website_news:2017130203

ស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី អន្តរាគមន៍ជួយពលការិនីខ្មែររងគ្រោះ៧នាក់ វិលត្រលប់មកកម្ពុជាវិញ

http://freshnewsasia.com 2017-02-10

(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលការិនីខ្មែរ៧នាក់ ឱ្យត្រឡប់មកកម្ពុជា បានដោយជោគជ័យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា ពលការិនីទី១មានឈ្មោះថា ស.ដ.ន អាយុ៣៣ឆ្នាំ និង ទី២ ឈ្មោះ ថ.ដ.ន អាយុ២២ឆ្នាំ។ អ្នកទាំងពីរ មកពីស្រុកសៀមរាប ខេត្តសៀមរាប បានធ្វើដំណើរទៅម៉ាឡេស៊ីដោយខ្លួនឯងនិងបំរើការងារជាអ្នកម៉ាស្សា កាលពីឆ្នាំ២០១៦។ ដោយចង់ត្រឡប់មកកម្ពុជាវិញ ពលការិនីទាំង២នាក់ បានស្នើសុំអន្តរាគមន៍ពីស្ថានទូតនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។ ស្ថានទូតបានជួយសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគដល់ពលការិនី មុនមាតុភូមិនិវត្តន៍របស់អ្នកទាំងពីរ។ ពលការិនី ស.ដ.ន និង ថ.ដ.ន បានមកដល់ព្រលាន យន្តហោះខេត្តសៀមរាប នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ០៧:៥០នាទីព្រឹក តាមជើងយន្តហោះ AK542 ។

ចំណែកពលការិនីទី៣ឈ្មោះ ភ.ស.ទ អាយុ៤០ឆ្នាំ មកពីស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានមេខ្យល់នាំទៅបម្រើការងារតាមផ្ទះនៅម៉ាឡេស៊ី ដោយធ្វើដំណើរតាមរថយន្តកាត់តាមប្រទេសថៃ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។ ដោយចង់ត្រឡប់ទៅកម្ពុជាវិញ ពលការិនី បានស្នើសុំអន្តរាគមន៍ពីស្ថានទូត នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៧។ ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគដល់ពលការិនី។

រីឯពលការិនីទី៤ ឈ្មោះ ជ.ឡ.អ អាយុ២៥ឆ្នាំ មកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចាញ់បោកមេខ្យល់ទៅម៉ាឡេស៊ី ធ្វើការងារតាមផ្ទះ ក្នុងខែកញ្ញា ឆ្នាំ២០១៦។ ដោយពុំអាចទ្រាំនឹងការងារលំបាកបាន នាងបានលួចរត់ចេញពីផ្ទះ Agency (សាម៉ីខ្លួនមិនចាំឈ្មោះ លេខទូរស័ព្ទ និងអាស័យដ្ឋានឡើយ) នៅខែមករា ឆ្នាំ២០១៧ និងបានរស់នៅក្នុងចំណតស្ថានីយ រថយន្តក្រុងអស់រយៈពេលមួយខែ ហើយបន្ទាប់មកត្រូវបានតំណាងរាស្ត្រទីក្រុង Puchong នៃរដ្ឋ Selangor ជូនទៅស្ថានទូត នៅថ្ងៃទី០៧ ខែកុម្ភៈ។ ស្ថានទូតបានចេញលិខិតធ្វើដំណើរ សម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ីនិង ឧបត្ថម្ភសំបុត្រយន្តហោះជូនដើម្បីឲ្យនាងអាចត្រឡប់មកកម្ពុជាវិញ។

ចំពោះពលការិនីទី៥វិញឈ្មោះ អ.ស.ល អាយុ២២ឆ្នាំ មកពីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទៅម៉ាឡេស៊ីធ្វើការជាអ្នកបោស សំអាត កាលពីខែតុលា ឆ្នាំ២០១៦ តាមរយៈមេខ្យល់។ ដោយធ្វើការលំបាក នាងបានទៅស្ថានទូតនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ពលការិនីទី៦ ហ.ស.ម អាយុ២៥ឆ្នាំ មកពីស្រុកព្រៃវែង ខេត្តព្រៃវែង បានទៅម៉ាឡេស៊ីធ្វើការជាអ្នកបោសសំអាតកាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០១៦ តាមរយៈមេខ្យល់។ ដោយធ្វើការលំបាក នាងបានស្នើសុំស្ថានទូតនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។និយោជករបស់ពលការិនីទាំង២នាក់ បានផ្តល់សំបុត្រយន្តហោះ និងចេញថ្លៃបង់ពិន័យឲ្យ ការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី តាមសំណើរបស់ស្ថានទូត។

ពលការិនីទី៧ ស.ម.រ អាយុ១៩ឆ្នាំ មកពីស្រុកស្នួល ខេត្តក្រចេះ បានទៅម៉ាឡេស៊ីធ្វើការតាមផ្ទះ កាលពីខែតុលា ឆ្នាំ២០១៦ តាមរយៈមេខ្យល់។ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ និយោជករបស់ពលការិនីបាននាំនាងមកស្ថានទូតស្នើសុំជួយរៀបចំ ឯកសារដើម្បីនាងអាចត្រឡប់មកកម្ពុជាវិញ ដោយសារនាងមានផ្ទៃពោះ ពុំអាចបំពេញការងារបន្តទៀតបាន។ ពលការិនីមានផ្ទៃពោះ តាំងពីមុនទៅម៉ាឡេស៊ី។ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ចំណែកនិយោជករបស់ ពលការិនីបានទិញសំបុត្រយន្តហោះជូននាង។

ពលការិនីទាំង៥នាក់ ចាប់ពីលេខរៀងទី៣ ដល់ទី៧ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ០៧:៥០នាទីព្រឹក តាមជើងយន្តហោះ AK536៕

website_news/2017130203.txt · Last modified: 2017/02/13 12:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki