website_news:2017120701

មន្ត្រីក្រសួងមហាផ្ទៃៈ ការជួញដូរសរីរាង្គនិងការពរពោះជំនួសជនល្មើសកំពុងព្យាយាមដូរទម្រង់ផ្សេង

http://km.rfi.fr/cambodia/ ដោយ ញឹម សុផល 12/07/2017

របាយការណ៍ស្តីពីការជួញដូរមនុស្សរយៈពេល៦ខែដើមឆ្នាំ២០១៧បង្ហាញថា រូបភាពជួញដូរថ្មីៗដូចជាការជួញដូរសរីរាង្គ និងជួញដូរតាមរយៈអន្តរការីពរពោះជំនួស បាននឹងកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងកិច្ចប្រជុំឯក្រសួងមហាផ្ទៃកាលពីថ្ងៃអង្គារម្សិលមិញ មន្ត្រីក្រសួងមហាផ្ទៃឲ្យដឹងថា រូបភាពទាំងនេះ នៅមិនទាន់មានការវិវត្តន៍ទៅដល់ចំណុចចុងក្រោយនៃការជួញដូរប្រភេទថ្មីច្រើននៅឡើយទេ ដោយសមត្ថកិច្ចធ្វើការទប់ស្កាត់ទាន់ពេល។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរ មនុស្ស បានឲ្យដឹងថា រយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ មានលេចចេញជាថ្មីនូវអំពើជួញដូរមនុស្ស ករណីជួញដូរក្រលៀន និងអំពើជាអន្តរការី នៃការពពោះជំនួស ដែលកន្លងមកកម្ពុជាអត់ដែលមានករណីដូច្នេះទេ។ ជុំវិញករណីជួញដូរដែលបានលេចជារូបរាងថ្មីនេះលោកស្រី ជូ ប៊ុនអេង បានអះអាងថា សមត្ថកិច្ចកម្ពុជាបានរកឃើញករណីសង្ស័យ ការជួញដូរសរីរាង្គ និងការជួញដូរទារក ក៏ប៉ុន្តែមិនទាន់ចេញជារូបរាងនៃការជួញដូរនៅឡើយទេ ដោយសមត្ថកិច្ចធ្វើការទប់ស្កាត់បានជាមុន ដោយមិនឲ្យជនល្មើសសម្រេចបាននូវការជួញដូរគោលដៅចុងក្រោយ។

ទោះយ៉ាងណា ករណីជួញដូរសរីរាង្គនេះ ត្រូវបានសមត្ថកិច្ចបង្ហាញថា បានកើតមានចំនួន១ករណីប៉ុណ្ណោះ ដោយមានការចោទប្រកាន់តាមផ្លូវតុលាការត្រឹមតែបទជួញដូរមនុស្ស ខណៈដែលបទល្មើសនេះនៅមិនទាន់មានការវះកាត់សរីរាង្គនៅឡើយ។ ជាមួយគ្នានេះ អំពើនៃអន្តរការីនៃការពរពោះជំនួសក៏ត្រូវបានសមត្ថកិច្ចរកឃើញ១ករណីដែរកាលពីចុងឆ្នាំ២០១៦ និងមានការផ្តន្ទាទោសជនល្មើសនៅដើមឆ្នាំ២០១៧។ តាមមន្ត្រីក្រសួងមហាផ្ទៃ ករណីពរពោះជំនួសនេះ កន្លងមកមានប្រមាណជាង១០ករណី ក៏ប៉ុន្តែករណីមួយចំនួនត្រូវជនល្មើសធ្វើការផ្លាស់ប្តូរទំរង់ប្រព្រឹត្តិ។ លោកស្រី ជូ ប៊ុនអេង បញ្ជាក់ថាសមត្ថកិច្ចប៉ូលីសកំពុងតែតាមដានបញ្ហានេះយ៉ាងដិតដល់។

ក្រៅពីនេះ បញ្ហាពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ក៏ត្រូវបានលើកឡើងផងដែរ ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាបានទទួលពលករខ្មែរ ដែលអាជ្ញាធរថៃបញ្ជូន ត្រឡប់មកវិញតាមច្រកព្រំដែនគោកនិង អាកាស ចំនួន ១៣៩៦លើក សរុបមនុស្សចំនួន ៩១ ៤១២នាក់ រួមមានស្រី្ត ៣៤ ៦០៧នាក់ និងកុមារចំនួន ៤ ៤៣៤នាក់។ ក្នុងចំណោមពលករខ្មែរដែលថៃបញ្ជូនត្រឡប់មកប្រទេសវិញនេះ គឺមានពលរដ្ឋខ្មែរ ចំនួនជាង៤ពាន់នាក់ ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួន ពីបទឆ្លងដែនខុសច្បាប់ ពោលគឺឃាត់ខ្លួនលើសពីមួយខែ មុននឹងបញ្ជូនមកកម្ពុជា។ លើសពីនេះ សមត្ថកិច្ចថៃក៏បានបញ្ជូនសពពលរដ្ឋ ខ្មែរដែលជួបប្រទះគ្រោះថ្នាក់នៅប្រទេសថៃចំនួន ១១០នាក់ ដែលក្នុងនោះមានស្រី្ត១៧នាក់ផងដែរ៕

website_news/2017120701.txt · Last modified: 2017/07/12 12:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki