website_news:2017111004

ធនាគារពិភពលោក ថាជនបរទេសហូរចូលស្រុកខ្មែរខណៈពលរដ្ឋខ្មែរនាំគ្នាទៅក្រៅស្រុក

http://www.rfa.org/khmer/news/ ដោយ អាស៊ីសេរី 2017-10-10

ធនាគារពិភពលោក ថា ជនបរទេសហូរចូលស្រុកខ្មែរ ស្របពេលពលរដ្ឋខ្មែរ នាំគ្នាធ្វើចំណាកស្រុកទៅក្រៅប្រទេសកាន់តែមានចំនួនកើនឡើង។ របាយការណ៍ធនាគារពិភពលោកស្ដីពី «ចំណាកស្រុកដើម្បីស្វែងរកឱកាស៖ ជម្នះឧបសគ្គចំពោះបម្លាស់ទីពលកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍» ចេញផ្សាយថ្ងៃទី៩ ខែតុលា នេះ ឲ្យដឹងថា ក្នុងចន្លោះឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៥ ប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី បានក្លាយជាប្រទេសគោលដៅចម្បងនៃការធ្វើចំណាកស្រុកក្នុងតំបន់អាស៊ាន ដែលបានស្រូបយក ៩៦ភាគរយ នៃចំនួនជនចំណាកស្រុកសរុបក្នុងតំបន់អាស៊ានជាង ៦,៥លាននាក់។ របាយការណ៍ឲ្យដឹងថា ប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី និងភូមា គឺជាប្រទេសដែលបញ្ជូនពលករចំណាកស្រុក ទៅធ្វើការក្នុងប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន ច្រើនជាងគេបំផុត។ ភាគច្រើននៃពលករចំណាកស្រុកមកពីប្រទេសកម្ពុជា (៩៨%) ឡាវ (៩៩%) និងភូមា (៨៨%) ជ្រើសរើសយកប្រទេសថៃ ធ្វើជាគោលដៅចម្បងដើម្បីស្វែងរកការងារធ្វើក្នុងវិស័យកសិកម្ម បម្រើការតាមផ្ទះ សំណង់ និងរោងចក្រជាដើម។

របាយការណ៍គូសបញ្ជាក់ថា ខណៈប្រទេសកម្ពុជា ជាប្រទេសមួយដែលល្បីខាងបញ្ជូនពលករចំណាកស្រុក ទៅធ្វើការងារក្នុងតំបន់អាស៊ាន ប្រទេសវៀតណាម បានបញ្ជូនជនចំណាកស្រុករបស់ខ្លួន តាមរយៈការឆ្លងកាត់ព្រំដែនចូលមកប្រទេសកម្ពុជា ដើម្បីធ្វើការក្នុងវិស័យនេសាទ និងសំណង់។ ក្នុងឆ្នាំ២០១៥ ពលករចំណាកស្រុកវៀតណាមស្មើនឹង ២៦% នៃចំនួនសរុបជិត ១សែន ៥ម៉ឺននាក់ នៃជនជាតិវៀតណាមដែលធ្វើចំណាកស្រុក ទៅធ្វើការក្នុងតំបន់អាស៊ាន បានធ្វើចំណាកស្រុកចូលមកកាន់ប្រទេសកម្ពុជា។ ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម គឺជាប្រទេសប្លែកពីគេក្នុងតំបន់អាស៊ាន ដែលភាគច្រើននៃពលករចំណាកស្រុករបស់ខ្លួន បានធ្វើចំណាកស្រុកទៅធ្វើការក្នុងប្រទេសផ្សេងដទៃទៀតក្រៅពីប្រទេសក្នុងតំបន់អាស៊ាន ក្នុងនោះមានប្រទេសនៅតំបន់អាមេរិកខាងជើង មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។

របាយការណ៍គូសបញ្ជាក់ថា ពលករចំណាកស្រុកនៃប្រទេសអាស៊ាន នៅមានជំនាញទាប ភាគច្រើនគ្មានលិខិតស្នាមត្រឹមត្រូវ ហើយធ្វើបម្លាស់ទីដើម្បីស្វែងរកឱកាសសេដ្ឋកិច្ច។ តំបន់អាស៊ានអាចបង្កើតការងារដែលផ្ដល់ប្រាក់ចំណូលខ្ពស់ ក៏ប៉ុន្តែពលករមកពីប្រទេសក្នុងតំបន់នេះ នៅតែមិនអាចទាញយកប្រយោជន៍បានច្រើនអំពីឱកាសការងារទាំងនេះ។ ជារួម របាយការណ៍លើកឡើងថា នីតិវិធីស្ដីពីការធ្វើចំណាកស្រុក ឬទេសន្តរប្រវេសក៍នៅទូទាំងតំបន់អាស៊ាន នៅមានសភាពរឹតត្បិតនៅឡើយ។ ឧបសគ្គមួយចំនួនដូចជា ដំណើរការជ្រើសរើសពលករចំណាកស្រុក នៅមានតម្លៃថ្លៃ និងប្រើរយៈពេលយូរ ការរឹតត្បិតកូតាទៅលើចំនួននៃពលករបរទេសដែលត្រូវអនុញ្ញាតឲ្យធ្វើការក្នុងប្រទេសទទួល និងគោលនយោបាយការងារតឹងរ៉ឹង បានរារាំងដល់ជម្រើសធ្វើចំណាកស្រុករបស់ពលករ ហើយប៉ះពាល់ដល់សុខុមាលភាពពួកគេ។

លោក ស៊ុឌៀ សេតទី (Sudhir Shetty) ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា ការជ្រើសរើសគោលនយោបាយដ៏ត្រឹមត្រូវ អាចឲ្យប្រទេសបញ្ជូនពលករចេញ ទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចពីចំណាកស្រុកទៅក្រៅប្រទេស។ លោកថា ដោយឡែកក្នុងប្រទេសទទួលយកពលករបរទេស អាចបំពេញនូវកង្វះខាតកម្លាំងពលកម្ម និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ប្រសិនបើគោលនយោបាយទេសន្តរប្រវេសក៍ដើរស្របគ្នាជាមួយនឹងតម្រូវការផ្នែកសេដ្ឋកិច្ច៕

website_news/2017111004.txt · Last modified: 2017/10/11 11:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki