website_news:2017110701

ពីថ្ងៃនេះតទៅ ពលករខ្មែរ ធ្វើកានៅប្រទេសថៃ មិនបាច់ព្រួយ ពីការចាប់បញ្ជូន មកកម្ពុជាវិញទេ

http://www.everyday-news.html ថ្ងៃ សៅរ៏ ទី ៨ ខែ កក្កដា ឆ្នាំ ២០១៧ ម៉ោង ១៥:៥១

ភ្នំពេញ: អ្នកនាំពាក្យនៃ ក្រសួងការងារ លោក ហេង សួរ បានថ្លែងប្រាប់ អ្នកសារព័ត៌មានថា ចាប់ពីថ្ងៃនេះតទៅ សម្រាប់ពលករខ្មែរ ដែលធ្វើការងារ នៅប្រទេសថៃ មិនបាច់ព្រួយបារម្ភ ពីការភ័យខ្លាចថៅកែដេញ ឬតម្រួតថៃចាប់បញ្ជូន មកកម្ពុជាវិញទេ ពីព្រោះក្រសួងការងារថៃ បានឯកភាព ទៅតាមសំណូមពរកម្ពុជាយើង ដើម្បីទុកពេលទៅដល់ និយោជកថៃ ក៏ដួចជាពលករកម្ពុជាយើង បំពេញឯកសារ ស្របច្បាប់តាមក្រោយ។

ការថ្លែងបែបនេះ របស់លោកហេង សួរ ត្រូវបានធ្វើឡើង ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១១ កន្លះ នៅទីស្តីការក្រសួង។ លោកហេង សួរ បន្តថា នៅក្នុងការសំណូមពរ របស់រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ទៅកាន់ក្រសួងការងារ នៃប្រទេសថៃ ទៅលើការងារ របស់ពលករ និងឯកសារស្របច្បាប់ ធ្វើការងារ នៅប្រទេសថៃ ខាងភាគីថៃ បានយល់ព្រម និងទទួលយកនូវ ការសំណូមពរ របស់កម្ពុជាយើងដែរ ពីព្រោះក្នុងចំណោម ពលករខ្មែរយើង ដែលបានទៅធ្វើការ នៅប្រទេសថៃនេះ គឺមួយចំនួនធំ គឺស្របច្បាប់ ដែលមានលិខិតឆ្លងដែន ហើយមួយរយៈធំមកនេះ ពលករខ្មែរ ក៏បានប្តូរថៅកែ ទៅធ្វើការនៅកន្លែងផ្សេង ឬផ្លាស់ប្តូររោងចក្រ ទៅខេត្តផ្សេង ហើយពួកគាត់មិនបានបំពេញ តាមនីតិវិធី ក្នុងច្បាប់ការងារថៃ ។ ដូច្នេះពួកគាត់ជាពលករ ដែលធ្វើការហើយ ផ្លាស់ប្តូរទៅខេត្តផ្សេងៗនោះ បែរជាពួកគាត់ ខុសច្បាប់ទៅវិញ។ ដោយពីមុនពួកគាត់ ធ្វើច្បាប់បំពេញការងារ នៅខេត្តផ្សេង ហើយផ្លាស់ប្តូរទៅធ្វើខេត្តមួយ គឺខុសគោលការណ៍ច្បាប់ នៃប្រទេសថៃ ប៉ុន្តែខាងកម្ពុជាយើង ក៏បានសុំការយោគយល់ ពីខាងភាគីថៃដែរ ។

លោក ហេង សួរ បានបញ្ជាក់ថា នៅក្នុងសប្តាហ៍ទីមួយ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ខាងក្រសួងការងារ និងចាត់ក្រុមការងារ ចំនួន២០ក្រុម ចុះទៅបញ្ជាក់អត្តសញ្ញាណ ផ្តល់នូវលិខិតធ្វើដំណើរ ជូនទៅដល់ពលករខ្មែរយើង ដែលធ្វើការងារនៅប្រទេសថៃ ដោយមិនចាំបាច់រង់ចាំយូរនោះទេ ហើយភាគីខាងប្រទេសថៃ ក៏មានការសហការ ជាមួយនឹងកម្ពុជាយើងដែរ ដោយបញ្ជូនមន្ត្រីរបស់ថៃ មកធ្វើការងារជាមួយនឹងកម្ពុជា ទៅលើការធ្វើឯកសារ អត្តសញ្ញាណ ទៅដល់ពលករខ្មែរយើង នឹងរង់ចាំផ្តល់ឯកសារ ឬហៅថា លិខិតឆ្លងដែន ជូនពលករខ្មែរ ពីខាងអាជ្ញាធរថៃតែម្តង៕ អត្ថបទ៖ cen.com.kh

website_news/2017110701.txt · Last modified: 2017/07/11 13:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki