website_news:20171306001

ជនជាប់ចោទរត់ការនាំនារីខ្មែរទៅចិន ត្រូវបានបន្ថយទោស

http://www.phnompenh-post-news.html Tue, 13 June 2017 គឹម សារុំ

ភ្នំពេញ: សាលាឧទ្ធរណ៍កាលពីម្សិលមិញបានសម្រេចបន្ថយទោសជាប់គុកពី ៣ ឆ្នាំជាងមកនៅត្រឹម ២ ឆ្នាំចំពោះនារីជនជាប់ចោទរត់ការនាំនារីខ្មែរទៅរៀបការជាមួយបុរសនៅប្រទេសចិន។ ទោសដែលនៅសល់ត្រូវបានព្យួរទុក។ លោកចៅក្រម ស៊ិន វិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានថ្លែងនៅក្នុងសវនាការថានារីជាប់ចោទឈ្មោះ ភន ម៉ី ហៅ ឃន ម៉ី អាយុ ១៩ ឆ្នាំត្រូវនគរបាលមូលដ្ឋានថាចាប់ច្រឡំ ខណៈត្រូវសាលាឧទ្ធរណ៍លើកពេលសវនាការ ២ លើករួចហើយដើម្បីស្រាវជ្រាវឡើងវិញកាលពីម្សិលមិញដោយសម្រេចព្យួរទោស ១ ឆ្នាំ ៦ ខែ និងឲ្យជនជាប់ចោទអនុវត្តទោសក្នុងពន្ធនាគារតែ ២ ឆ្នាំប៉ុណ្ណោះ។

បើតាមរបាយការណ៍របស់តុលាការបានឲ្យដឹងថានារីជាប់ចោទឈ្មោះ ភន ម៉ី ហៅ ភន ស្រីពៅ អាយុ ១៩ ឆ្នាំបានឲ្យឈ្មោះ ឡេង គឹមលាង និងឈ្មោះ ឌួង ដើររកនារីដើម្បីបានទៅរៀបការប្តីនៅចិន។ ពេលនោះស្ត្រីទាំង ២ នាក់រកបាននារីម្នាក់ឈ្មោះ វ៉ន ស្រីណិប បន្ទាប់ពីរកបានមនុស្ស នារីជាប់ចោទបានឲ្យប្រាក់ពួកគេម្នាក់ ៥០ ដុល្លារ ឯស្ត្រីឈ្មោះ វ៉ន ស្រីណិប ត្រូវនារីជាប់ចោទឲ្យ ៥០០ ដុល្លារ និងធានារត់ការឯកសារឲ្យមួយចប់។

ក្រោយពីរត់ការឯកសារបានសម្រេចហើយក៏បញ្ជូនស្ត្រីឈ្មោះ វ៉ន ស្រីណិប ទៅប្រទេសចិន ប៉ុន្តែដោយប្តីចិនធ្វើបាប និងលក់នាងបន្ត ស្ត្រីរងគ្រោះបានរត់ទៅប្តឹងស្ថានទូតកម្ពុជាប្រចាំប្រទេសចិនហើយត្រូវបញ្ជូនមកកម្ពុជាវិញ។ ក្រោយពីស្ត្រីរងគ្រោះប្តឹងទៅការិយាល័យជួញដូរមនុស្សនៅស្នងការដ្ឋាននគរលរាជធានីភ្នំពេញ សមត្ថកិច្ចបានចុះទៅចាប់នារីជាប់ចោទនៅភូមិចន្ទ្រាក្រោម ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ សាលាដំបូងរាជធានីភ្នំពេញសម្រេចដាក់គុក ១០ ឆ្នាំ នៅខែមិថុនា ឆ្នាំ ២០១៥ ។ ប៉ុន្តែសាលាឧទ្ធរណ៍បន្ថយទោសនៅត្រឹម ៣ ឆ្នាំ ៦ ខែវិញតែនាងនៅតែមិនសុខចិត្តដដែល៕

website_news/20171306001.txt · Last modified: 2017/06/13 14:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki