website_news:2017110803

មន្ត្រីរំពឹងថា ច្បាប់ពពោះជំនួស នឹងដាក់ឲ្យប្រើនៅឆ្នាំក្រោយ

http://www.phnompenh-post-news.html Fri, 11 August 2017 គង់ មេត្ដា

ភ្នំពេញៈ ច្បាប់ស្តីពីការពពោះជំនួសត្រូវបានរំពឹងថាដាក់ឲ្យប្រើប្រាស់នៅឆ្នាំក្រោយ ខណៈសេចក្តីព្រាងដំបូងត្រូវបានបញ្ចប់។ នេះបើតាមមន្ត្រីក្រសួងកិច្ចការនារី និងអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោកស្រី Rhona Smith ដែលកំពុងជួយធ្វើសេចក្តីព្រាងច្បាប់នេះ។ ប៉ុន្តែក្រុមមន្ត្រីកាលពីម្សិលមិញថានៅមិនទាន់មានសេចក្តីសម្រេចត្រូវបានធ្វើឡើងថាតើការពពោះជំនួសនេះនឹងខុសច្បាប់ឬមិនខុសច្បាប់ទេ។ដោយសារគ្មានច្បាប់ស្តីពីការពពោះជំនួសនេះការចោទប្រកាន់មេខ្យល់ ៣ នាក់ដែលសម្របសម្រួលឲ្យមានការពពោះជំនួសរវាងស្ត្រីពពោះ និងឪពុកម្តាយដែលចង់បានកូនគឺមានលក្ខណៈចម្រូងចម្រាស។

លោកស្រី Rhona Smith កាលពីខែតុលាឆ្នាំមុនជាពេលដែលការពពោះជំនួសត្រូវបានហាមភ្លាមៗដោយក្រសួងសុខាភិបាលបានសន្យាផ្តល់យោបល់សម្រាប់ច្បាប់នេះ។ ការស្រាវជ្រាវរបស់លោកស្រីត្រូវបានផ្តល់ឲ្យក្រសួងយុត្តិធម៌។ នេះបើតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងនេះកាលពីម្សិលមិញ។ លោកថា៖ «ឯកសារគោលគំនិតលោកស្រីវិភាគពីការអនុវត្តជាសកល និងគោលការណ៍នៃការអនុវត្តអន្តរជាតិសម្រាប់ការគោរពសិទ្ធិមនុស្ស និងថាតើកម្ពុជាគួរធ្វើតាមជ្រុងមួយណា»។ នៅក្នុងអ៊ីមែលពីម្សិលមិញលោកស្រី Smith បានថ្លែងថា៖ «ការរៀបចំការពពោះបានក្លាយជាបញ្ហាសិទ្ធិមនុស្សនៅពេលសិទ្ធិស្ត្រី សិទ្ធិកុមារ និងឪពុកម្តាយមិនត្រូវបានគោរព និងការពារពេញលេញ»។ លោកស្រីបន្តថា៖ «សង្ឃឹមថាច្បាប់នេះនឹងការពារស្ត្រីកម្ពុជាពីការកេងប្រវ័ញ្ច ហើយធានាថាសិទ្ធិកុមារដែលកើតមកតាមរយៈការពពោះជំនួសត្រូវបានការពារ»។

កាលពីពេលមុនក្រុមមន្ត្រីបានថ្លែងថា ច្បាប់នេះមិនទំនងជាចូលជាធរមានទេមុនបោះឆ្នោតជាតិនៅឆ្នាំ ២០១៨ ទេ។ ប៉ុន្តែលោក ផុន ពុធបុរី មន្ត្រីមកពីក្រសួងកិច្ចការនារីបានថ្លែងថាលោករំពឹងថា ច្បាប់នេះនឹងត្រូវបញ្ចប់នៅ «ដើមឆ្នាំ ២០១៨»។ លោកបានថ្លែងថា៖ «យើងបានបញ្ចប់សេចក្តីព្រាងដំបូងរួចហើយ…ឥឡូវនេះយើងមានគ្រោងឆ្អឹងនៃច្បាប់»។ លោកថាសេចក្តីព្រាងនេះត្រូវបានបញ្ជូនទៅក្រសួងនានាដែលនឹងជួបប្រជុំគ្នានៅខែក្រោយដើម្បីពិភាក្សាមតិយោបល់។ លោកថា៖ «នេះគ្រាន់តែជាការរំពឹងទុករបស់យើងគឺនៅដើមឆ្នាំ ២០១៨ ។ ប៉ុន្តែយើងមិនប្រាកដទេថាតើអាចធ្វើវាបានឬអត់?»៕ PS

website_news/2017110803.txt · Last modified: 2017/09/04 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki