website_news:2017120711

ថៃនៅតែបញ្ជូនពលករខ្មែរខុសច្បាប់មកកម្ពុជា តែថយចុះច្រើន

http://www.rasmei-kampuchea-news.html ដោយ ៖ភ្នំស្វាយ ថ្ងៃទី 12 កក្កដា 2017 ម៉ោង 11:07:AM

បន្ទាយមានជ័យ ៖ អាជ្ញាធរមានសមត្ថកិច្ច នៃរាជរដ្ឋាភិបាលថៃ នៅតែចាប់បញ្ជូនពលករខ្មែរ ក្នុងចំណោមពលករបរទេសខុសច្បាប់ ធ្វើការនៅប្រទេសថៃឲ្យមាតុភូមិនិវត្តិន៍ដដែល ប៉ុន្តែចំនួនបានថយចុះច្រើន។

អភិបាលរងខេត្តបន្ទាយមានជ័យទទួលបន្ទុកការងារនេះ ឲ្យកាសែតរស្មីកម្ពុជាដឹងនៅថ្ងៃទី១១ កក្កដាថា អាជ្ញាធរមានសមត្ថកិច្ចថៃ នៅតែចាប់បញ្ជូនពលករខ្មែរវិលមកកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតដដែល។ ប៉ុន្តែវាបានថយចុះពីជិត៧០០ទៅ១.០០០នាក់ក្នុង១ថ្ងៃៗ មកនៅត្រឹមជាង១០០នាក់ក្នុង១ថ្ងៃៗ។

លោកអនុសេនីយ៍ អោក សំណុក នាយរងលារិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រចាំនៅស្ថានីយទទួលពលករខ្មែរ នាព្រំដែនប៉ោយប៉ែត ប្រាប់កាសែតរស្មីកម្ពុជាយប់ថ្ងៃទី១១កក្កដាថា ៣-៤ថ្ងៃមកនេះ បរិមាណពលករខ្មែរខុសច្បាប់ ដែលអាជ្ញាធរសមត្ថកិច្ចកងកម្លាំងថៃ ចាប់បញ្ជូនមកបានថយចុះពី៣៥០ទៅជិត១.០០០នាក់ មកនៅត្រឹមជិតនិងជាង១០០នាក់។លោក អោក សំណុក បន្តថា ថៃមិនមែនផ្អាកទាំងស្រុង ការចាប់បញ្ជូនពលករខ្មែរធ្វើមាតុភូមិនិវត្តន៍នោះទេ ប៉ុន្តែគ្រាន់តែថយចុះច្រើនតាំងពីរាជរដ្ឋាភិបាលកម្ពុជា និងថៃឲ្យរដ្ឋមន្ត្រី និងមន្ត្រីនៃក្រសួងពាក់ព័ន្ធទៅជួបពិភាក្សា ដោះស្រាយបញ្ហាពលករនៅប្រទេសថៃ ហើយបានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ថា មិនចាប់បញ្ជូនដោយបង្ខំពលករបរទេសខុសច្បាប់ទៀតទេ តែត្រូវរួមគ្នាធ្វើបែបបទស្របច្បាប់ឲ្យពលករឲ្យបានឆាប់រហ័សបំផុត តាមដែលបានព្រមព្រៀងគ្នា។ លោកបន្តថា ក្នុងការផ្តល់សេវាទទួលពលករនេះ មន្ត្រីក្រុមការងារនគរបាលអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ រួមទាំងអង្គការក្រៅរដ្ឋាភិបាល ក៏បានជួយសម្រួល និងឧបត្ថម្ភដល់ពលករដែលខ្វះអាហារ និងសោហ៊ុហធ្វើដំណើរផងដែរ។

សូមរំលឹកថា ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការ ផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៧ អោយដឹងថាក្រោយជំនួបរវាងឯ/ឧ ស៊ីរីឆៃ ឌីស្តាគុល រដ្ឋមន្ត្រីក្រសួងការងារថៃ ជាម្ចាស់ផ្ទះនិងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា នៅក្រសួងការងារថៃ ភាគីទាំង២បានព្រមព្រៀងលើកិច្ចពិភាក្សាកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងកម្លាំងពលកម្ម ជាពិសេសស្វែងរកដំណោះស្រាយក្នុងការផ្តល់ភាពស្របច្បាប់ ជូនពលករកម្ពុជា ដែលបានកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ មានខ្លឹមសារសំខាន់ៗ៤ចំណុច។ ពោលគឺថៃមិនចាប់បង្ខំបញ្ជូនពលករកម្ពុជាទាំងនោះទេ ដោយទុករយៈកន្លះឆ្នាំ ឬ១៨០ថ្ងៃ ឲ្យភាគីកម្ពុជាធ្វើបែបបទស្របច្បាប់ជូនពលករខ្លួន។

ឯកឧត្តម អ៊ិត សំហេង ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នៃរាជរដ្ឋាភិបាលកម្ពុជា ថ្លែងកាលពីថ្ងៃទី៧កក្កដាថា កម្ពុជានឹងបើកយុទ្ធនាការទ្រង់ទ្រាយធំ១០០ថ្ងៃ ធ្វើលិខិតឆ្លងដែនជូនពលករកម្ពុជា មិនទាន់ស្របច្បាប់ជាង១៧ម៉ឺននាក់ ក្នុងចំណោមពលករកម្ពុជានៅថៃ ១.០៥០.០០០នាក់។ ឯពលករ ៧៥ម៉ឺននាក់ទៀត ជាពលករជាពលករស្របច្បាប់ហើយ។

សូមបញ្ជាក់ដែរថា ក្នុងចំណោមពលករកម្ពុជាទាំងនោះ មានសមាសភាពជាកម្មករនេសាទសមុទ្រជាង៤៧ម៉ឺននាក់។ ជំនួបដំណោះស្រាយបន្ទាន់របស់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា និងថៃនេះ គឺក្រោយអាជ្ញាធរថៃ ប្រកាសប្រើប្រាស់អនុវត្តអនុក្រឹត្យថ្មីលើការរឹតបន្តឹងគ្រប់គ្រងពលករបរទេស ដែលរួមទាំងផាកពិន័យជាប្រាក់ដ៏ច្រើនដល់ពលករ ដល់និយោជក និងអ្នកពាក់ព័ន្ធថៃជាម្ចាស់ផ្ទះ។ ហេតុនេះ ទើបអាជ្ញាធរថៃត្រូវចាប់បញ្ជូនបង្ខំមាតុភូមិនិវត្តន៍ពលករកម្ពុជា ក្នុងចំនួនច្រើនៗឡើងវិញ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី១១កក្កដា ថ្លែងថា ជាងកន្លះឆ្នាំ២០១៧មកនេះ ថៃបញ្ជូនពលករកម្ពុជាមាតុភូមិនិវត្តិន៍ជិត៩ម៉ឺននាក់។ ក្នុងនោះ ពលករក្នុងខេត្តបន្ទាយមានជ័យ មានជាង៤ម៉ឺននាក់។

គួរបញ្ជាក់ដែរថា ក្នុងយុទ្ធនាការបោសសម្អាតពលករបរទេសខុសច្បាប់ និងបញ្ចៀសអំពើជួញដូរ កេងប្រវ័ញ្ចកម្លាំងពលកម្ម រដ្ឋាភិបាលយោធាថៃរបស់នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ បានបញ្ចាឲ្យចាប់បញ្ជូនពលករកម្ពុជា ជិតកន្លះលាននាក់កាលពីឆ្នាំ២០១៣៕

website_news/2017120711.txt · Last modified: 2017/08/24 15:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki