website_news:2017111005

សម្តេច ស ខេង៖ «ពិភពលោកមានវិបត្តិមនុស្សធម៌ ព្រោះការបំពាន និងកេងប្រយោជន៍ជនទេសន្តរប្រវេសន៍»

http://www.thmey-thmey-news.html 10, Oct 2017 , 10:59 pm ដោយ: ខន ចំប៉ា

សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការរំលោភបំពាន និងកេងប្រវ័ញ្ចយកផលចំណេញជនទេសន្តរប្រវេសន៍ ពីសំណាក់ជនទុច្ចរិត បានធ្វើឲ្យពិភពលោកមានវិបត្តិខាងមនុស្សធម៌។ ជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សផង សម្តេច ស ខេង បន្ថែមទៀតថា បញ្ហាទេសន្តរប្រវេសន៍ ក៏បង្កជាគំនំសងសឹក ជម្លោះទាស់ទែងគ្នា ពីបុគ្គល ក្រុម ឬរហូតដល់កម្រិតប្រទេស និងប្រទេស និងបង្កើតភាពចលាចល សង្គ្រាម និងការបំផ្លិចបំផ្លាញគ្នាទៅវិញទៅមកផងដែរ។

ការរំលោភបំពាន និងកេងប្រវ័ញ្ចផលចំណេញជនទេសន្តរប្រវេសន៍ ពីសំណាក់ជនទុច្ចរិត បានធ្វើឲ្យពិភពលោកមានវិបត្តិមនុស្សធម៌ ដែលបង្កការឈឺចាប់ដល់មនុស្សរាប់លាននាក់។ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងដូច្នេះក្នុង សិក្ខាសាលាពិគ្រោះយោបល់ស្តីពី«ទេសន្តប្រវេសន៍ប្រកបដោយសុវត្ថិភាព ស្របច្បាប់ និងប្រក្រតីភាព» នៅព្រឹកថ្ងៃទី ១០ ខែតុលា។ ជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សផង សម្តេច បន្ថែមទៀតថា បញ្ហាជនទេសន្តរប្រវេសន៍ ក៏បន្សល់ទុកភាពរងគ្រោះ ការនិរាសព្រាត់ប្រាស់ ឬផលប៉ះពាល់ដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ទ្រព្យធន ឬអាយុជីវិតរបស់ជនទេសន្តរប្រវេសន៍ ឬសង្គមជាតិដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏បង្កជាគំនំសងសឹក ជម្លោះទាស់ទែងគ្នា ពីបុគ្គល ក្រុម ឬរហូតដល់កម្រិតប្រទេស និងប្រទេស និងបង្កើតភាពចលាចល សង្គ្រាម និងការបំផ្លិចបំផ្លាញគ្នាទៅវិញទៅមក កាន់តែធំទៅ និងជ្រៅទៅៗទៀតផង។

យ៉ាងណាក៏ដោយ សម្តេចស ខេង ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃសិក្ខាសាលាដែលមានភាគីពាក់ព័ន្ធចូលរួមនេះ។ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថាសិក្ខាសាលានេះ នឹងជាឱកាសសម្រាប់ពិភាក្សាគ្នាឲ្យបានល្អិតល្អន់ ដើម្បីលើកកម្ពស់សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ជនទេសន្តរប្រវេសន៍ និងវិធីសាស្ត្រល្អៗ ក្នុងការគ្រប់គ្រងស្ថានភាពលំហូរទេសន្តរប្រវេសន៍ ឆ្លងកាត់ព្រំដែន ដែលបាន និងកំពុងក្លាយជាប្រធានបទក្តៅកគុក មួយត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា។ សម្តេច ស ខេង បន្ថែមដូច្នេះ៖«ដោយកម្ពុជា ជាប្រទេសប្រភពនៃទេសន្តប្រវេសន៍ និងទេសន្តប្រវេសន៍ឆ្លងកាត់ យើងត្រូវរួមចំណែកគិតគូរ រកឲ្យឃើញតម្រូវការចាំបាច់ដែលរលូន និងឯកភាពគ្នា សម្រាប់អនុវត្ត ជាមួយប្រទេសពាក់ព័ន្ធទាំងឡាយលើពិភពលោក ក្នុងការផ្តល់នូវសុវត្ថិភាព ភាពស្របច្បាប់ សិទ្ធិ និងផលប្រយោជន៍ ឲ្យបានសមស្របដល់ជនទេសន្តប្រវេសន៍ និងក្រុមគ្រួសាររបស់ពួកគេ»។

កិច្ចពិភាក្សាគ្នានេះ ក៏ជាឱកាសសម្រាប់រាជរដ្ឋាភិបាលកម្ពុជា បានសិក្សា និងកំណត់រកធាតុចូល ជាចំណុចគន្លឹះសម្រាប់ការរៀបចំកត្តិកាសញ្ញាជាសាកល ស្តីពីទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព ភាពស្របច្បាប់ និងប្រក្រតីភាព។ លទ្ធផលនៃការពិភាក្សានេះ នឹងលើកយកទៅពិភាក្សា និងដាក់បញ្ចូលនៅក្នុងកិច្ចពិភាក្សាថ្នាក់តំបន់ ដែលនឹងប្រព្រឹត្តិទៅនៅក្នុងខែវិច្ឆិកាខាងមុខ មុននឹងលើកយកទៅពិភាក្សានៅថ្នាក់ពិភពលោក។ នេះបើតាមសម្តេច ស ខេង ដែលបន្តដោយអំពាវនាវឲ្យតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ពិភាក្សាគ្នាដោយផ្តោតលើបទពិសោធន៍ដែលពួកគេបានអនុវត្តកន្លងមក ដោយប្រមូលផ្តុំលើច្បាប់ គោលនយោបាយ បទដ្ឋានដែលពាក់ព័ន្ធ ដើម្បីជួយដល់ការថែរក្សាសន្តិសុខ សុវត្ថិភាព ប្រជាពលរដ្ឋ ក្នុងអំឡុងពេលទេសន្តរប្រវេសន៍ តាំងពីការសម្រេចចិត្ត ការចាកចេញ ការធ្វើការងារ និងការត្រឡប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុវត្ថិភាព៕

website_news/2017111005.txt · Last modified: 2017/10/11 11:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki