website_news:2017121001

សង្គមស៊ីវិលថា ក្រសួងគួរបង្កើតកន្លែងធ្វើលិខិតឆ្លងដែននៅខេត្តផ្សេងក្រៅពីបន្ទាយមានជ័យ និងបាត់ដំបង

http://km.rfi.fr/cambodia/civil ដោយ អេង គីមហុង 11/10/2017

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង នៅថ្ងៃទី១០ខែតុលាម្សិលមិញ បានបង្ហើបពីគម្រោងបង្កើតការិយាល័យធ្វើលិខិតឆ្លងដែននៅខេត្តជាប់ព្រំដែនថៃ គឺបន្ទាយមានជ័យ និងបាត់ដំបង។ ចំណែកសង្គមស៊ីវិលថា ក្រសួងគួរសិក្សាលើគម្រោងបង្កើតការិយាល័យធ្វើលិខិតឆ្លងដែន នៅខេត្តផ្សេងទៀតក្រៅពីបន្ទាយមានជ័យ និងបាត់ដំបង។

លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យសង្គមចាត់ទុកនេះគឺជាដំណើរការវិវត្តន៍មួយដ៏ល្អដែលក្រសួងមានគម្រោងបង្កើតការិយាល័យធ្វើលិខិតឆ្លងដែននៅខេត្តជាប់ព្រំដែន។ ប៉ុន្តែលោក សន ជ័យ បន្តផ្ដល់យោបល់ថា ក្រសួងគួរតែប្រមើមើល ដោយសិក្សាទៅលើការដាក់ការិយាល័យធ្វើលិខិតឆ្លងដែននេះ នៅចំណុចកណ្ដាលនៃខេត្តជាប់ព្រំដែនបន្តទៀតដូចជាខេត្តក្រចេះ គឺងាយស្រួលពលរដ្ឋឡើងពីខេត្តរតនគិរី និងមណ្ឌលគិរីមកធ្វើលិខិតឆ្លងដែននេះនៅក្រចេះ។ ក្រៅពីក្រចេះ គួរតែចាប់អារម្មណ៍ខេត្តកោះកុងមួយទៀតនៅក្នុងការដាក់ការិយាល័យធ្វើលិខិតឆ្លងដែន។ នេះបើតាមលោក សន ជ័យ ។ តែអ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងថា មន្រ្តីជំនាញកំពុងសិក្សាលើគម្រោងដាក់ការិយាល័យក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យសិន។

ចំពោះលោកឧបនាយករដ្ឋមន្ត្រី ស ខេង បានគូសបញ្ជាក់ថា នៅពេលដាក់ឲ្យដំណើរ ការិយាល័យធ្វើលិខិតឆ្លងដែននេះហើយ គឺមន្ត្រីជំនាញត្រូវធ្វើឯកសារចំនួនពីរជូនពលរដ្ឋក្នុងរយៈពេលតែមួយថ្ងៃទេ ត្រូវធ្វើឲ្យហើយ ចំពោះវីសាការងារ និងលិខិតឆ្លងដែន។ លោក ស ខេង ក៏បានរម្លឹកទៅអាជ្ញាធរមិនត្រូវប្រថុយប្រថានទៀតទេលើរឿងនេះពោលបើមានលិខិតឆ្លងដែន ក៏ត្រូវមានវីសាការងារដែរ។ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានលើកទឹកចិត្តទៅអាជ្ញាធរឲ្យរកដំណោះស្រាយកុំឲ្យកើតមានរឿងដដែល នៅពេលទៅធ្វើការនៅក្រៅប្រទេស ត្រូវបានបញ្ជូនត្រឡប់មកវិញ ក្រោមមូលហេតុថា គ្មានលិខិតស្នាមត្រឹមត្រូវ។ លោករដ្ឋមន្ត្រីទទួលស្គាល់ថា ពលរដ្ឋដែលទៅធ្វើការខុសច្បាប់នៅថៃ មិនមែនទៅតាមច្រកអន្តរជាតិទេ ពួកគេបានធ្វើដំណើរលួចលាក់តាមច្រករបៀង។

ចំណែក លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារឲ្យដឹងថា បច្ចុប្បន្នពលរដ្ឋខ្មែរកំពុងធ្វើការនៅប្រទេសថៃមានចំនួន១លាន៥ម៉ឺននាក់។ ក្នុងនោះ៣០ម៉ឺននាក់នៅមិនទាន់មានឯកសារត្រឹមត្រូវនៅឡើយទេ ប៉ុន្តែក្រសួងការងារបានសម្រេចបង្កើតការិយាល័យផ្ដល់ភាពស្របច្បាប់ដល់ពលករខ្មែរ នៅក្នុងទីតាំងបីកន្លែងនៅក្នុងប្រទេសថៃរួមមានៈ ខេត្តស៊ុងក្លា រ៉ាក់យ៉ង និងបាងកក។ ដំណើរការផ្ដល់ភាពស្របច្បាប់នេះនឹងចាប់ផ្ដើមនៅថ្ងៃទី១២ខែតុលាស្អែកនេះ៕

website_news/2017121001.txt · Last modified: 2017/10/12 13:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki