website_news:20171206008

លីកាដូទទួចរាជរដ្ឋាភិបាល ចាត់វិធានការបន្ទាន់ដោះលែង កម្មករបញ្ចាំខ្លួន ដោះបំណុលនៅសិប្បកម្មឥដ្ឋ

http://www.daem-ampil-news.html ថ្ងៃច័ន្ទ, ១២ មិថុនា ២០១៧ 11:15 ដោយ: ដើមអម្ពិល ID:102

ភ្នំពេញ៖ អង្គការសិទ្ធិមនុស្សលីកាដូ បានស្នើសំណូមពរ យ៉ាងទទូចទៅកាន់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្នើឲ្យមានការ ដោះលែងជាបន្ទាន់ ចំពោះកម្មករជាពិសេសកុមារ ដែលបានបញ្ចាំខ្លួន ដោះបំណុល នៅតាមសិប្បកម្ម ផលិតឥដ្ឋនានា នៅទូទាំងប្រទេស ។ យោងតាមរបាយការណ៍របស់ លីកាដូ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ គឺជា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ។ ការអនុវត្តការបញ្ចាំខ្លួន ដើម្បីដោះបំណុល និងពលកម្មកុមារ ធ្វើឲ្យគ្រួសារកម្មករជាច្រើនជំនាន់ ធ្លាក់ចូលក្នុងភាពក្រីក្រ និងការជិះជាន់ឥតឈប់ឈរ ។ អ្នកទទួលបានផលប្រយោជន៍ ពីការអនុវត្តបែបនេះ គឺ ម្ចាស់សិប្បកម្ម ដែលចំណេញលើថ្លៃពលកម្មទាប និងងាយស្រួលក្នុងការកេងប្រវ័ញ្ច អ្នកទិញឥដ្ឋចាប់ពីទ្រង់ទ្រាយឯកជន ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ ដែលអាចទិញឥដ្ឋ ក្នុងតម្លៃទាបមិនសម នឹងកម្លាំងពលកម្មរបស់ កម្មករទាំងអស់នោះ ក្នុងការផលិតឡើយ

របាយការណ៍នេះ សំណូមពរដោយទទូច ឲ្យរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការជាបន្ទាន់ ដើម្បីដោះលែងកម្មករ បញ្ចាំខ្លួនដោះបំណុលទាំងអស់ ដោយការចេញបទបញ្ជា ជាបន្ទាន់ក្នុងការលុបចោលបំណុល ដែលមានរវាងម្ចាស់ សិប្បកម្មផលិតឥដ្ឋ និងកម្មករបញ្ចាំខ្លួន ដោះបំណុល ។ របាយការណ៍នេះ ក៏បានអំពាវនាវដល់រដ្ឋាភិបាលបរទេស ដើម្បីធានាថា វិនិយោគគិនបរទេស បានដឹងពី មធ្យោបាយក្នុងការបញ្ចាំខ្លួន ដើម្បីដោះបំណុល និងពលកម្មកុមារ ក្នុងឧស្សាហកម្មសំណង់កម្ពុជា និងដើម្បីគាំទ្រឲ្យរាជរដ្ឋាភិបាលកម្ពុជា លុបបំបាត់នូវ បញ្ហាទាំងអស់នេះ ។ របាយការណ៍នេះ ក៏មានបង្ហាញពីលក្ខខណ្ឌការងារ ដែលប្រកបដោយគ្រោះថ្នាក់ នៅក្នុងសិប្បកម្មផលិតឥដ្ឋ និងកង្វះខាតអនាម័យ នៃការរស់នៅក្នុង សិប្បកម្មផលិតឥដ្ឋ ។

ក្នុងរបាយការណ៍ មានបង្ហាញឧទាហរណ៍មួយចំនួន ស្ដីពីការរងរបួសរបស់កម្មករ ជាពិសេសកុមារដែលបាន ក្លាយជាកុមារពិការដៃ ដោយសារម៉ាស៊ីនផលិតឥដ្ឋ ។ របាយការណ៍ក៏បានរកឃើញថា ដោយសារតែភាពភ័យខ្លាច និងផលវិបាកនៃការពឹងផ្អែក ទាំងស្រុងលើម្ចាស់សិប្បកម្ម កម្មករជាច្រើនគ្មានបំណង តវ៉ាប្រឆាំងទៅនឹង លក្ខខណ្ឌដ៏លំបាក របស់ពួកគាត់នោះទេ ហើយបើទោះបីជាម្ចាស់ សិប្បកម្មរំលោភលើច្បាប់ព្រហ្មទណ្ឌ និងច្បាប់រដ្ឋប្បវេណី ក៏អាជ្ញាធរដែលមានតួនាទី ក្នុងការអនុវត្តច្បាប់ មិនបានចាត់វិធានការលើ បញ្ហាទាំងនេះដែរ ។

អ្នកនាង ណាលី ពីឡូក នាយិការងផ្នែកតស៊ូមតិ នៃអង្គការលីកាដូ បានមានប្រសាសន៍ថា “ម្តាយឪពុកមិនចង់ឲ្យកូនៗ របស់ខ្លួនទៅធ្វើការនោះទេ ។ អ្នកទាំងនោះដឹងថា វាពិតជាមានគ្រោះថ្នាក់ ហើយចង់ឲ្យកូនៗ របស់ខ្លួនទៅសាលារៀន និងមានអនាគតល្អ” ។ អ្នកនាងបន្តថា “ប៉ុន្តែដោយសារប្រាក់ឈ្នួល មានតម្លៃទាបពេក ដែលអ្នកទាំងនោះមិនអាច ផ្គត់ផ្គង់ជីវភាពគ្រួសារបាន និងដោយសារគ្មានជម្រើស។ ជាលទ្ធផល កុមារទាំងនោះត្រូវធ្លាក់ចូល ក្នុងស្ថានភាពជំពាក់បំណុល ដូចម្តាយឪពុករបស់ពួកគេដែរ” ៕

website_news/20171206008.txt · Last modified: 2017/06/12 15:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki