website_news:2017130706

សមាជិកសភាអាស៊ានបារម្ភពីការបង្ក្រាបពលករខុសច្បាប់ដោយអាជ្ញាធរម៉ាឡេស៊ី

http://www.rfa.org/khmer/news/ ដោយ ឡេង ម៉ាលី 2017-07-12

សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស នៅថ្ងៃទី១២ កក្កដា ចេញសេចក្ដីថ្លែងការណ៍សម្ដែងក្ដីបារម្ភចំពោះការបង្ក្រាបពលករខុសច្បាប់ដោយអាជ្ញាធរម៉ាឡេស៊ី។ ការបង្ក្រាបនេះមានគោលដៅចំពោះពលករបរទេសទាំង ឡាយណាដែលធ្វើការដោយមិនមានលិខិតអនុញ្ញាតពីរដ្ឋាភិបាលម៉ាឡេស៊ី។

ក្នុងសេចក្ដីថ្លែងការណ៍រួម នៅថ្ងៃទី១២ កក្កដា សមាជិកសភាកម្ពុជា អ្នកស្រី មូរ សុខហួរ ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សថ្លែងថា ការចង់ឲ្យចំនួនពលករគ្មានឯកសារក្នុងប្រទេសនេះថយចុះ មិនអាចជាលេសធ្វើឲ្យអ្នករងគ្រោះទទួលភាពរងគ្រោះថែមទៀតទេ។ អ្នកស្រីបន្តថា ទោះជាត្រូវដោះស្រាយបញ្ហាពលករខុសច្បាប់ក្ដី អាជ្ញាធរត្រូវធានាការគោរពសិទ្ធិមនុស្សគ្រប់រូប និងគ្រប់ពេលវេលា ព្រោះមុនការបង្ក្រាបពលករខុសច្បាប់ មណ្ឌលឃុំឃាំងម៉ាឡេស៊ី មានភាពចង្អៀតណែន និងខ្វះសេវាមូលដ្ឋានរួចស្រេចទៅហើយ។

ទន្ទឹមគ្នានេះដែរ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ថ្លែងថា លោកក៏ព្រួយបារម្ភចំពោះការរឹតបន្តឹងច្បាប់របស់អាជ្ញាធរប្រទេសម៉ាឡេស៊ី នៅពេលនេះ ព្រោះប្រទេសនេះ អាចមានពលរដ្ឋខ្មែរមួយចំនួនទៅធ្វើការដោយខុសច្បាប់ដូចប្រទេសថៃ ដែរ៖ «យើងអត់ទាន់ឃើញកម្មករយើងត្រូវបានគេបណ្ដេញចេញ ឬក៏ចាប់គាត់ដាក់ទោសផ្សេងៗ ដោយសារគាត់ទៅបំពេញការងារហ្នឹងទេ ហើយខ្ញុំដឹងថានៅក្នុងប្រទេសម៉ាឡេស៊ី ឆ្នាំនេះ ខ្ញុំទៅប្រជុំនៅហ្សឺណែវ គឺម៉ាឡេស៊ី ត្រូវបានអង្គការ ILO ដាក់ចូលទៅក្នុង list ជារបាយការណ៍មួយដែលរំលោភសិទ្ធិការងារ ការងារដោយបង្ខំហ្នឹងខ្ពស់ ហើយគេកំពុងតែដោះស្រាយជាមួយរដ្ឋាភិបាលហ្នឹង។ អ៊ីចឹងខ្ញុំមិនដឹងថា ផ្ទៃក្នុងរបស់គេចង់កែទម្រង់ ដើម្បីឲ្យមានកម្មករស្របច្បាប់ ហើយគេរៀបចំយ៉ាងម៉េច យើងអត់ដឹងទេ។ ប៉ុន្តែយ៉ាងហោចណាស់ យើងគិតថា អ្វីដែលប៉ះពាល់ដល់កម្មករយើង យើងមានការបារម្ភ។ អ៊ីចឹងសុំឲ្យរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ឲ្យខ្លាំង ដើម្បីដោះស្រាយបញ្ហាហ្នឹង»។ លោកអះអាងថា ស្ថិតិរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញថា តួលេខពលករខ្មែរដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី មានចំនួនជាង ៤ម៉ឺន ៦ពាន់នាក់ (៤៦.៥៤១នាក់)។

ជុំវិញបញ្ហានេះ អាស៊ីសេរី មិនអាចទាក់ទងមន្ត្រីក្រសួងការងារ និងក្រសួងការបរទេស បានទេនៅថ្ងៃទី១២ កក្កដា។ ប៉ុន្តែកាលពីថ្ងៃទី៩ កក្កដា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ និងធ្វើមាតុភូមិនិវត្តន៍ពលករពលការិនីខ្មែរចំនួន ១៦នាក់ពីប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជាវិញ។ ពលករទាំងនេះ ភាគច្រើនជាអ្នកនេសាទ ហើយមួយចំនួនតូចធ្វើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី នោះ។

អាជ្ញាធរម៉ាឡេស៊ី ចាប់ផ្ដើមយុទ្ធនាការបង្ក្រាបពលករអន្តោប្រវេសន៍ធ្វើការខុសច្បាប់នៅតាមរោងចក្រ សហគ្រាស និងភោជនីយដ្ឋាននានាតាំងពីថ្ងៃទី១ កក្កដា ដោយចាប់ឃុំខ្លួនពលករគ្មានលិខិតស្នាមជាង ៣.០០០នាក់។ ការបង្ក្រាបនេះ អាជ្ញាធរម៉ាឡេស៊ី ក៏បានចាប់ថៅកែជាង ៦០នាក់ដែលត្រូវបានចោទប្រកាន់ថា បានជួលកម្មករបរទេសខុសច្បាប់ឲ្យធ្វើការ។ ប្រទេសម៉ាឡេស៊ី មានពលករស្របច្បាប់ប្រហែល ១លាន ៩សែននាក់ រីឯចំនួន ៦លាននាក់ផ្សេងទៀតជាពលករខុសច្បាប់៕

website_news/2017130706.txt · Last modified: 2017/07/13 14:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki