website_news:2017130708

រដ្ឋាភិបាលឲ្យសម្រួលតម្លៃលិខិតឆ្លងដែនដល់ពលករនៅក្រៅប្រទេស ខណៈម៉ាឡេស៊ីរឹតបន្តឹង

http://www.v-o-d-news.html ដោយ លោក ញឹម សុខន ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧

ក្រសួងការបរទេសកម្ពុជារំឭកមន្ត្រីរបស់ខ្លួនឲ្យបង្កើនការយកចិត្តទុកដាក់ កាត់បន្ថយការចំណាយលើការធ្វើលិខិតឆ្លងដែនដល់ពលករចំណាកស្រុកនៅប្រទេសម៉ាឡេស៊ី ខណៈប្រទេសនោះប្រកាសពីផែនការបណ្តេញពលករខុសច្បាប់ចេញពីប្រទេសរបស់ខ្លួន។

សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី៧ខែកក្កដា ដែលVODទទួលបាននៅថ្ងៃនេះ បានលើកឡើងថា ពលករខ្មែរមួយចំនួនដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី ត្រូវធ្វើលិខិតឆ្លងដែនថ្មី ពួកគេបានចំណាយថវិកាយ៉ាងច្រើន នៅពេលលិខិតឆ្លងដែនចាស់អស់សុពលភាព មិនអាចពន្យារតទៅទៀតបាន។ ក្រសួងថា ករណីនេះខ្លួនបានណែនាំមន្ត្រីស្ថានទូតប្រចាំនៅប្រទេសនោះហើយ ដោយថាដើម្បីធ្វើការពិនិត្យនិងកំពុងពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ រកវិធីសមស្របជួយកាត់បន្ថយការចំណាយរបស់ពលករ ពិសេសការចំណាយទៅលើអ្នករត់ការកណ្តាល។

ប្រធានមជ្ឈមណ្ឌលនៃសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា បានស្វាគមន៍ទៅនឹងវិធានការរបស់រដ្ឋាភិបាល។ ប៉ុន្តែលោកថា ប្រសិទ្ធភាពជាងនេះនឹងជួយដោះស្រាយបន្ទុកពលករពិតប្រាកដនោះ គឺរដ្ឋាភិបាលត្រូវប្រកាសតម្លៃធ្វើលិខិតឆ្លងដែននេះជាសាធារណៈនិងប្រកាសពីវិធានការដាក់ទោសទណ្ឌដល់មន្ត្រីខិលខូច ដែលប្រព្រឹត្តិអំពើពុករលួយលើកិច្ចការនេះ ជាជាងចេញលិខិតអន្តរាគមន៍ពេលពលរដ្ឋមានបញ្ហា។

អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម លោក ប៊ួ បញ្ញា លើកឡើងដែរថា ការអន្តរាគមទាន់ពេល ជួយសម្រួលដល់ពលករចំណាកស្រុកនេះ លោកថាជាការស្តាមុខមាត់របស់បក្សកាន់អំណាចឡើងវិញ បន្ទាប់ពីបក្សប្រឆាំងយកបញ្ហានេះទៅលាតត្រឡាងថាបញ្ហារបស់ពលករចំណាកស្រុកជាការអសមត្ថភាពរបស់រដ្ឋាភិបាលនោះ។

យ៉ាងណាក៏ដោយ ក្រសួងការបរទេសអះអាងថា កន្លងទៅខ្លួនបានធ្វើការណែនាំជាប្រចាំដល់ស្ថានទូត និងស្ថានអគ្គកុងស៊ុលនៅក្រៅប្រទេស អនុវត្តឲ្យបានត្រឹមត្រូវនិងធ្វើការបិទផ្សាយជាសាធរណៈ នូវតម្លៃនិងរយៈពេលនៃការផ្តល់សេវានានា។

បើតាមលោក មឿន តុលា ពលករចំណាកស្រុកដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ីមានជាង១០ម៉ឺននាក់ ទាំងស្របច្បាប់និងខុសច្បាប់

ទាក់ទងបញ្ហានេះមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ចេញសេចក្ដីថ្លែងការណ៍សម្ដែងក្ដីបារម្ភចំពោះការបង្ក្រាបពលករខុសច្បាប់ដោយអាជ្ញាធរម៉ាឡេស៊ី។

ក្នុងសេចក្ដីថ្លែងការណ៍រួម នៅថ្ងៃទី១២ កក្កដា សមាជិកសភាកម្ពុជា លោកស្រី មូរ សុខហួរ ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ថ្លែងថា ការចង់ឲ្យចំនួនពលករគ្មានឯកសារក្នុងប្រទេសនេះថយចុះ មិនអាចជាលេសធ្វើឲ្យអ្នករងគ្រោះទទួលភាពរងគ្រោះថែមទៀតទេ។ អាជ្ញាធរម៉ាឡេស៊ី ចាប់ផ្ដើមយុទ្ធនាការបង្ក្រាបពលករអន្តោប្រវេសន៍ធ្វើការខុសច្បាប់នៅតាមរោងចក្រ សហគ្រាស និងភោជនីយដ្ឋាននានាតាំងពីថ្ងៃទី១ កក្កដា ដោយចាប់ឃុំខ្លួនពលករគ្មានលិខិតស្នាមជាង ៣.០០០នាក់៕

website_news/2017130708.txt · Last modified: 2017/07/13 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki