទៅធ្វើការជាមួយ ដោយមិនបានឲ្យរៀនសូត្របែបនេះ?

តាំងពីម៉ោង ៧ព្រឹក ទល់ព្រលប់ស្ទើររៀងរាល់ថ្ងៃ ក្រុមពលករខ្មែរដែលធ្វើការនៅទីក្រុងបាងកកភាគច្រើន ពួកគេហាក់មិនបានយកចិត្តទុកដាក់រឿងការអប់រំ ប្រៀនប្រដៅដល់កូនៗ របស់ពួកគេនោះទេ ដោយឪពុកចេញទៅធ្វើការបាត់ ចំណែកឯម្ដាយក៏ទៅធ្វើការដោយខ្លួន ហើយទុកកូនរបស់ពួកគេ ឲ្យរស់នៅឯកោតាមយថាកម្មនៅក្នុងផ្ទះដែលមានបន្ទប់តូច ធ្វើពីស័ង្កសីមើលថែដោយខ្លួនឯង។ កំពុងសម្រាកនៅក្នុងបន្ទប់ស្នាក់នៅជាមួយប្រពន្ធ និងកូនតូច ២នាក់ ក្នុងបន្ទប់ នៅទីក្រុងបាងកក ប្រទេសថៃ លោក ព្រឹម វ៉ាន់ស៊ី រៀបរាប់ក្នុងទឹកមុខស្រពោនថា លោកមានស្រកកំណើតនៅខេត្តបន្ទាយមានជ័យ ហើយមកធ្វើការងារ ជាកម្មករសំណង់ជាមួយប្រពន្ធ និងកូនតូច២នាក់ នៅទីក្រុងបាងកក ជាង ៩ខែហើយ ដោយបានប្រាក់ឈ្នួល ៣២០បាត ឬប្រមាណ ៤ម៉ឺនរៀលក្នុងមួយថ្ងៃ។ បុរសសម្បុរសណ្ដែកបាយវ័យ ៣២ឆ្នាំរូបនេះ បន្ថែមដោយសម្ដីមួយៗថា មូលហេតុដែលលោកនាំប្រពន្ធ និងកូនៗមកធ្វើការនៅប្រទេសថៃ ដោយសារជីវភាពក្រីក្រ ហើយជំពាក់ប្រាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ជាង ២ពាន់ដុល្លារអាមេរិក។ លោកបន្ថែមទៀតថា សព្វថ្ងៃលោកធ្វើការងារសន្សំប្រាក់យកសងគេជិតអស់ហើយ នៅសល់តែជាង២ម៉ឺនបាត ឬប្រមាណ៦០០ដុល្លារទៀតអស់ហើយ។លោកអះអាងទៀតថា អំឡុងពេលធ្វើការនៅប្រទេសថៃ គឺកូនរបស់លោកមិនបានចូលសាលារៀននោះទេ ហើយលោកក៏ព្រួយបារម្ភពីអនាគតរបស់ពួកគេដែរ តែលោកថា មិនដឹងធ្វើយ៉ាងណាព្រោះជីវភាពក្រីក្រ ទើបបង្ខំចិត្តមករស់នៅស្រុកគេ។ «»លោក ព្រឹម វ៉ាន់ស៊ី មានកូនប្រុសចំនួន ២នាក់ ពួកគេទៅនៅជាមួយឪពុកម្ដាយ ដែលធ្វើការនៅប្រទេសថៃទាំងអស់គ្នា កូនទី១ អាយុប្រហែល ៣ឆ្នាំ និងកូនប្រុសច្បងអាយុ ៩ឆ្នាំ។ ខណៈដែលឪពុកម្ដាយទៅធ្វើការអស់ កុមារទាំងនោះតែងនាំគ្នារត់ប្រឡែងលេង ជាមួយកុមារដទៃទៀតនៅតាមមាត់ផ្លូវក្នុងទីក្រុងបាងកកយ៉ាងសប្បាយ ដោយមិនគិតពីអ្វីទាំងអស់។

ចំណែក ពលករដែលត្រូវជាម្ដាយរបស់កុមារទាំង ២នាក់ អ្នកស្រី ផង់ សៅរី ថ្លែងថា អ្នកស្រីក៏អាណិតកូនៗដែរ ក៏ប៉ុន្តែគ្មានជម្រើសផ្សេងក្រៅពីទៅធ្វើជាកម្មករសំណង់នៅប្រទេសថៃទេ ព្រោះនៅផ្ទះឯស្រុកកំណើតគ្មានការងារធ្វើ ហើយម្យ៉ាងជំពាក់លុយគេច្រើនគ្មានប្រាក់សងគេ ទើបមករស់នៅប្រទេសគេមួយរយៈ។ ស្ត្រីសម្បុរស្រអែមវ័យ ៣០ឆ្នាំរូបនេះ បន្ថែមថា អ្នកស្រីចេញពីបន្ទប់ទៅធ្វើការ បែកពីកូនតាំងពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ នៅពេលសម្រាកហូបបាយថ្ងៃ ទើបត្រឡប់មកវិញម្ដង។ ប៉ុន្តែ អ្នកស្រីអះអាងថា អំឡុងពេលពួកគាត់ធ្វើការនោះ ប្រមាណ ២ម៉ោងអ្នកស្រីក៏បានឆ្លាស់គ្នាជាមួយប្ដីរបស់គាត់ទៅមើលកូនម្ដងម្នាក់ ព្រោះខ្លាចពួកគេមានបញ្ហាអ្វី នឹងអាចជួយពួកគេបានទាន់ពេល។

ស្រដៀងគ្នានេះដែរ ពលករមកពីខេត្តបន្ទាយមានជ័យម្នាក់ទៀត អ្នកស្រី ផង់ យក់ រៀបរាប់ថា អ្នកស្រីមានកូនស្រីម្នាក់អាយុ ៧ឆ្នាំហើយ ដោយនាងបាននាំកូនមករស់នៅជាមួយអំឡុងពេលធ្វើការងារ នៅទីក្រុងបាងកកដែរ ម្យ៉ាងទៀតកូនអ្នកស្រីមិនបានចូលសាលារៀនទេ។ ស្ត្រីវ័យ ២៥ឆ្នាំរូបនេះ បន្តថា មូលហេតុដែលនាំកូនមកជាមួយ ព្រោះនៅផ្ទះគ្មានអ្នកមើលថែ ដូច្នេះទើបសម្រេចនាំកូនមកនៅជាមួយប្រសើរជាងទុកកូនចោលគ្មានអ្នកមើល។ ផ្ទះដែលក្រុមពលករស្នាក់នៅ ធ្វើការក្នុងប្រទេសថៃនោះ គឺធ្វើពីកំណាត់ឈើ ចន្ទល់សល់ ពីធ្វើសំណង់ ក្នុងទំហំទទឹងប្រមាណ ៣ម៉ែត្រ និងបណ្ដោយ ៣ម៉ែត្រ ប្រក់ដំបូលស័ង្កសី ដោយមានបន្ទប់ជាប់ៗគ្នា មានប្រមាណ ៤០បន្ទប់ ចែកចេញជា ៣ជួរ ទល់មុខគ្នា ដោយទុកចន្លោះផ្លូវដើរកណ្ដាលប្រមាណ ១ម៉ែត្រកន្លះ។ រីឯនៅខាងមុខបន្ទប់នីមួយៗ យើងឃើញមានការដាក់ហាលខោអាវរយីងរយោង របស់ពួកគាត់រៀងៗខ្លួន។ ក្នុងចំណោមនោះ មានពលករខ្មែរប្រមាណ ៧០នាក់ ហើយពួកគាត់ភាគច្រើនមកពីខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ក្នុងនោះយើងឃើញមានកុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ១០ឆ្នាំ ប្រហែលជិត ១០នាក់ ហើយពួកគេមួយចំនួនបានមករស់នៅជាមួយអាណាព្យាបាលជាង ២ឆ្នាំក៏មាន គឺពុំបានទៅរៀនសូត្រដូចកូនអ្នកស្រុក នៅឯខាងក្នុងប្រទេសនោះទេ។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា លើកឡើងថា ករណីពលករនាំកូនទៅរស់នៅខណៈពេលធ្វើការនៅប្រទេសថៃនេះ ជារឿងមិនល្អឡើយ ព្រោះពួកគេប្រឈមនឹងជួបការមិនចេះអក្សរ និងគ្មានអនាគត។ លោក ស៊ុំ ច័ន្ទគា បន្ថែមថា កាលណាកុមារដែលជាទំពាំងស្នងឫស្សី របស់ជាតិមិនបានរៀនសូត្រជាច្រើននាក់ និងជះឥទ្ធិពលអាក្រក់នៅក្នុងសង្គមជាតិ នាំឲ្យអភិវឌ្ឍន៍រីកចំរើនទៅមុខយឺត។ សព្វថ្ងៃពលករខ្មែរដែលធ្វើការនៅប្រទេសថៃ មានជាង ១លាន់នាក់។ លោក ស៊ុំ ច័ន្ទគា ប៉ាន់ប្រមាណថា សព្វថ្ងៃកុមារដែលទៅរស់នៅជាមួយឪពុកម្ដាយ ខណៈពួកគេធ្វើការងារ នៅប្រទេសមួយនេះមានរាប់ពាន់នាក់ ដោយភាគច្រើនមិនបានចូលសាលារៀនឡើយ៕

website_news/2017101104.txt · Last modified: 2017/11/10 13:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki