website_news:2017120703

ពលករខ្មែរ១លាននាក់ ធ្វើការនៅក្រៅប្រទេស ទទួលចំណូលជិត ២ពាន់លានដុល្លារក្នុង១ឆ្នាំៗ

http://www.daem-ampil-news.html អង្គារ, ១១ កក្កដា ២០១៧ 14:25 ដោយ: ស សំណាង ID:102

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា រាជរដ្ឋាភិបាលនៅតែបន្តអនុវត្ត គោលនយោបាយ ចំណាកស្រុកដោយសុវត្ថិភាព និងស្របច្បាប់ជូន ដល់ពលករខ្មែរ ដែលធ្វើការនៅក្រៅប្រទេស ខណៈក្នុងមួយឆ្នាំៗពួកគេ បានទទួលចំណូលជិត២ពាន់លានដុល្លារ ។ ក្នុងជំនួបសំណេះសំណាល ជាមួយកម្មសិក្សាការីខ្មែរ ដែលកំពុងសិក្សា និងធ្វើការនៅប្រទេសជប៉ុន កាលពីពេលថ្មីៗកន្លងមកនេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានឲ្យដឹងថា រាជរដ្ឋាភិបាលនៅតែ ផ្តល់ភាពស្របច្បាប់ ចំពោះពលករខ្មែរ ដែលធ្វើការចំណាកស្រុក ដើម្បីរកការងារធ្វើ ។ លោករដ្ឋមន្ត្រីថា បច្ចុប្បន្នមានពលករខ្មែរនៅក្រៅប្រទេសជាង១លាននាក់ ក្នុងនោះជប៉ុនមានប្រមាណជិត៥០០០នាក់ និងកូរ៉េមានជាង៥ម៉ឺននាក់ ដែលក្នុងនោះ មានអ្នកដែលមានគ្រួសារ កូរ៉េប្រមាណ១៥,០០០នាក់ ព្រមទាំងនៅប្រទេសនានាទៀតដូចជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី ហើយកន្លងមកទទួល បានចំណូលជាមធ្យមប្រហែល ជិត២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ។

ជាងនេះទៅទៀត ពលករទទួលបានការបណ្ដុះបណ្ដាលជំនាញ ព្រមទាំងទទួលបាន អត្ថប្រយោជន៍ផ្សេងទៀត ហើយពេលត្រឡប់ទៅវិញ ពលករគឺជាធនធានមនុស្ស ដែលទាក់ទាញបំផុតចំពោះមិត្តភ័ក្រ្តជប៉ុន ទៅវិនិយោគនៅកម្ពុជា។ ទាំងនេះ កើតចេញពីទំនាក់ទំនង ការទូតល្អរវាង កម្ពុជា-ជប៉ុន ដែលមានសម្ដេចតេជោ ហ៊ុន សែន បានជំរុញកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យដែលមានប្រយោជន៍ សម្រាប់ការអភិវឌ្ឍ ។

ការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងការងារនេះ ស្របពេលដែល ការជ្រើសរើសនិងបញ្ជូនពលករ ទៅប្រទេសជប៉ុនតាមប្រព័ន្ធថ្មីនេះ មានភាពសាមញ្ញជាងមុន ដែលមានការ កាត់បន្ថយ នីតិវិធីក្នុងការជ្រើសរើស ហើយពលករអាចបម្រើការ បានដោយមិនចាំបាច់ មានបទពិសោធន៍លើវិស័យ ដែលខ្លួននឹងត្រូវធ្វើ ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានគាំទ្រដល់ អគ្គរាជទូតកម្ពុជា ដែលបានការពារនិងយកចិត្តទុកដាក់ ដល់ផលប្រយោជន៍ពលករខ្មែរ។ លោក មានមោទនភាព និងកោតសរសើរ ពលករខ្មែរនៅជប៉ុន ដែលមានកិត្តិនាមល្អ ខាងវិន័យនិងសីលធម៌ ៕

website_news/2017120703.txt · Last modified: 2017/07/12 12:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki