website_news:2017111003

ក្រសួងមហាផ្ទៃកំពុងរកទីតាំង សម្រាប់ធ្វើលិខិតធ្វើដំណើរ ជូនពលករនៅបាត់ដំបង និងបន្ទាយមានជ័យ

http://www.daem-ampil-news.html អង្គារ, ១០ តុលា ២០១៧ 14:17 ដោយ: បាន សុខរិទ្ធិ ID:013

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បច្ចុប្បន្នក្រសួងមហាផ្ទៃ កំពុងស្វែងរកទីតាំងសមគួរ ដើម្បីធ្វើលិខិតធ្វើដំណើរ ជូនពលករកម្ពុជា ដែលមានបំណងរកការងារធ្វើ នៅក្រៅប្រទេស សម្រាប់អ្នកខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ។

ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី កតិកាសញ្ញាជាសកល ស្តីពី ទេសន្តរប្រវេសន៍ ប្រកបដោយសុវត្ថិភាព ភាពស្របច្បាប់ និងប្រក្រតីភាព នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នាសណ្ឋាគារអ៊ីធឺខន សម្តេចក្រឡាហោម បានមានប្រសាសន៍ថា “ការផ្សព្វផ្សាយអប់រំគឺជាកត្តាសំខាន់ ដែលធ្វើឱ្យប្រជាពលរដ្ឋ យល់ដឹងបានខ្ពស់ អំពីបញ្ហាទាំងនេះ អីចឹងហើយ បានជាក្រសួងមហាផ្ទៃ បានប្រជុំបង្កើតការិយាល័យ ផ្តល់លិខិតធ្វើដំណើរជូនពលករកម្ពុជា ដែលមានបំណង រកការងារធ្វើសម្រាប់អ្នកខេត្តបាត់ដំបង និងបន្ទាយមានជ័យ គ្រាន់តែមិនទាន់កំណត់ទីតាំង គួរដាក់នៅតាមព្រំដែន ឬនៅស្នងការដ្ឋាននគរបាលខេត្ត” ។ ក្នុងឱកាសនោះ សម្តេចបានជំរុញដល់អាជ្ញាធរ នគរបាលអន្តោរប្រវេសន៍ និងក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ទប់ស្កាត់បញ្ហាជួញដូរមនុស្ស អំពើរត់ពន្ធជនទេសន្តរប្រវេសន៍ និងទម្រង់នៃទាសភាពសម័យថ្មី ឲ្យបានល្អផងដែរ ។

សូមបញ្ជាក់ថា ក្នុងសិក្ខាសាលានេះភាគីពាក់ព័ន្ធ បាននិងកំពុងពិគ្រោះយោបល់គ្នា ទៅលើវិស័យចំនួន៦ ទី១. សិទ្ធិមនុស្សរបស់ជនទេសន្តរប្រវេសន៍ ជាពិសេស ស្រ្តី កុមារ ភាពរើសអើង និងបែងចែកជនទេសន្តរប្រវេសន៍, ទី២. ការឆ្លើយតបទៅនឹងកត្តា ដែលនាំឱ្យមានទេសន្តរប្រវេសន៍ រាប់ទាំងកត្តាប្រែប្រួលអាកាសធាតុ, ទី៣. កិច្ចសហប្រតិបត្តិការណ៍អន្តរជាតិ និងការគ្រប់គ្រងទេសន្តរប្រវេសន៍ គ្រប់ទិដ្ឋភាព, ទី៤. ការរួមចំណែករបស់ជនទេសន្តរប្រវេសន៍ ដល់ការអភិវឌ្ឍន៍គ្រប់វិស័យ ប្រកបដោយចីរភាព, ទី៥. ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើរត់ពន្ធជនទេសន្តរប្រវេសន៍ និងទម្រង់នៃទាសភាពសម័យថ្មី និងទី៦. វិធានការចំពោះទេសន្តរប្រវេសន៍មិនប្រក្រតី និងដំណើរការឱ្យមានប្រក្រតីភាព និងភាពស្របច្បាប់ នៃទេសន្តរប្រវេសន៍ ៕

website_news/2017111003.txt · Last modified: 2017/10/11 11:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki