website_news:2017131001

ពលករខ្មែរជាង1លាននាក់កំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ

https://kohsantepheapdaily.com.kh/ ដោយ ៖ អ៊ាង ប៊ុនរិទ្ធ ថ្ងៃសុក្រ (13-10-2017 12:30)

រាជធានីភ្នំពេញ ៖ ពលករទេសន្តប្រវេសន៍ខ្មែរជាង១លាននាក់កំពុងរស់នៅ និងធ្វើការងារក្នុងប្រទេសថៃ ក្នុងនោះមាន១ភាគ៣រស់នៅស្របច្បាប់ និង២ភាគ៣មិនស្របច្បាប់ ។ ទោះបីយ៉ាងណា ពេលនេះរាជរដ្ឋាភិបាលកំពុងខិតខំធ្វើឲ្យពលករខ្មែរទាំងនោះបានរស់នៅស្របច្បាប់ក្នុងប្រទេសជិតខាងមួយនេះ ។ នេះបើតាមការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី៩ តុលា កន្លងទៅ នៅទីស្តីការក្រសួង ក្នុងជំនួបជាមួយលោកស្រី Nenete Motus ប្រធានអង្គការទេសន្តប្រវេសន៍(IOM) ប្រចាំនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់អ្នកសារព័ត៌មានថា ក្នុងជំនួបនេះភាគីទាំង២បានលើកឡើងពីបញ្ហាជនទេសន្តប្រវេសន៍កម្ពុជានិងបរទេស ដែលតែងតែផ្លាស់ប្តូរកន្លែងរស់នៅទាំងស្របច្បាប់ និងមិនស្របច្បាប់នៅលើពិភពលោកនេះ ដោយសារតែសង្គ្រាម ។

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងថា វត្តមានរបស់ពលករកម្ពុជានៅក្នុងប្រទេសថៃមានជាង១លាននាក់ ក្នុងនោះប្រមាណ១ភាគ៣ប៉ុណ្ណោះដែលជាពលករស្របច្បាប់ និង២ភាគ៣ទៀតជាពលករមិនទាន់មានលក្ខណៈស្របច្បាប់នៅឡើយ ។ ទោះបីយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំក្នុងដំណើរការធ្វើឲ្យពលករខ្មែរនៅក្នុងប្រទេសថៃទាំងអស់ទទួលបានភាពស្របច្បាប់ក្នុងការរស់នៅ និងបំពេញការងារ ។ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ជូនថា ៖« មូលហេតុដែលនាំឲ្យមានទេសន្តប្រវេសន៍កើតឡើង ដោយសារសាកលភាវូបនីយកម្ម និងគ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ ធ្វើឲ្យប្រជាជនមួយចំនួនទៅកាន់ប្រទេសផ្សេងទៀត » ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះលោកស្រីដែលត្រូវបានតែងតាំងជាប្រធានអង្គការIOM ប្រចាំនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិកនេះ ក៏ដូចជាអបអរសាទរដែលអង្គការIOM បានក្លាយទៅជាអង្គការទេសន្តប្រវេសន៍របស់អង្គការសហប្រជាជាតិ(UNIOM) ។ លោកទេសរដ្ឋមន្ត្រីបានរំឭកថា អង្គការនេះបានសហការនិងជួយដល់ពលរដ្ឋកម្ពុជាដែលបានភៀសខ្លួននៅពេលមានសង្គ្រាមស៊ីវិលនៅកម្ពុជា ។ លោកទេសរដ្ឋមន្ត្រីបានអះអាងថា ៖« កិច្ចសហប្រតិបត្តិការរបស់អង្គការIOM គឺមានសារសំខាន់ណាស់ចំពោះពលករខ្មែរដែលកំពុងធ្វើការងារនៅប្រទេសថៃ » ។ លោកបានលើកឡើងពីការលំបាករបស់ស្ត្រីខ្មែរ និងពលករ ដែលបានរងគ្រោះដោយសារការជួញដូរមនុស្សទៅរស់នៅប្រទេសផ្សេងៗ ដែលប្រឈមនឹងការរំលោភបំពាន ។ ស្ថានទូតខ្មែរនៅទីនោះបានជួយពលកររងគ្រោះ និងអរគុណអង្គការIOM ដែលបានផ្តល់សំបុត្រយន្តហោះដល់ពលករខ្មែររងគ្រោះបានមកកម្ពុជាវិញ ។

លោកស្រីប្រធានអង្គការ IOM ថ្លែងថាលោកស្រីធ្លាប់ជាប្រធានអង្គការ IOM នៅកម្ពុជាពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០២ ។ ពេលនេះលោកស្រីបានមកកម្ពុជាម្តងទៀត និងបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។ កម្ពុជាបានសហការល្អជាមួយ IOM ហើយអង្គការនេះនឹងបន្តជួយនិងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាទៀត ។ លោកស្រីបានលើកឡើងថា លោកស្រីក៏ដូចអង្គការIOM ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជនទេសន្តប្រវេសន៍ ៕

website_news/2017131001.txt · Last modified: 2017/10/13 14:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki