website_news:2017130701

១ឆមាស កម្ពុជា ទទួលចំណូល ជិត៥លានដុល្លារ ពីការធ្វើប័ណ្ណការងារ ឲ្យពលករបរទេស ៤៨០០០នាក់

http://www.daem-ampil-news.html ថ្ងៃពុធ, ១២ កក្កដា ២០១៧ 16:31 ដោយ: បាន សុខរិទ្ធិ ID:012

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ កែម សារិន ប្រធាននាយកដ្ឋាន អន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានចំណូលប្រមាណ ៤ ៨០០ ០០០ដុល្លារ ពីការធ្វើប័ណ្ណធ្វើការងារ ឲ្យពលករបរទេសប្រមាណ ៤៨ ០០០នាក់ ដែលកំពុង បម្រើការងារនៅក្នុង ប្រទេសកម្ពុជា ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពេលចុះធ្វើអធិការកិច្ច លើពលករបរទេស ដែលកំពុងធ្វើការងារ នៅ ក្នុងអគារមជ្ឈមណ្ឌលព្រីនផ្លាហ្សា ជិតក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ លោក ឧត្តមសេនីយ៍ទោ កែម សារិន បានមានប្រសាសន៍ថា កន្លងមក ការចុះធ្វើអធិការកិច្ចតាមបណ្ដា សហគ្រាសមួយចំនួននៅកម្ពុជា ដែលបានជួលកម្មករបរទេសមកបម្រើការងារ គឺមានភាពលំបាក ដោយកម្មករបរទេសភាគច្រើន ក៏ដូចជានិយោជិក មិនគោរពតាមនីតិវិធី ដោយមានការគេចវេស ពីការធ្វើប័ណ្ណការងារ គឺនៅឆ្នាំ២០១៣ ២០១៤ និង២០១៥ រកឃើញអត់មានប័ណ្ណការងារច្រើន ។

លោកឧត្តមសេនីយ៍ទោ បានបន្តថា “ប៉ុន្តែដល់យើងធ្វើការផាកពិន័យ ក៏ដូចជាតម្រូវឲ្យគាត់ គោរពច្បាប់កន្លងមកនេះ គឺរហូតមកដល់ឆ្នាំ២០១៧នេះ គឺយើងឃើញថាពលករបរទេស ក៏ដូចជា ក្រុមហ៊ុន សហគ្រាសទាំងអស់ មានការយល់ដឹង និងគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយ ក្រុមហ៊ុននីមួយៗ បានបំពេញឲ្យកម្មករបរទេសនៅក្នុងក្រុមហ៊ុនរបស់ខ្លួន បានបំពេញកាតព្វកិច្ច គឺបង់ ថវិកាជូនរដ្ឋ ទៅលើប័ណ្ណការងារ និងសៀវភៅការងារ” ។ លោកបានបញ្ជាក់ថា ក្រោយការរឹតបន្តឹង កម្មករបរទេសមកធ្វើប័ណ្ណការងារមានសន្ទុះខ្លាំង ដោយឆ្នាំ២០១៣ ២០១៤ មានតែ៤ ទៅ៥ពាន់នាក់ ប៉ុន្តែក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៧នេះ គឺមាន ពលករបរទេសមកធ្វើប័ណ្ណការងារប្រមាណ ៤៨ ០០០នាក់ ដោយក្នុងមួយឆ្នាំ ក្នុងម្នាក់ៗតម្រូវឲ្យបង់ ប្រាក់ចំនួន ១០០ដុល្លារអាមេរិក ហើយក្នុងចំណោមកម្មក របរទេសទាំងនោះ មានជនជាតិចិន និងវៀតណាម ច្រើនជាងគេ។

សូមបញ្ជាក់ថា រយៈពេល១ឆមាសនេះ ក្រុមអធិការកិច្ច របស់នាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះអធិការបានជាង ៣០០០គោលដៅហើយ ៕

website_news/2017130701.txt · Last modified: 2017/07/13 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki