website_news:2017130204

ស្ថានអគ្គ កុងស៊ុលកម្ពុជា អន្តរាគមន៍ ជួយស្រ្តីខ្មែរ រងគ្រោះ៣នាក់ នៅប្រទេសចិន

http://dap-news.com/kh សៅរ៍, ១១ កុម្ភៈ ២០១៧ 12:56 ដោយ: ដើមអម្ពិល ID:019

ភ្នំពេញ៖ ស្ថានឯកអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ និងទីក្រុងសៀងហៃ ប្រទេសចិន បានអន្តរាគមន៍ជួយស្រ្តីខ្មែរ ៣នាក់ ដែលរងគ្រោះ ដោយសារមេខ្យល់ បោកបញ្ឆោតនាំទៅ រៀបការជាមួយ បុរសជនជាតិចិន ។

យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១០ កុម្ភៈ បានឲ្យដឹងថា ស្ថានឯកអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន បានធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងរៀបចំមាតុភូមិនិវត្តន៍ ដល់ស្រ្តីខ្មែររងគ្រោះចំនួន ២នាក់ ទី១-ស្រ្តីឈ្មោះ ច.ស.ស អាយុ២៣ឆ្នាំ មកពីស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានមេខ្យល់នាំទៅរៀបការ ជាមួយបុរសជនជាតិចិន នៅខេត្តហូណាន កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦, ទី២-ស្រ្តីឈ្មោះ ស.ស.រ អាយុ៣៦ឆ្នាំ មកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានមេខ្យល់ នាំទៅរៀបការ ជាមួយបុរសជនជាតិចិន នៅខេត្តហូណាន កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។

ក្នុងសេចក្ដីជូនព័ត៌មានបន្តថា ស្ត្រីរងគ្រោះទាំងពីរនាក់ ត្រូវបានមេខ្យល់នាំទៅប្រទេសចិន ដោយធ្វើដំណើរកាត់តាម ប្រទេសវៀតណាម ដោយគ្មានទិដ្ឋាការ។ ស្រ្តីរងគ្រោះ បានទៅស្ថានអគ្គកុងស៊ុល នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ស្នើសុំជួយឲ្យបាន ត្រឡប់មកកម្ពុជាវិញ។ ស្ថានអគ្គកុងស៊ុល ក៏បានសម្របសម្រួល ជាមួយអាជ្ញាធរចិន និងអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍ (IOM) ប្រចាំទីក្រុងប៉េកាំង ដើម្បីរៀបចំ មាតុភូមិនិវត្តន៍ជូនពួកគេ។ ចំណែកស្ត្រីរងគ្រោះម្នាក់ទៀត ក្រោយពីទទួលបានបណ្តឹង របស់ក្រុមគ្រួសារសាម៉ីខ្លួន ក្រសួងការបរទេសខ្មែរ បានណែនាំដល់ ស្ថានឯកអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ ប្រទេសចិន ឲ្យអន្តរាគមន៍ជួយសង្គ្រោះស្រ្តីខ្មែរ ឈ្មោះ ច.ក អាយុ២៨ឆ្នាំ មកពីស្រុកកោះធំ ខេត្តកណ្តាល ដែលត្រូវបានមេខ្យល់បោកបញ្ឆោត នាំទៅរៀបការជាមួយ បុរសជនជាតិចិន អំឡុងខែមេសា ឆ្នាំ២០១៣ ដោយពុំបានចុះលិខិត អាពាហ៍ពិពាហ៍ឡើយ។ ដោយពុំអាចរស់នៅជាមួយប្តីបាន ស្រ្តីរងគ្រោះបានរត់ចេញពីផ្ទះ ហើយត្រូវបានអាជ្ញាធរចិន នៅទីក្រុងវិនចូវ នៃខេត្តជឺជាំង ឃុំខ្លួនពីបទស្នាក់ នៅប្រទេសចិនខុសច្បាប់។ សូមបញ្ជាក់ថា ស្រ្តីខ្មែររងគ្រោះទាំងពីរនាក់ បានមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ កាលពីម៉ោង ១៣៖២០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ តាមជើងយន្តហោះCZ6059 ។

រីឯស្រ្តីរងគ្រោះម្នាក់ទៀត ស្ថានអគ្គកុងស៊ុលកំពុង សម្របសម្រួល ជាមួយអាជ្ញាធរចិន រៀបចំមាតុភូមិនិវត្តន៍ របស់ស្ត្រីរងគ្រោះរូបនេះ៕

website_news/2017130204.txt · Last modified: 2017/02/13 12:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki