website_news:2017110702

ទូតខ្មែរនៅម៉ាឡេស៊ី ជួយឲ្យពលករ-ពលការិនី ១៦នាក់ វិលមកមាតុភូមិវិញ

http://www.daem-ampil-news.html ថ្ងៃច័ន្ទ, ១០ កក្កដា ២០១៧ 16:02 ដោយ: ស៊ាន កុសល ID:013

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍ របស់ពលករ-ពលការិនីខ្មែរ ចំនួន១៦នាក់ ឲ្យបានវិលមកកាន់មាតុភូមិវិញ បន្ទាប់ពួកគេទាំងនោះ ចាញ់បោកមេខ្យល់បញ្ឆោត យកទៅធ្វើការលើទូកនេសាទថៃ ខណៈក្នុងចំណោមនោះ មាន២នាក់ជួបការលំបាក ក្នុងកិច្ចការងារតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី។

បើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះថា ពលករចំនួន១៤នាក់ មកពីស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានមេខ្យល់បោកបញ្ឆោត នាំទៅធ្វើការនៅលើទូកនេសាទថៃ កាលពីឆ្នាំ២០១៦។ ដោយសារធ្វើការលំបាកពេក នៅពេលទូកនេសាទ ចូលចតកំពង់ផែនៅរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី នៅខែមករា ឆ្នាំ២០១៧ ពលករទាំង១៤នាក់ បានលួចរត់ចេញពីទូក។ លោក ជុំ សុន្ទរី បានបន្តថា អាជ្ញាធរម៉ាឡេស៊ី ចាត់ទុកករណីនេះ ជាការជួញដូរមនុស្ស ហើយបានបញ្ជូនពលករទាំងនោះ ទៅរដ្ឋ Melaka ដើម្បីធ្វើការស៊ើបអង្កេតតាមនីតិវិធី។ សំណុំរឿង ត្រូវបានបញ្ចប់នៅដើមខែកក្កដា ឆ្នាំ២០១៧នេះ។ ក្នុងរយៈពេលស៊ើបអង្កេត ស្ថានទូតបានផ្តល់អ្នកបកប្រែ ជួបសួរសុខទុក្ខពលករ និងផ្តល់លិខិតបើកផ្លូវ ជូនពលករចំនួន២នាក់ ដែលពុំមានលិខិតឆ្លងដែន។ ពលករទាំង១៤រូប បានមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៥៖៥៥នាទី តាមជើងយន្តហោះ AK534។

លោកបានបញ្ជាក់បន្ថែមទៀតថា ដោយឡែកពលការិនី ឈ្មោះ ឡា ផល្លី អាយុ៣៩ឆ្នាំ មកពីខេត្តសៀមរាប បានទៅម៉ាឡេស៊ីខុសច្បាប់ដោយខ្លួនឯង និងធ្វើការងារតាមផ្ទះ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។ ម្តាយនិយោជករបស់ពលការិនី បានទទួលមរណៈភាព ដូចនេះនិយោជក បានយល់ព្រមឲ្យគាត់ ត្រឡប់មកកម្ពុជាវិញ ជាមួយនឹងប្រាក់ខែគ្រប់ចំនួន។ ពលការិនីបានទៅស្ថានទូត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ស្នើសុំជួយឲ្យបានត្រឡប់មក កម្ពុជាវិញ។ ស្ថានទូតបានសម្របសម្រួល ជាមួយ ការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ហើយពលការិនីឡា ផល្លី បានមកដល់អាកាសយានដ្ឋាន ខេត្តសៀមរាប នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៤៖០៥នាទី តាមជើងយន្តហោះ AK540 ។ រីឯ ពលការិនី ឈ្មោះ ប៉ែន សុខហេង អាយុ២៧ឆ្នាំ មកពីស្រុកអូរឬស្សី ខេត្តក្រចេះ បានទៅម៉ាឡេស៊ីដោយខុសច្បាប់ តាមរយៈមេខ្យល់ និងធ្វើការងារតាមផ្ទះ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ ពលការិនីបានទទួលប្រាក់ខែ គ្រប់ចំនួនពីនិយោជក ហើយដោយសារចង់ត្រឡប់មកកម្ពុជាវិញ នាងបានទៅស្ថានទូត នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧។

ស្ថានទូតបានសម្របសម្រួល ជាមួយ ការិយាល័យអន្តោប្រវេសន៍ ហើយពលការិនី ប៉ែន សុខហេង បានមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ០៧៖៣៥ នាទីព្រឹក តាមជើងយន្តហោះ AK536 ។ ក្នុងអំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភាគ សម្រាប់ពលការិនីទាំងពីរនាក់ខាងលើ ផងដែរ៕

website_news/2017110702.txt · Last modified: 2017/07/11 13:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki