website_news:2017120702

ពលករខ្មែនៅថៃជាង1លាននាក់ បើត្រលប់មកវិញ កម្ពុជាត្រូវធ្វើយ៉ាងណា

http://www.kaoh-santiphap-news. ៖ សុវណ្ណណែត ថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៤:១៧

រាជធានីភ្នំពេញ ៖ នៅក្នុងរយៈនេះ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែររាប់ពាន់នាក់ត្រលប់មកវិញ ខណៈដែលពលករខុសច្បាប់ដទៃទៀត កំពុងរត់គេចពីកន្លែងមួយទៅកន្លែងមួយដើម្បីជ្រកកោន និងធ្វើការដោយលួចលាក់ដែរ ។ បើតាមការបញ្ជាក់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាកម្ពុជា ចំនួនពលករដែលទៅធ្វើការនៅប្រទេសថៃបច្ចុប្បន្នទាំងស្រប និងមិនស្របច្បាប់ សរុបប្រមាណជាង១លាន៥ម៉ឺននាក់ ដែលបម្រើក្នុងវិស័យកសិកម្ម ឧស្សាហកម្ម នេសាទ និងសំណង់ជាដើម ។ តួលេខនេះ បើធៀបនឹងចំនួនកម្មករកម្មការិនីរោងចក្រកាត់ដេរ និងសម្លៀកបំពាក់ទូទាំងប្រទេសវិញ គឺច្រើនជាងជិត២ដងឯណោះ ។ ចុះបើក្នុងករណីមានការប្រែប្រួលណាមួយ ដោយពលករទាំងនោះត្រូវត្រលប់មកវិញ តើកម្ពុជានឹងជួបបញ្ហាអ្វី ហើយរាជរដ្ឋាភិបាលកម្ពុជាត្រូវដោះស្រាយយ៉ាងណា ?

លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជា បានមានប្រសាសន៍ថា ចំនួនពលករកម្ពុជានៅក្នុងប្រទេសថៃច្រើនបែបនេះ ដោយសារតែសេដ្ឋកិច្ចថៃធំជាងកម្ពុជា និងមានប្រជាជនច្រើនជាងកម្ពុជាដែរ ។ លោកថ្លែងថា ៖« កាលណាសេដ្ឋកិច្ចធំ ការស្រូបទាញកម្លាំងពលកម្មក៏ច្រើនដែរ ហើយប្រទេសកម្ពុជាមានសេដ្ឋកិច្ចតូច ដូចនេះការផ្ដល់កម្លាំងពលកម្ម ក៏មិនច្រើនដូចនៅថៃដែរ »។ លោកបន្តថា តាមស្ថានភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ន បើសិនជាពលករទាំងជាង១លាននាក់ត្រលប់មកកម្ពុជា វាមិនអាចទៅរួចភ្លាមៗ ទេ ។ ម្យ៉ាងទៀត ថៃក៏ត្រូវការកម្លាំងពលកម្មពីកម្ពុជាដែរ ហើយកម្ពុជាក៏មិនអាចបង្កើតការងារបានភ្លាមៗសម្រាប់ពលករជាង១លាននាក់ ឬពាក់កណ្ដាលនៃកម្មករនៅក្នុងប្រទេសថៃដែរ ។

ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋនៅក្នុងប្រទេសបាន ឬសម្រាប់ផ្ដល់ជូនពលករដែលចំណាកស្រុកត្រលប់មកវិញបាន កម្ពុជាត្រូវការវិនិយោគបន្ថែមទៀតលើរោងចក្រ សហគ្រាសនៅតាមខេត្ត តែក្នុងរយៈពេល១ឆ្នាំឬ២ឆ្នាំ ពលករទាំងនោះ ត្រូវទ្រាំអត់ការងារសិន ។ ទោះជាយ៉ាងណា ពេលនេះ ពលករនៅប្រទេសថៃ អាចមានជម្រើសសម្រាប់ខ្លួនគាត់ថា តើគួរបន្តធ្វើការនៅស្រុកថៃ ឬត្រលប់មកស្រុកវិញ ហើយតើរវាងកម្ពុជា និងថៃ មួយណាផ្ដល់ចំណូលច្រើនជាង ។

បើតាមតំណាងក្រុមហ៊ុនជ្រើសរើសពលករទៅធ្វើការនៅក្រៅប្រទេស IIS Company Co.,Ltd លោកកឹម សាន បានឲ្យដឹងថា ក្នុង១ខែលោកបានបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃប្រមាណ១០០នាក់ សរុបទាំងអ្នកធ្លាប់ទៅ និងអ្នកមិនដែលទៅ ក្នុងនោះភាគច្រើនជាបុរស ពីព្រោះការងារនៅថៃជាការងារសំណង់ និងរោងចក្រ ។

គួររំឭកថា បើតាមការបញ្ជាក់ពីសមាគមរោងចក្រកាត់ដេរកម្ពុជា បច្ចុប្បន្នចំនួនកម្មករ កម្មការិនី កំពុងបម្រើការនៅក្នុងវិស័យកាត់ដេរទូទាំងប្រទេស សរុបមានចំនួនប្រមាណ៧០ម៉ឺននាក់ និងត្រូវចំណាយថវិកាប្រមាណជាង១០០លានដុល្លារអាមេរិកក្នុង១ខែៗ សម្រាប់បើកជូនកម្មករកម្មការិនី ៕

website_news/2017120702.txt · Last modified: 2017/07/12 12:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki