website_news:2017110504

ជប៉ុនត្រូវការបុគ្គលិកផ្នែកថែទាំមនុស្សចាស់ពីកម្ពុជាទៅធ្វើការនៅជប៉ុន

http://vayofm.com/news/detail/ 10-05-2017 3:02 pm

ដោយសារប្រទេសជប៉ុនបច្ចុប្បន្នសុខុមាលភាពមនុស្សចាស់ មានការអភិវឌ្ឍ ធ្វើឱ្យកំណើនមនុស្សចាស់នៅជប៉ុនមានការកើនឡើងជាបន្តបន្ទាប់ ដែលតាមការប៉ាន់ស្មានមានប្រហែលជាង ១លាននាក់ ដែលធ្វើឲ្យតម្រូវការបុគ្គលិកផ្នែកថែទាំមនុស្សចាស់នេះ ត្រូវតែកើនឡើងដែរ។ ដូច្នេះហើយជប៉ុន ក៏សំឡឹងមើលមកកម្ពុជា ក្នុងការបណ្តុះបណ្តាល បញ្ជូនបុគ្គលិកផ្នែកថែទាំមនុស្សចាស់នេះពីកម្ពុជាទៅធ្វើការនៅជប៉ុន។

លោក Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជា ជប៉ុន ហៅកាត់ថា JCIAបានណែនាំថៅកែក្រុមហ៊ុនមួយចំនួនដែលមានបំណងមកបណ្តាក់ទុនលើការបណ្តុះបណ្តាលមុខជំនាញបច្ចេកទេសដល់កម្មសិក្សាការី មុនពេលទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន ឲ្យសំឡឹងមើលមកកម្ពុជា ក្នុងការបណ្តុះបណ្តាល បញ្ជូនបុគ្គលិកផ្នែកថែទាំមនុស្សចាស់ពីកម្ពុជាទៅធ្វើការនៅជប៉ុន។ បញ្ជាក់ដូច្នេះ ធ្វើឡើងក្នុងជំនួបជាមួយលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង។ បន្ថែមពីលើនេះលោក Fumio Yamada បន្តថា សមាគមសហប្រតិបត្តិការកម្ពុជា ជប៉ុន ក៏បានផ្តោតការយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាលមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់ប្រជាជនក្រីក្រ និងជនពិការ តាមរយៈមជ្ឈមណ្ឌលពោធិសែនជ័យ ដើម្បីឱ្យពួកគេមានឱកាសទទួលបានការងារធ្វើនៅក្នុងស្រុក និងអាចទៅធ្វើការនៅប្រទេសជប៉ុនផងដែរ។

លោករដ្ឋមន្ត្រីអ៊ិត សំហេង បានគាំទ្រដល់អង្គការ សមាគមសហប្រតិបត្តិការកម្ពុជា ជប៉ុន ក្នុងការជួយផ្តល់ជំនួយដល់មជ្ឈមណ្ឌលពោធិសែនជ័យឱ្យមាននិរន្តរភាពមកដល់បច្ចុប្បន្ននេះ ដែលនេះ ជាអត្ថប្រយោជន៍សម្រាប់ជនពិការ និងជនក្រីក្រ ហើយក៏ជាវប្បធម៌ចែករំលែករបស់ប្រជាជនជប៉ុនជាមួយកម្ពុជា និងជាស្មារតីមិត្តភាព និងសហប្រតិបត្តការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

ឯគម្រោងបណ្តុះបណ្តាល បញ្ជូនបុគ្គលិកផ្នែកថែទាំមនុស្សចាស់ពីកម្ពុជាទៅធ្វើការនៅជប៉ុន លោករដ្ឋមន្ត្រី បានចាត់ទុកបំណងនេះ ថាបានជួយបង្កើតការងារដល់ប្រជាជនកម្ពុជា តាមរយៈការពង្រីកវិសាលភាពរបស់ខ្លួនក្នុងការជ្រើសរើសកម្មសិក្សាការីជំនាញថែទាំមនុស្សចាស់ ដែលជាសេវាដ៏ធំនៅប្រទេសជប៉ុន។ ដូច្នេះ កម្ពុជាមិនជំទាស់ទេ ក្នុងការបញ្ជូនសេវាកម្មនេះ ប៉ុន្តែលោកបានស្នើឲ្យជប៉ុន ត្រូវមានការបណ្តុះបណ្តាលឱ្យបានល្អសិន មុននឹងបញ្ជូនពួកគាត់ទៅ ដើម្បីពួកគាត់មានការយល់ដឹង និងអាចធ្វើការបានប្រកបដោយសុវត្ថិភាព និងងាយយល់ដឹងអំពីការងារថ្មីៗដែលជាបទពិសោធន៍សម្រាប់បំពេញបន្ថែមលើជំនាញដែលគាត់មានស្រាប់ ដើម្បីយកមកអភិវឌ្ឍប្រទេសកម្ពុជាលើផ្នែកនេះ វាស្របពេលដែលកម្ពុជាក៏កំពុងតែមានការយកចិត្តទុកដាក់លើការថែទាំសុខុមាលភាពមនុស្សចាស់ ខណៈកំណើនមនុស្សចាស់នៅកម្ពុជា ក៏មានចំនួនកាន់តែច្រើន ហើយត្រូវការការសេវាសម្រាប់គាំពារពួកគាត់ផងដែរ៕

website_news/2017110504.txt · Last modified: 2017/05/11 11:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki