website_news:2017120401

ពលករខ្មែរដែលរួចផុតពីការបាញ់ប្រហារនៅថៃបានបញ្ជូនមកវិញ

https://kohsantepheapdaily.com.kh ៖ ម៉ុត សារុន ថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧ ម៉ោង ០៨:១៥

ខេត្ដបន្ទាយមានជ័យ ៖ ពលករខ្មែរ៣នាក់ដែលរួចផុតពីគ្រោះថ្នាក់ដល់ជីវិតពីអំពើបាញ់ប្រហារនៅលើទឹកដីថៃ បានត្រូវសមត្ថកិច្ចថៃបញ្ជូនជាបន្តបន្ទាប់ពីខេត្តសុផាន់បូរី មកខេត្តស្រះកែវ និងបន្តរហូតដល់កម្ពុជាតាមរថយន្តទ្រុងមកដល់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី១១ ខែមេសា ក្រោមការឃ្លាំមើលនិងយកចិត្តទុកដាក់ពីមន្ត្រីស្ថានទូតកម្ពុជាប្រចាំក្រុងបាងកក ប្រទេសថៃ សហការជាមួយអង្គការ Labour Rigth Promotion Network ។

ពលករទាំង៣នាក់នេះមាន ១-ឈ្មោះ អិត ចក់ ភេទប្រុស អាយុ២៨ឆ្នាំ របួសបាក់ធ្មេញលើដោយគេបាញ់ធ្លុះបបូរមាត់ខាងលើបៀមគ្រាប់ ២-ឈ្មោះ អុក យីម ភេទប្រុស អាយុ៤៣ឆ្នាំ និង៣-ឈ្មោះ សន សារ៉ែន ភេទប្រុស អាយុ៣២ឆ្នាំ ។ ទាំង៣នាក់ជាពលករខុសច្បាប់ ទៅធ្វើការជាកម្មករចាំចម្ការអំពៅនៅខេត្តសុផាន់បូរី ប្រទេសថៃ និងមានទីលំនៅក្នុងខេត្តកំពង់ធំ ។ ពលករទាំង៣នាក់ ក្រោយពេលបញ្ជូនដល់ទីតាំងទទួលពលករក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ត្រូវបាននគរបាលប្រចាំការនៅទីស្នាក់ការប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបន្ទាយមានជ័យ សហការជាមួយអង្គការដៃគូហៅទៅសួរនាំ ។

លោក ឈីវ ឆន្ទៈ លេខាទី២ស្ថានទូតកម្ពុជាប្រចាំក្រុងបាងកក ប្រទេសថៃ ប្រាប់កោះសន្តិភាពថា ពលករខ្មែរចំនួន២នាក់ត្រូវបានជនដៃដល់ជាជនជាតិថៃបាញ់ស្លាប់ក្នុងចំណោមពលករ៤នាក់ ពេលកំពុងជិះគោយន្តកន្ត្រៃសណ្តោងរ៉ឹម៉កមួយគ្រឿង ខណៈពួកគេទៅដាក់ជីអំពៅ កាលពីថ្ងៃទី២៤ ខែមករាកន្លងមក ។ ទោះជាយ៉ាងណាមន្ត្រីរូបនេះមិនបានប្រាប់អត្តសញ្ញាណអ្នកស្លាប់ទាំង២នាក់នោះទេ ។ ដោយឡែក ពលករដែលរួចផុតពីគ្រោះថ្នាក់ដល់ជីវិតទាំង៣នាក់ ត្រូវបានសមត្ថកិច្ចថៃ យកទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តសុផាន់បូរី ដើម្បីកសាងសុំណំរឿងបញ្ជូនទៅតុលាការ ។ លោកបន្តថា បន្ទាប់ពីរឿងក្តីបានបិទបញ្ចប់កាលពីថ្ងៃទី៧ ខែមេសា ពលករទាំង៣នាក់ ត្រូវបានសមត្ថកិច្ចថៃបញ្ជូនទៅពន្ធនាគារសួនប្លូ ហើយបញ្ជូនបន្តដល់ខេត្តស្រះកែវ និងបន្តដល់កម្ពុជា ។ មន្ដ្រីស្ថានទូតដដែលបន្តថា ឃាតករជាជនជាតិថៃនោះត្រូវចាប់ខ្លួនបានហើយ និងក៏បានកាត់ទោសរួចហើយដែរ ។ ទោះជាយ៉ាងណា មូលហេតុនៃការបាញ់សម្លាប់ពលករខ្មែរពីសំណាក់ជនជាតិថៃនេះ មិនត្រូវបានប្រាប់ឲ្យដឹងទេ ប៉ុន្តែកាលពីខែមករាកន្លងមក ក្រោយការបាញ់សម្លាប់ត្រូវបានគេទម្លាយឲ្យដឹងថា ដោយសារតែពលករខ្មែរទាំងនេះបានបដិសេធការជញ្ជូនឈើគ្រញូង ៕

website_news/2017120401.txt · Last modified: 2017/08/24 15:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki