website_news:2017120708

ក្រសួងការងារ ចុះអនុស្សរណៈជាមួយជប៉ុន ស្ដីពីការបណ្ដុះបណ្ដាលកម្មសិក្សាការី

http://kleykley.sabay.com.kh/article/ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៧

ក្រសួងការងារកម្ពុជា និងក្រសួងការងារជប៉ុន បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលកម្មសិក្សាបច្ចេកទេស និងនីតិវិធី ជ្រើសរើស បណ្ដុះបណ្ដាល និងនាំកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន។ ការចុះអនុស្សរណៈនេះ ធ្វើឡើងអំឡុងជំនួបជំនួបពិភាក្សារវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា និងលោក Shiozaki រដ្ឋមន្ត្រីក្រសួងការងារ សុខាភិបាល និងសុខុមាលភាពសង្គមនៃប្រទេសជប៉ុន។ ក្នុងនោះ ភាគីទាំងពីរបានឯកភាពលើ ៧ចំណុច៖

១. ក្រសួងនៃប្រទេសជប៉ុន ដោយមានការសហការជាមួយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ត្រូវប្តេជ្ញាចិត្តទទួលនូវកម្មសិក្សាការីជំនាញបច្ចេកទេសពីប្រទេសកម្ពុជា ដែលអនុលោមទៅតាមច្បាប់ និងបទបញ្ញត្តិដែលពាក់ព័ន្ធនៃប្រទេសជប៉ុន។

២. ក្រសួងការងារកម្ពុជា ត្រូវប្តេជ្ញាចិត្តក្នុងការបញ្ជូនកម្មសិក្សាការីជំនាញបច្ចេកទេស ដែលអនុលោមទៅតាមច្បាប់ និងបទបញ្ញត្តិនៃប្រទេសកម្ពុជា។

៣. ទាំងក្រសួងនៃប្រទេសជប៉ុន និងក្រសួងនៃប្រទេសកម្ពុជា (ចាប់ពីពេលនេះទៅហៅកាត់ថាក្រសួងទាំងពីរ) នឹងជ្រើសរើសអ្នកតំណាងក្នុងការទំនាក់ទំនង និងសម្របសម្រួល រវាងប្រទេសទាំងពីរ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពនូវអនុស្សរណៈនេះ។

៤. ក្រសួងទាំងពីរ នឹងប្រឹក្សាយោបល់គ្នាក្នុងការអនុវត្តនៃសកម្មភាពទាំងឡាយណារបស់អនុស្សរណៈ ឬមានវិវាទដែលបានកើតឡើង ដូចជាការបាត់ខ្លួនរបស់កម្មសិក្សាការីជំនាញបច្ចេកទេស ដោយរាល់វិវាទទាំងនោះ ត្រូវបានដោះស្រាយដោយកិច្ចសហការយ៉ាងជិតស្និទ្ធ និងតាមរយៈការទូតឱ្យបានសមស្របរវាងក្រសួងដែលពាក់ព័ន្ធ និងទីភ្នាក់ងាររបស់ប្រទេសនីមួយៗ។

៥. កិច្ចសហការនៃអនុស្សារណៈ នឹងត្រូវអនុវត្តនៅក្រោមវិសាលភាពនៃច្បាប់ និងបទបញ្ញត្តិនៃប្រទេសនីមួយៗ។

៦. ក្រសួងទាំងពីរ នឹងធ្វើការកំណត់នូវកិច្ចប្រជុំ និងចែករំលែកព័ត៌មានសម្រាប់កិច្ចសហការលើកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស ហើយសមាគមបណ្ដុះបណ្ដាលកម្មសិក្សាការីជំនាញបច្ចេកទេស និងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសជប៉ុន នឹងធ្វើការទំនាក់ទំនងគ្នាទៅលើការអនុវត្តកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស។

៧. ការចាប់ផ្ដើមនៃអនុស្សរណៈនេះ នឹងត្រូវបានអនុវត្ត ដោយមានកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរទាក់ទងនឹងកម្មវិធីបណ្ដុះបណ្ដាលកម្មសិក្សាការីជំនាញបច្ចេកទេស។

សូមបញ្ជាក់ថា ច្បាប់នេះ នឹងដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ តទៅ៕

website_news/2017120708.txt · Last modified: 2017/07/12 12:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki