website_news:2017111009

ថៃបញ្ជូនសពពលករខ្មែរ២នាក់ ប្រគល់ឲ្យសាច់ញាតិ

https://kohsantepheapdaily.com.kh/article/ ដោយ ៖ ម៉ុត សារុន ថ្ងៃអង្គារ (10-10-2017 22:50)

ខេត្តបន្ទាយមានជ័យ ៖ សាកសពពលករខ្មែរចំនួន២នាក់ ត្រូវបានភាគីថៃធ្វើការបញ្ជូនប្រគល់ឲ្យសាច់ញាតិនៅល្ងាច និងយប់ថ្ងៃទី១០ តុលា ២០១៧នេះ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីពលករទាំង២រូបនោះបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងខ្យល់គ នៅខេត្តរ៉ាក់យ៉ង និងខេត្តឈុនបូរី ប្រទេសថៃ។ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ អឿង សុផូង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិធ្លក ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប។ ដោយសាច់សាច់ញាតិប្រញាប់ដឹកសពចេញមិនបានប្រាប់ពីមូលហេតុនៃកាគ្រោះថ្នាក់ចរាចរណ៍ និងការងាររបស់ជនរងគ្រោះឡើយ បានត្រឹមតែប្រាប់ថា ជនរងគ្រោះត្រូវរថយន្តបុកស្លាប់កាលពីវេលាម៉ោងជិត៦ព្រឹក ថ្ងៃទី១០ តុលា ២០១៧នេះ នៅខេត្តរ៉ាក់យ៉ង។

ដោយឡែកសពស្លាប់ដោយជំងឺខ្យល់គឈ្មោះ ប៉ូ ចូច ភេទប្រុស អាយុ៣៤ឆ្នាំ ជាកម្មករស៊ីឈ្នួលលក់បាយម្ហូបឲ្យជនជាតិថៃ នៅខេត្តឈុនបូរី និងមានទីលំនៅភូមិទួលខ្លុង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។សាច់ញាតិប្រាប់ថា ជនរងគ្រោះក្រោយញ៉ាំបាយរួចម៉ោងជិត១១យប់ ថ្ងៃទី៩ តុលា ២០១៧ ដើរទៅបន្ទប់ទឹក ស្រាប់តែមានអាការៈវិលមុខដួល ហើយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យតែម្តង។ សពទាំង២ ក្រោយពីភាគីថៃបញ្ជូនដល់កម្ពុជា ក្រុមសាច់ញាតិបានជួលរថយន្តដឹកបន្តទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

website_news/2017111009.txt · Last modified: 2017/10/11 12:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki