website_news:2017130302

រដ្ឋមន្រ្តីការងារ៖ មួយឆ្នាំៗប្រាក់ជាង១,៧០០លានដុល្លារ ត្រូវបានពលករខ្មែរ ដែលធ្វើការនៅក្រៅប្រទេស ផ្ញើមកស្រុកកំណើតវិញ

http://m.freshnewsasia.com/index. 2017-03-13

(ភ្នំពេញ)៖ ក្នុងនាមជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីប្រគល់សញ្ញា បត្រជូនសិក្ខាកាម និងនិស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ពលករខ្មែរដែលកំពុងធ្វើការនៅក្រៅ ប្រទេស ក្នុងមួយឆ្នាំៗ ពួកគាត់បានផ្ញើប្រាក់មកក្រុមគ្រួសារ នៅឯស្រុកកំណើតវិញ ជាង១,៧០០លានដុល្លារ។ លោករដ្ឋមន្រ្តីបានបន្តថា ពលករខ្មែរដែលកំពុងរស់នៅ និងបម្រើការងារ នៅក្រៅប្រទេសទាំងអស់នោះ មានជាង ១លាននាក់ គិតត្រឹមឆ្នាំ២០១៦ ភាគច្រើននៅប្រទេសថៃ ម៉ាឡេស៊ី សាធារណរដ្ឋកូរ៉េ ជប៉ុន សិង្ហបុរី និងប្រទេស ផ្សេងៗទៀត ដែលពួកគាត់ម្នាក់ៗ សុទ្ធតែទទួលបានប្រាក់ខែខ្ពស់ ឱកាសការងារល្អៗ មានជំនាញពិតប្រាកដ និងមានការធានាសុវត្ថិភាពការងារគ្រប់គ្រាន់ ពិសេសនោះពួកគាត់ក៏បានចូលរួមចំណែក ក្នុងចំណូលសេដ្ឋកិច្ចជាតិ មួយកម្រិតផងដែរ តាមរយៈការផ្ញើប្រាក់ចំណូលដ៏សន្ធឹសន្ធាប់ មកឲ្យក្រុមគ្រួសារនៅស្រុកកំណើតនេះវិញ។

លោកបានបន្ថែមថា ពលករខ្មែរដែលចេញធ្វើការនៅក្រៅប្រទេសនោះ មិនត្រឹមតែទទួលបានអត្ថប្រយោជន៍ ដូចបានរៀបរាប់នៅខាងលើ ប៉ុណ្ណោះទេនៅពេលពួកគាត់ត្រឡប់មកកម្ពុជាវិញពួកគាត់មានសមត្ថភាព មានជំនាញ ធ្វើការងារនានា ដែលកំពុងមានជាបន្តបន្ទាប់ក្នុងស្រុក បានយ៉ាងងាយស្រួល រកប្រាក់ចំណូលបានច្រើន មិនចាំបាច់ ចេញទៅក្រៅប្រទេស ដូចមុនៗឡើយ។ លោករដ្ឋមន្រ្តីថា «មានមួយចំនួន បងប្អូនពលកររបស់យើងដែលធ្លាប់ទៅ ធ្វើការនៅបរទេស ពេលត្រឡប់មកវិញ គឺពិតជាមានជំនាញកម្រិតខ្ពស់ និងមានតួនាទីសំខាន់ណាស់ ក្នុងទីផ្សារការ ងារក្នុងប្រទេសរបស់យើង»។

តែទោះជាយ៉ាងណា លោកបណ្ឌិត អ៊ិត សំហេង បានដាស់តឿន ណែនាំ និងទទូច ដល់ប្រជាពលរដ្ឋខ្មែរ គ្រប់គ្នា ដែលមានបំណងចង់ទៅធ្វើការនៅក្រៅប្រទេស ពិសេសប្រទេសជិតខាង មានប្រទេសថៃជាដើម ត្រូវ ទំនាក់ទំនងជាមួយ «ក្រុមហ៊ុនជ្រើសរើស និងបញ្ជូនពលករទៅធ្វើការ នៅក្រៅប្រទេសស្របច្បាប់» ឬមានឯកសារ ស្របច្បាប់គ្រប់គ្រាន់ជាមុនសិន មុននឹងឆ្លងដែនទៅប្រទេសគេ ដើម្បីចៀសវាងការឆ្លងដែនខុសច្បាប់ ព្រោះ សកម្មភាពទាំងនោះ នឹងនាំឲ្យខាតប្រយោជន៍ទាំងអស់គ្នា ទាំងខ្លួនឯង គ្រួសារ សង្គម និងមុខមាត់ប្រទេសជាតិ ដោយសារត្រូវសមត្ថកិច្ចប្រទេសគេ ចាប់ឃុំឃាំង កាត់ទោស ដាក់ពន្ធនាគារជាដើម ឬអាចគ្រោះថ្នាក់ដល់អាយុជីវិត ខ្លួនឯងថែមទៀត មិនងាយដោះស្រាយបានស្រួលនោះឡើយ។

លោកបណ្ឌិត អ៊ិត សំហេង បានបង្ហាញពីដំណោះស្រាយស្របច្បាប់យ៉ាងដូច្នេះថា បច្ចុប្បន្នរាជរដ្ឋាភិ បាលកម្ពុជា បាននិងកំពុងសហការគ្នាយ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលប្រទេសថៃ និងប្រទេសទទួលពលករ ខ្មែរដទៃទៀត ដើម្បីផ្ដល់ភាពស្របច្បាប់គ្រប់គ្រាន់ជូនពលករ-ពលការិនីខ្មែរ ហើយថែមទាំងចុះផ្ដល់សេវាស្របច្បាប់ នានា ដល់មូលដ្ឋានធ្វើការរបស់ពលករខ្មែរទាំងនោះផងដែរ ដូច្នេះពលករខ្មែរគ្រប់គ្នា ក៏ត្រូវចូលរួមឲ្យបានផុសផុល ផងដែរ ដើម្បីធានានិរន្តរភាព និងសុវត្ថិភាពការងារទាំងអស់គ្នា។

សូមជម្រាបថា ពិធីប្រគល់វិញ្ញាបនបត្រថ្នាក់វិជ្ជាជីវៈ និងសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ ជូនដល់ សិក្ខាកាម និងនិស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ខាងលើនេះ ត្រូវបានប្រារព្ធឡើងនៅវិទ្យាស្ថានជាតិអប់រំ ដែលក្នុង នោះមានសាមណសិស្ស និស្សិត និងសិក្ខាកាមចំនួន ១,១៧២អង្គ/នាក់៕

website_news/2017130302.txt · Last modified: 2017/03/14 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki