website_news:2017120402

ពលករសម្រុកមកពីថៃ មុនថ្ងៃចូលឆ្នាំរថយន្តរង់ចាំដឹកជាន់ជើងគ្នា

http://www.ppd-news.net/article 11-April-2017 / ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ៖នៅតាមដងផ្លូវជាតិលេខ៥ និងត្រង់រង្វង់មូលក្រុងប៉ោយប៉ែតពេលនេះបានក្លាយជាចំណតរថយន្តទាំងតូចទាំងធំ ដែលមើលទៅហាក់ដូចជាគ្មានសណ្តាប់ធ្នាប់ ខណៈពលករសម្រុកមកពីថៃយ៉ាងច្រើនកុះករនៅថ្ងៃទី១១ មេសា នេះ។ ជាមួយគ្នានេះសំបុត្ររថយន្តដែលលក់ឲ្យពលករតាមសាខាលក់សំបុត្ររថយន្តក្រុងមួយចំនួនត្រូវបានពលករទម្លាយប្រាប់ថា លក់ថ្លៃកប់ពពកក្នុងម្នាក់រហូតដល់៥០០បាតសម្រាប់ការធ្វើដំណើរប៉ោយប៉ែត-ភ្នំពេញ។ ជាមួយគ្នានេះនៅតាមដងផ្លូវជាតិលេខ៥ក្នុងក្រុងមួយនេះ គេឃើញមានរថយន្តតូចធំចតចាំដឹកពលករតាមមុខសាខាលក់សំបុត្ររថយន្តនិងរទេះលក់នំចំណីផ្លែឈើក៏បានមកប្រមូលផ្ដុំគ្នាកកកុញធ្វើឲ្យដងផ្លូវរួមតូចចង្អៀតបណ្តាលឲ្យយានយន្តឆ្លងកាត់ត្រូវមានការកកស្ទះយ៉ាងខ្លាំង ។ ចំណែកនៅជុំវិញរង្វង់មូលច្រកអន្តរជាតិប៉ោយប៉ែត ក៏ក្លាយជាចំណតរថយន្តតាក់ស៊ីខុសពីសព្វដង គឺគេនាំគ្នាចតរថយន្តព្រោងព្រាតដើរហៅម៉ូយពលករនៅឯមាត់ច្រកទ្វារធ្វើឲ្យកម្លាំងប្រជាការពារភូមិ២នាក់ នៅប្រចាំការទីនោះជួបការលំបាកប្រឹងផ្លុំកញ្ចែស្ទើរបែកបំពង់កតែគ្មាននរណាស្តាប់។

ដោយឡែកសំបុត្ររថយន្តបានឡើងថ្លៃរហូតកន្លែងខ្លះសំបុត្រ១តម្លៃ៤ម៉ឺនរៀល កន្លែងខ្លះ៤ម៉ឺន៥ពាន់រៀល និងកន្លែងខ្លះរហូតដល់៥០០បាត គិតជាប្រាក់ខ្មែរជាង៥ម៉ឺនរៀល ។ ជុំវិញបញ្ហាសំបុត្ររថយន្ដឡើងថ្លៃនេះម្ចាស់សាខាលក់សំបុត្ររថយន្តមួយចំនួនបានបដិសេធ រីឯម្ចាស់ទីតាំងលក់សំបុត្ររថយន្តក្រុងមួយកន្លែងយីហោដាណែត ដែលមានទីតាំងនៅផ្លូវបេតុងខាងលិចសង្កាត់រដ្ឋបាលជលផលក្រុងប៉ោយប៉ែត ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត បានទទួលស្គាល់ថា ពិតជាលក់តម្លៃ៥០០បាតមែន ប៉ុន្តែបុរសឈ្មោះ ដា ណែត ជាម្ចាស់ទីតាំងនេះនិយាយថា គេមានរថយន្តផ្ទាល់ដឹកជញ្ជូនអ្នកដំណើរដល់ផ្ទះខុសពីរថយន្តក្រុងផ្សេង ។

ជុំវិញបញ្ហាខាងលើអ្នកដំណើរ និងពលករវិលត្រឡប់ពីប្រទេសថៃ សំណូមពរទៅអាជ្ញាធរនិងសមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែត មេត្តាពិនិត្យមើលករណីនេះផងទាំងសកម្មភាពនៅតាមដងផ្លូវ និងសំបុត្ររថយន្តកុំឲ្យមានភាពរញ៉េរញ៉ៃខូចសណ្តាប់ធ្នាប់កកស្ទះចរាចរណ៍និងលក់សំបុត្រថ្លៃធ្វើបាបពលករដែលវិលត្រឡប់មកចូលរួមថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ៕

website_news/2017120402.txt · Last modified: 2017/08/24 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki