website_news:2017111015

លោក ស ខេង បង្កើតក្រុមវាយតម្លៃផលប៉ះពាល់ពលករចំណាកស្រុក

http://www.phnompenh-post-news.html Wed, 11 October 2017 គង់ មេត្ដា and Yesenia Amaro

ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីម្សិលមិញបានប្រកាសបង្កើតក្រុមវាយតម្លៃមួយដែលមានតំណាងមកពីនាយកដ្ឋានអត្តសញ្ញាណកម្ម និងទេសន្តរប្រវេសន៍នៃក្រសួងមហាផ្ទៃ និងក្រសួងការងារដើម្បីសិក្សាអំពីបញ្ហាដែលប៉ះពាល់ដល់ពលករចំណាកស្រុកកម្ពុជា ហើយផ្តល់អនុសាសន៍ដើម្បីកែលម្អបញ្ហាទាំងនេះ។ ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើឡើងក្នុងអំឡុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីកតិកាសញ្ញាជាសកលស្តីពីទេសន្តរប្រវេសន៍ ប្រកបដោយសុវត្ថិភាព ភាពស្របច្បាប់ និងប្រក្រតីភាព។ លោក ខេង ថ្លែងថាពលករចំណាកស្រុកកម្ពុជាខុសច្បាប់ជាមធ្យម ១០០ នាក់ត្រូវបាននិរទេសមកពីប្រទេសថៃជារៀងរាល់ថ្ងៃ។

លោកសួរថា៖ «តើយើងនឹងដោះស្រាយបញ្ហានេះជារៀងរាល់ថ្ងៃដូចម្តេច?»។ «យើងត្រូវការសិក្សា [បញ្ហានេះ] ហើយស្វែងរកដំណោះស្រាយ។ យើងមិនទម្លាក់កំហុសលើពួកគេទេយើងមានអារម្មណ៍អាណិតពួកគេពីព្រោះពួកគេមិនយល់អំពី [ដំណើរការ] ហើយពួកគេជឿតាមមេខ្យល់ដែលយកប្រយោជន៍ពីពួកគេ។ យើងមានអារម្មណ៍សោកស្តាយចំពោះពួកគេ ហើយយើងមិនគួរទុកពួកគេដូច្នោះទេ»។ ដើម្បីដោះស្រាយបញ្ហានេះលោក ខេង បានឲ្យបង្កើតក្រុមវាយតម្លៃថ្មីដើម្បីនិយាយទៅកាន់ពលករចំណាកស្រុកផ្ទាល់ និងសួរសំណួរពួកគេដូចជា តើពួកគេមកពីណា? តើមូលហេតុអ្វីបណ្តាលឲ្យពួកគេចំណាកស្រុក? តើនរណាយកពួកគេទៅប្រទេសថៃ? តើពួកគេពិតជាមានការងារឬអត់? លោកបានថ្លែងបន្តថា៖ «យើងត្រូវការស្វែងរកប្រភពព័ត៌មានទាំងនោះ ហើយបន្ទាប់មកយើងអាចកំណត់យុទ្ធសាស្ត្រសមស្របមួយ»។

ក្រុមវាយតម្លៃនេះនឹងផ្តល់អនុសាសន៍ដល់ក្រសួងមហាផ្ទៃ និងក្រសួងការងារអំពីរបៀបដំណើរការឯកសារចំណាកស្រុកដែលមានលក្ខណៈសាមញ្ញ។ លោក ខេង បានថ្លែងថាក្រុមមន្ត្រីក៏កំពុងពិចារណាលទ្ធភាពបើកការិយាល័យលិខិតឆ្លងដែនមួយនៅប៉ោយប៉ែត និងបាត់ដំបងនៅស្នងការដ្ឋាននគរបាលខេត្ត ឬនៅច្រកព្រំដែនអន្តរជាតិដើម្បីបង្កភាពងាយស្រួលដល់កម្មករ។ ទោះយ៉ាងណាក្តីនោះនឹងមិនដោះស្រាយបញ្ហារបស់កម្មករបាននៅឡើយទេ ដោយសារកម្មករនៅត្រូវការទិដ្ឋាការ និងប័ណ្ណការងារ។

លោក ឃុន ថារ៉ូ នៅមជ្ឈមណ្ឌលសាមគ្គីដែលជាអង្គការសិទ្ធិការងារបានថ្លែងថាវាជាការល្អដែលមានក្រុមពិនិត្យមើលបញ្ហាចំណាកស្រុក។ ទោះយ៉ាងណាក្តី ក្រុមនេះត្រូវពិនិត្យមើលឲ្យលើសពីបញ្ហាមូលដ្ឋានដែលប៉ះពាល់ដល់ពលករចំណាកស្រុកដូចជា ការការពារផ្នែកសង្គម និងលក្ខខណ្ឌរស់នៅ។ លោកបន្តថា៖ «អ្នកមិនអាចបញ្ឈប់ប្រជាពលរដ្ឋមិនឲ្យចំណាកស្រុកបានទេដោយសារកត្តាសេដ្ឋកិច្ច»។

លោក Federico Barreras អ្នកគ្រប់គ្រងគម្រោងសម្រាប់វិទ្យាស្ថានបើកទូលាយសង្ឃឹមថាសិក្ខាសាលាដែលកំពុងធ្វើឡើងស្តីពីបញ្ហាទេសន្តរប្រវេសន៍នឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេសដែលមានលក្ខណៈសំខាន់ផងដែរ។ លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថាប្រទេសនានាក្នុងតំបន់អាចយល់ដឹងប្រសើរជាងមុនអំពីបញ្ហារបស់ប្រទេសមួយទៀត»។

លោក ថារ៉ូ បានបន្ថែមថា ប៉ុន្តែរដ្ឋាភិបាលកម្ពុជាគួរចាប់ផ្តើមគិតអំពីការអនុវត្តប្រាក់ឈ្នួលអប្បបរមានៅក្នុងឧស្សាហកម្មដទៃៗផងដែរក្រៅពីវិស័យកាត់ដេរ ហើយគួរពិនិត្យធ្វើឲ្យវិស័យក្រៅប្រព័ន្ធមួយចំនួនដូចជាវិស័យសំណង់ក្លាយជាវិស័យក្នុងប្រព័ន្ធផងដែរ៕ PS

website_news/2017111015.txt · Last modified: 2017/10/11 15:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki