website_news:2017120901

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថា ការយល់ច្បាប់ ស្តីពីការស្មុំកូន របស់ពលរដ្ឋ នៅមានកម្រិត

https://www.dap-news.com/kh/ អង្គារ, ១២ កញ្ញា ២០១៧ 11:33 ដោយ: បាន សុខរិទ្ធិ ID:012

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា បានលើកឡើងថា ច្បាប់ស្តីពីការស្មុំកូន ដែល បានដាក់ ឲ្យអនុវត្តន៍នៅចុងឆ្នាំ២០១១ ដែលមានលក្ខណៈរដ្ឋបាលច្រើន បានធ្វើឲ្យប្រជាពលរដ្ឋមានការ យល់ដឹងនៅ មានកម្រិត ទាមទារឲ្យអ្នកពាក្យពាក់ព័ន្ធធ្វើការពន្យល់ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ។ ក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ សេចក្តីពន្យល់ការស្មុំកូនក្នុងប្រទេស នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នាសណ្ឋាគារសាន់វេ លោក អង្គ វង្សវឌ្ឍនា បានមានប្រសាសន៍ថា ដោយមើលឃើញពី សារៈប្រយោជន៍ នៃការទុកដាក់កុមារនៅក្នុងគ្រួសារ ទើបក្រសួងយុត្តិធម៌ បានរៀបចំនូវបទបញ្ញត្តិគតិ យុត្តិស្តីពី ការស្មុំកូន នៅក្នុងក្រមរដ្ឋប្បវេណី ។

លោករដ្ឋមន្ត្រី បានបន្តថា នៅពេលបទបញ្ញត្តិគតិយុត្តិនេះត្រូវបានអនុវត្តន៍ ក្រសួងយុត្តិធម៌បាន យល់ឃើញថា ការស្មុំកូនក្នុងប្រទេស ក៏មានទំនាក់ទំនងផងដែរជាមួយការស្មុំកូនអន្តរជាតិ ។ ហេតុនេះ ហើយ ដើម្បីជាមូល ដ្ឋានសម្រាប់ជំនួយដល់មន្ត្រីអនុវត្តន៍ច្បាប់ ក្នុងការពង្រីក ការយកចិត្តទុកដាក់ បន្ថែមទៀត និងទុកដាក់កុមារ ឲ្យមានសុវត្ថិភាព នៅក្នុងគ្រួសារដែលមានបំណងស្មុំកូនទាំងក្នុងប្រទេស និងស្មុំកូនអន្តរប្រទេស ទើបក្រសួង យុត្តិធម៌ និងអង្គការយូនីសេហ្វ រៀបចំឲ្យមានសេចក្តីពន្យល់នេះ ឡើយ ។ លោក អង្គ វង្សវឌ្ឍនា បានបន្ថែមថា “យើងឃើញថាច្បាប់ពិតជាមានមែន ប៉ុន្តែការយល់ច្បាប់ នៅមានកម្រិត ហើយខ្ញុំយល់ឃើញថា ការងារស្មុំកូននេះមិនមែនជាការងាយស្រួលទេ ជាពិសេស ជាមួយនឹងអន្តរជាតិ” ។

សូមបញ្ជាក់ថា ច្បាប់ស្មុំកូនត្រូវបានរដ្ឋសភាអនុម័ត កាលពីឆ្នាំ២០០៩ តែមិនត្រូវបានដាក់ឲ្យអនុវត្តន៍ឡើយ ដោយសារតែក្រសួងសង្គមកិច្ចបានស្នើផ្អាកការអនុវត្តច្បាប់នោះ ព្រោះត្រូវធ្វើឲ្យមានលិខិត បទដ្ឋានផ្សេងៗ ពាក់ព័ន្ធនឹងការស្មុំកូនអន្តរជាតិឲ្យធ្វើឡើងដោយរលូន ហើយចាកផុតពីការជួញដូរកុមារកម្ពុជា ហើយច្បាប់ មួយនេះ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ទើបដាក់ឲ្យអនុវត្តន៍ជាផ្លូវការ ៕

website_news/2017120901.txt · Last modified: 2017/09/12 15:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki