website_news:2017120707

ត្រូវធ្វើឲ្យពលករធ្វើការនៅថៃ មានភាពងាយស្រួលជាងនេះ

http://www.phnompenh-post-news.html Mon, 10 July 2017

ពលករចំណាកស្រុកជាច្រើនត្រូវបានគេដឹកមកដាក់នៅច្រកព្រំដែនប៉ោយប៉ែតជិតមណ្ឌលអន្តោប្រវេសន៍។ កាលពីសប្តាហ៍មុនឃើញមានចំនួន ៩ រថយន្ត។ មុនហ្នឹងមួយថ្ងៃទៀតឃើញមានចំនួន ១៤ រថយន្តហើយនៅថ្ងៃបន្ទាប់មានចំនួន ១៧ រថយន្តបន្ថែមទៀត។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះឃើញមានតែពីរ ឬបីរថយន្តប៉ុណ្ណោះធ្វើដំណើរឆ្លងកាត់មណ្ឌលអន្តោប្រវេសន៍ដែលមានរថយន្តពីរគ្រឿងមកម្តងក្នុងពេលតែមួយ ដោយក្នុងរថយន្តនីមួយៗផ្ទុកពលករប្រមាណចាប់ពី ៤០ ទៅ ៥០ នាក់មានន័យថាកាលពីដើមខែមុននៅពេលដែលខ្ញុំមកកាន់ទីក្រុងប៉ោយប៉ែតគឺមានពលករចំណាកស្រុកប្រមាណ ៨០០ នាក់ត្រូវបានគេបញ្ជូនមកវិញជាផ្លូវការ។ ទាំងនេះមិនមែនជាតួលេខធម្មតាទេពីព្រោះគេមើលឃើញថាពលករចំណាកស្រុកនាប៉ុន្មានថ្ងៃចុងក្រោយនេះត្រូវបានគេបញ្ជូនត្រឡប់មកវិញយ៉ាងច្រើនខុសពីធម្មតាដែលទាំងនេះបណ្តាលមកពីការអនុម័តច្បាប់គ្រប់គ្រងជនអន្តោប្រវេសន៍ថ្មីនៅក្នុងប្រទេសថៃ។ ច្បាប់ថ្មីនេះបានដាក់ទោសយ៉ាងធ្ងន់ធ្ងរដល់ពលករបរទេសណាដែលគ្មានឯកសារត្រឹមត្រូវជាពិសេសនិយោជកដែលបានជួលពួកគេ។ ពលករដែលធ្វើការដោយគ្មានលិខិតអនុញ្ញាតការងារត្រឹមត្រូវប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំក៏ដូចជាការផាកពិន័យយ៉ាងធ្ងន់ធ្ងរផងដែរ។

ចំពោះនិយោជកពួកគេប្រឈមនឹងការផាកពិន័យជាប្រាក់ចាប់ពី ៤០ ម៉ឺនទៅ ៨០ ម៉ឺនបាត (១១ ៨០០ ទៅ ២៣ ៦០០ ដុល្លារ) សម្រាប់ការជួលពលករធ្វើការដោយខុសច្បាប់ម្នាក់។ ពលករខ្មែរភាគច្រើនដែលកំពុងធ្វើការនៅក្នុងប្រទេសថៃពួកគេធ្វើការដោយគ្មានឯកសារពេញលេញជាមូលហេតុធ្វើឱ្យពួកគេងាយរងគ្រោះជាប់ពន្ធនាគារ និងរងការផាកពិន័យជាប្រាក់យ៉ាងច្រើននៅក្រោមច្បាប់ថ្មីនេះ។ ច្បាប់ថ្មីស្តីអំពីការគ្រប់គ្រងពលករបទេសបានរីកសាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទោះបីគ្រប់គ្នាមិនបានដឹងលម្អិតអំពីច្បាប់ថ្មីនេះក្តី ប៉ុន្តែពួកគេបានដឹងថាការពិន័យនៅក្រោមច្បាប់ថ្មីនេះគឺកើនឡើងយ៉ាងខ្លាំង។ ដូច្នេះហើយទើបធ្វើឲ្យមានពលករចំណាកស្រុកខុសច្បាប់ជាច្រើននាក់បានធ្វើដំណើរត្រឡប់មកស្រុកវិញតាមច្រកប៉ោយប៉ែត។ អ្នកខ្លះនិយាយថាចៅហ្វាយរបស់គេបានប្រាប់ពួកគេឲ្យវិលត្រឡប់មកវិញ ហើយអ្នកខ្លះទៀតបាននិយាយថាពួកគេសម្រេចវិលត្រឡប់មកវិញដោយខ្លួនឯងដោយសារភ័យខ្លាចជាប់ទោស និងរងការផាកពិន័យនៅក្រោមច្បាប់ថ្មីនេះ។ វាពិបាកក្នុងការប្រៀបធៀបជាមួយការវិលត្រឡប់មកវិញរបស់ពលករចំណាកស្រុកកាលពីឆ្នាំ ២០១៤ ដែលនៅពេលនោះពលករខ្មែរប្រមាណជាង ២២ ម៉ឺននាក់បានវិលត្រឡប់មកពីប្រទេសថៃវិញដោយសារតែពួកគេភ័យខ្លាចចំពោះការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ពីរដ្ឋាភិបាលថៃ ហើយពេលនេះរដ្ឋាភិបាលថៃទំនងជាកំពុងអនុវត្តដូចកាលពីមុន។

កាលពីចុងខែមុនរដ្ឋាភិបាលថៃបានសម្រេចពន្យារអនុវត្តច្បាប់ថ្មីដ៏តឹងរ៉ឹងនេះដោយមើលឃើញចំនួនពលករបរទេសវិលត្រឡប់ទៅប្រទេសរបស់គេវិញយ៉ាងគំហុក។ នៅពេលនេះរដ្ឋាភិបាលបានសម្រេចពន្យារពេលផាកពិន័យជាផ្លូវការចំនួន ១២០ ថ្ងៃមុនពេលចាប់ផ្តើមអនុវត្តច្បាប់ថ្មីនេះឲ្យបានពេញលេញ។ យោងតាមរដ្ឋាភិបាលគោលដៅនៃការអនុវត្តច្បាប់ថ្មីនេះមិនមែនដើម្បីទប់ស្កាត់ពលករចំណាកស្រុកទេ ប៉ុន្តែច្បាប់ថ្មីនេះគឺចង់ធ្វើឱ្យពលករបរទេសមានឯកសារត្រឹមត្រូវពេញលេញស្របតាមច្បាប់។ ចំពោះពលករខ្មែរពួកគេគួរវិលត្រឡប់មកស្រុកកំណើតរបស់ពួកគេវិញដើម្បីធ្វើឯកសារចាំបាច់នានារួចសឹមវិលត្រឡប់ទៅធ្វើការវិញដោយស្របច្បាប់។

តាមពិតទៅពលករខ្មែរធ្វើការនៅប្រទេសថៃដឹងយ៉ាងច្បាស់អំពីចំណុចនេះប៉ុន្តែការធ្វើឯកសារតាមផ្លូវច្បាប់គឺមានតម្លៃថ្លៃហើយពិបាក និងចំណាយពេលយូរទម្រាំទទួលបានឯកសារទាំងនោះ។ សម្រាប់ពលករភាគច្រើនរឿងតម្លៃធ្វើឯកសារថ្លៃគឺជាបញ្ហាដ៏សំខាន់មួយ។ ជាការពិតមូលហេតុចម្បងដែលពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃគ្មានលិខិតស្នាមត្រឹមត្រូវតាមផ្លូវច្បាប់គឺដោយសារតែតម្លៃចំណាយ និងឧបសគ្គនានានៅពេលធ្វើឯកសារទាំងនោះ ដូច្នេះហើយវាបង្ខំឲ្យពួកគេមួយចំនួនសម្រេចទៅធ្វើការដោយគ្មានឯកសារត្រឹមត្រូវ។ ពលករដែលចង់ទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់គឺពួកគេតម្រូវឱ្យមានលិខិតឆ្លងដែនខ្មែរ ត្រូវមានទិដ្ឋាការ ប័ណ្ណអនុញ្ញាតឲ្យធ្វើការងារ និងកិច្ចសន្យាការងារជាមួយនិយោជករបស់ពួកគេ។ បច្ចុប្បន្ននេះមធ្យោបាយតែមួយគត់ដើម្បីទទួលបានឯកសារទាំងអស់នេះគឺត្រូវធ្វើតាមរយៈក្រុមហ៊ុនជ្រើសរើសពលករដែលជាអ្នករៀបចំទិដ្ឋាការ និងលិខិតអនុញ្ញាតធ្វើការងារផ្លូវការស្របតាមច្បាប់របស់រដ្ឋាភិបាលថៃ។ ពលករភាគច្រើនបានប្រាប់ថាដើម្បីទទួលបានឯកសារទាំងអស់នោះគឺត្រូវចំណាយប្រាក់អស់ប្រហែល ៧០០ ដុល្លារ។ លើសពីនេះទៀតបញ្ហាការិយាធិបតេយ្យដ៏ស្មុគស្មាញអំពើពុករលួយការផ្តល់ព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ និងសេវាធ្វើឯកសាររបស់រដ្ឋមិនល្អបានផ្តល់ផលវិបាកយ៉ាងច្រើនមុននឹងទទួលបានឯកសារទាំងនោះទោះបីពលករដែលមានឆន្ទៈចំណាយក្នុងតម្លៃនេះក្តី។

រាជរដ្ឋាភិបាលកម្ពុជាត្រូវចាត់វិធានការបន្ទាន់លើបញ្ហាទាំងនេះដើម្បីផ្តល់សេវាធ្វើឯកសារដល់ពលករឲ្យមានភាពងាយស្រួលនឹងមានតម្លៃថោក។ ប្រទេសកម្ពុជាប្រហែលមិនទាន់ដឹងខ្លួនទេថាខ្លួនជាប្រទេសនាំចេញកម្លាំងពលកម្ម។ កាលពី ១៥ ឆ្នាំមុនមានប្រជាពលរដ្ឋខ្មែរតែមួយចំនួនតូចប៉ុណ្ណោះបានចេញទៅធ្វើការនៅក្រៅប្រទេស ប៉ុន្តែបច្ចុប្បន្ននេះពលរដ្ឋខ្មែរជាងមួយលាននាក់បានចេញទៅធ្វើការនៅក្រៅប្រទេសដែលភាគច្រើននៃពួកគេគឺកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។ និយាយទៅ ៤ គ្រួសារនៅក្នុងប្រទេសកម្ពុជាមានសមាជិកម្នាក់ធ្វើការនៅប្រទេសថៃ។

ក្រុមអ្នកសេដ្ឋវិទូ និងអ្នកបង្កើតគោលនយោបាយបានចង្អុលបង្ហាញថាប្រាក់រាប់ពាន់លានដុល្លារដែលពលករចំណាកស្រុកផ្ញើមកស្រុកកំណើតជារៀងរាល់ឆ្នាំគឺជាភ័ស្តុតាងមួយនៃការរួមចំណែករបស់ពួកគេចំពោះការអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្តែចំនួននេះវាគ្រាន់តែសម្រាប់ដោះស្រាយចំពោះគ្រួសារពលករដែលនៅជនបទប៉ុណ្ណោះ។ បរិយាកាសមួយចំនួនបានធ្វើឲ្យពលករចំណាកស្រុករកស៊ីបានតែមួយគ្រប់ៗប៉ុណ្ណោះព្រោះបច្ចុប្បន្ននេះគេឃើញថាតម្លៃទំនិញមានការកើនឡើង ហើយជាពិសេសបញ្ហាបំណុលរបស់គ្រួសារពលករទាំងនោះដែលចេះតែកើនឡើង អ៊ីចឹងហើយចំណូលរបស់ពួកគេគឺគ្រាន់តែបានចូលរួមកែលម្អជីវភាពរស់នៅរបស់ពួកគេបានមួយចំណែកហើយមួយចំណែកទៀតត្រូវយកទៅសងបំណុលគ្រួសារ។

នៅក្នុងប្រទេសកម្ពុជាគ្រួសារដែលក្រីក្របំផុតទំនងជាគ្រួសារដែលមានសមាជិកកំពុងធ្វើការនៅក្នុងប្រទេសថៃ។ លើសពីនេះទៀតគ្រួសារដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃមិនមែនចេញទៅស្មើៗគ្នាពីគ្រប់តំបន់នោះទេ ជាទូទៅគឺពួកគេចេញទៅដោយមានលក្ខណៈប្រមូលផ្តុំដោយតំបន់ មានន័យថានៅក្នុងសហគមន៍ខ្លះគ្រួសារស្ទើរតែទាំងអស់ពឹងផ្អែកលើការផ្ញើប្រាក់មកពីប្រទេសថៃដើម្បីបំពេញតម្រូវការរបស់ពួកគេ។ ការត្រឡប់មកវិញរបស់ពលករចំណាកស្រុកដ៏ច្រើនកាលពីឆ្នាំ ២០១៤ វាបានបង្ហាញពីទិដ្ឋភាពមួយចំនួនពាក់ព័ន្ធទៅនឹងប្រព័ន្ធនៃការធ្វើចំណាកស្រុកដែលយើងត្រូវពិនិត្យមើល។ ពលករដែលបានវិលត្រឡប់មកវិញពួកគេប្រឈមនឹងបំណុលដែលចេះតែកើនឡើង និងគ្មានការងារធ្វើជាបញ្ហាដែលអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាជាទូទៅ។ ប៉ុន្តែផលប៉ះពាល់នៃការវិលត្រឡប់របស់ពលករចំណាកស្រុកកាលពីឆ្នាំ ២០១៤ គឺមានរយៈពេលខ្លីប៉ុណ្ណោះដោយសារតែពួកគេបានវិលត្រឡប់ទៅប្រទេសថៃវិញភ្លាមៗ ដើម្បីបន្តធ្វើការងាររបស់គេតាមធម្មតាវិញ។

ចាប់តាំងពីពេលនោះមករដ្ឋាភិបាលថៃបានផ្តល់ការអនុគ្រោះបណ្ដោះអាសន្នដល់ពលករបរទេសដែលកំពុងធ្វើការនៅក្នុងប្រទេសខ្លួន ខណៈពេលដែលរដ្ឋាភិបាលកំពុងរៀបចំគោលនយោបាយ និងច្បាប់ថ្មីដើម្បីគ្រប់គ្រងលើពលករបរទេសទាំងអស់នៅក្នុងប្រទេសហើយរដ្ឋាភិបាលបានគំរាមថានឹងធ្វើការបង្ក្រាបចំពោះពលករបរទេសណាដែលគ្មានលិខិតស្នាមត្រឹមត្រូវតាមច្បាប់។ នៅពេលដែលយើងអានច្បាប់ថ្មីយើងឃើញថារដ្ឋាភិបាលថៃកំពុងបង្ហាញថាខ្លួនកំពុងធ្វើការគ្រប់គ្រងពលករបរទេសខុសច្បាប់នៅក្នុងប្រទេសរបស់ខ្លួនដែលការផ្លាស់ប្តូរនេះគឺជាអ្វីដែលយើងគួរយកចិត្តទុកដាក់។

ក្រុមអ្នកសង្កេតការណ៍បានកត់សម្គាល់ពីតម្រូវការរចនាសម្ព័ន្ធសម្រាប់ពលករចំណាកស្រុកនៅក្នុងសេដ្ឋកិច្ចថៃដោយពួកគេសន្មតថាបញ្ហាពលករចំណាកស្រុកក្នុងតំបន់ ហាក់នៅមានស្ថិរភាពទោះបីមានការផ្លាស់ប្តូរគោលនយោបាយគ្រប់គ្រងពលករចំណាកស្រុករបស់ថៃក្តីដែលនេះជាការពិតមួយគឺវាជាកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យពលករចំណាកស្រុកមានសុវត្ថិភាពហើយវាមិនមែនសម្រាប់តែបុគ្គលនោះប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រួសាររបស់ពួកគេផងដែរ។ និយាយជាទូទៅទាំងពលករចំណាកស្រុក និងរដ្ឋាភិបាលចង់បានដូចគ្នា។ សម្រាប់ពលករចំណាកស្រុកគឺពួកគេចង់បានឱកាសធ្វើការនៅក្រៅប្រទេសដែលមានសុវត្ថិភាព និងស្របច្បាប់។ ប៉ុន្តែខណៈពេលដែលពលករចំណាកស្រុកចង់បានការងារស្របច្បាប់ធនធានរបស់ពួកគេក៏មានកំណត់ដែរ។ ជារឿយៗពួកគេតែងតែចង់ចេញទៅធ្វើការក្រៅប្រទេសដោយចំណាយប្រាក់តិចហើយរំពឹងឱកាសចេញទៅដោយគ្មានឧបសគ្គដោយផ្អែកលើតម្រូវការបន្ទាន់របស់និយោជក និងការផ្លាស់ប្តូរផែនការអនាគតហើយចំពោះអ្នកទាំងនេះបច្ចុប្បន្ននេះពួកគេទំនងមិនបានឆ្លងកាត់ការធ្វើលិខិតស្នាមស្របច្បាប់នោះទេ។ លើសពីនេះទៀតក៏ចាំបាច់តម្រូវឲ្យមានការត្រួតពិនិត្យលើការជ្រើសរើសពលករផងដែរហើយក៏ត្រូវមានយន្តការគាំទ្រដល់ពលករចំណាកស្រុកដែលនៅធ្វើការនៅក្នុងប្រទេសថៃទាំងនោះឲ្យបានរឹងមាំ។

ខណៈដែលក្រុមអ្នកបង្កើតគោលនយោបាយមានទំនោរចង់ឃើញពលករចំណាកស្រុកស្របច្បាប់ មានលក្ខខណ្ឌការងារប្រសើរជាងពលករដែលគ្មានឯកសារស្របច្បាប់ ប៉ុន្តែពលករចំណាកស្រុកបានកត់សម្គាល់ឃើញថាពលករចំណាកស្រុកស្របច្បាប់មិនមែនទាំងអស់សុទ្ធតែទទួលបានការការពារនោះទេ។ ខណៈដែលភាពស្របច្បាប់ដែលផ្តល់ដល់ពលករចំណាកស្រុកមានចែងនៅលើក្រដាសនោះពួកគេអាច ឬមិនអាចទទួលបានការការពារសិទិ្ធទាំងនោះនៅពេលអនុវត្តការងារជាក់ស្តែង។ ជាការពិតណាស់កន្លងមកតែងតែមានការចោទសួរចំពោះក្រុមហ៊ុនជ្រើសរើសពលករស្របច្បាប់ទាំងក្នុងប្រទេស និងក្រៅប្រទេសអំពីស្ថានភាពផ្លូវច្បាប់ដើម្បីការពារដល់ពលករស្របច្បាប់ទាំងនោះ។

ប្រទេសកម្ពុជាអាចមានឥទ្ធិពលតិចតួចទៅលើគោលនយោបាយរបស់ថៃស្តីអំពីពលករចំណាកស្រុក។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជាអាចធ្វើការមួយចំនួនដើម្បីបង្កើតសេវាផ្តល់ឯកសារដល់ពលករក្នុងតម្លៃមួយសមរម្យដែលអាចទទួលយកបាននឹងមានភាពងាយស្រួលចំពោះការជ្រើសរើសពលករស្របច្បាប់។ ចំណុចទាំងអស់នេះអាចនឹងបង្កើតឱ្យមានស្ថិរភាពសម្រាប់ពលករ និងសម្រាប់ប្រព័ន្ធទាំងមូល៕ NS

website_news/2017120707.txt · Last modified: 2017/07/12 12:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki