website_news:2017110808

ពលករកម្ពុជានឹងបានការថែទាំពីភាគីហុងកុង

http://www.r-f-i-news.html 11/08/2017 អត្ថបទដោយ៖ ជក់ សុភា

ក្រសួងការងារកម្ពុជានិងហុងកុង នៅព្រឹកថ្ងៃទី១០ សីហានេះបានបន្តជជែកគ្នាពីនីតិវិធីនៃការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលការិនីជំនួយការមេផ្ទះ ដោយមានការចូលរួមពី រដ្ឋលេខាធិការនៃការិយាល័យ ទទួលបន្ទុកវិស័យការងារនិងសុខមាលភាពហុងកុងនិងរដ្ឋមន្ត្រីក្រសួងការងារកម្ពុជា។ ជំនួបនេះធ្វើឡើងក្រោយពីក្រសួងការងារកម្ពុជា បានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុន ក្នុងការនាំពលករចេញទៅកាន់ហុងកុង។

ជំនួបរវាងលោករដ្ឋមន្ត្រីក្រសួងការងារកម្ពុជា លោក អ៊ិត សំហេង និងលោក ឡៅ ឈីក្វង(Law Chi Kwong) បាននាំមកនូវលទ្ធផលមួយចំនួនរួមមាន ពលករខ្មែរនឹង ទទួលបានអត្ថប្រយោជន៍ដូចពលករប្រទេសដទៃនិងកម្មករហុងកុងដែរ។ ក្នុងនោះ លោក ឡៅ ឈីក្វង បានលើកឡើងថា ពលករកម្ពុជានឹងទទួលបានប្រាក់ខែអប្បបរមាពី ៥៣០ទៅ៥៥០ ដុល្លារ ទទួលបានការឈប់សម្រាកប្រចាំសប្តាហ៍ ការឈប់សម្រាកប្រចាំឆ្នាំ ការឈប់សម្រាកសម្រាលមាតុភាព និងការការពារផ្លូវច្បាប់។ លោកបន្តទៀតថា លើសពីនេះទៅទៀតនៅពេល ពលករទៅដល់ហុងកុង ស្ថានអគ្គកុងស៊ុលខ្មែរ នឹងពន្យល់បន្ថែមពីការសិទ្ធ និងសុខមាលភាពសង្គមកិច្ចដែលទទួលបាន។

គួររឭកផងដែរថា កាលពីថ្ងៃទី៩ សីហានេះ រដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាបណ្ណក្នុងការជ្រើសរើស និងគ្រប់គ្រងពលករទៅធ្វើការនៅហុងកុងចំនួន៦ក្រុមហ៊ុន។ ក្នុងឱកាសនោះដែល លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ក៏បានបញ្ជាក់ថា ថ្មីៗនេះ ហុងកុងបានផ្តល់ការអនុគ្រោះដល់កម្ពុជា នូវការផ្តល់ទិដ្ឋការ សម្រាប់សិស្សទៅសិក្សា អ្នកចង់ទៅពិនិត្យជំងឺ និង ពលករខ្មែរ។

នៅក្នុងគម្រោងលើកដំបូងនៃការសាកល្បង ក្រសួងនឹងជ្រើសរើសពលករប្រមាណ ១០០០នាក់ទៅធ្វើការនៅហុងកុង។ ពលករមានកិច្ចសន្យាការងារ ២ឆ្នាំ ក៏ប៉ុន្តែ បើនិយោជកព្រមព្រៀងជាមួយកម្មករនឹង អាចបន្តកិច្ចសន្យា។ លោកបានបញ្ជាក់ថា នាពេលខាងមុខនេះកម្ពុជានឹងមានកិច្ចសហប្រតិបត្តិការណ៍បន្ថែមជាមួយប្រទេសម៉ាឡេស៊ី ដែលអាចឲ្យពលករទៅបង្ហាញខ្លួនឬក៏បង្ហាញការស្នើសុំភាពស្របច្បាប់របស់គេបាន ជាមួយអាជ្ញាធរម៉ាឡេស៊ី។

គិតមកដល់ត្រឹមថ្ងៃនេះ ក្រុមហ៊ុនចំនួន៧៧ដែលបានសុំអាជ្ញាបណ្ណនាំពលករទៅក្រៅប្រទេស និង មានពលករទៅ ធ្វើការនៅក្រៅប្រទេស ចំនួន១,១៥០,០០០នាក់ ហើយ ដែលក្នុងនោះមាននៅប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន និងប្រទេសសិង្ហបុរី៕

website_news/2017110808.txt · Last modified: 2017/09/04 15:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki