website_news:2017131107

មន្ត្រីទំនាក់ទំនងព្រំដែនច្រកអូរអន្លក់ ត្រូវថៃចាប់ខ្លួនពេលចូលទៅដឹកគ្រញូង

http://cambodiapolice.com/ ម៉ោង 11:22 am ថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2017

បាត់ដំបង៖ ជនសង្ស័យចំនួនពីរនាក់ ដែលម្នាក់ជាប្រជាពលរដ្ឋ និងម្នាក់ទៀតមាននាទី ជាមន្ត្រីយោធា ក្នុងអង្គភាពទំនាក់ទំនងការងារព្រំដែនកម្ពុជា ថៃ ប្រចាំច្រកតំបន់ អូរអន្លក់ ត្រូវបានភាគីថៃចាប់ខ្លួន រួមជាមួយនឹងរថយន្តពីរគ្រឿង ព្រមទាំងវត្ថុតាងដែលជាឈើគ្រញូងមួយចំនួនផងដែរ ខណៈដែលជនសង្ស័យទាំងពីរខាងលើ បានបើករថយន្តចូលទៅក្នុងទឹកដីថៃដើម្បីដឹកឈើគ្រញូងឆ្លងដែនចូលមកកម្ពុជា ។

យោងតាមរបាយការណ៍ដែលយើងទទួលបានគឺ ការចាប់ខ្លួននេះបានប្រព្រឹត្តឡើង នៅវេលាម៉ោង ១១ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបំបែកទៅកាន់ច្រកស៊ុំ ក្នុងភូមិបានផ្លែង ឃុំថេបនិមិត្ត ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ដោយនៅក្នុងរថយន្តទាំងពីរគ្រឿង មានទាំងវត្ថុតាងនៅក្នុងនោះផង ។ ជនសង្ស័យទាំងពីរនាក់មានឈ្មោះ យេ លុច ភេទប្រុស អាយុ៣០ឆ្នាំ ជាមន្ត្រីយោធា ផ្នែកទំនាក់ទំនង ការងារព្រំដែន កម្ពុជា ថៃ ប្រចាំច្រកតំបន់ អូរអន្លក់ ក្នុងស្រុកកំរៀងនិងឈ្មោះ វ៉ាន់ ឡុង ជាប្រជាពលរដ្ឋធម្មតា ដោយនៅមុនពេលចាប់ខ្លួន គឺជនសង្ស័យទាំងពីរនាក់ បានប្រើប្រាស់រថយន្តចំនួន២គ្រឿង គឺ១ ម៉ាកលុចស៊ីស ព៌ណស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-8301 និង២ ម៉ាកលុចស៊ីស ព៌ណស ពាក់ស្លាកលេខ ឧត្តរមានជ័យ 2A-0099 បានបើកឆ្លងដែនតាមច្រកអន្តរជាតិដូង ឆ្ពោះទៅកាន់ គោលដៅដើម្បីដឹកឈើគ្រញូងក្នុងខេត្ត ច័ន្ទបុរី ។ ពួកគេបានសារភាពបន្ថែមថា ក្រោយពីបានដាក់ឈើគ្រញូងរួចរាល់ហើយ គេក៏បាន បើករថយន្តចេញមកវិញ ក្នុងគោលបំណងចេញតាមច្រកតំបន់ អូរអន្លក់ ដែលជាចំណុច ឈរជើងរបស់ខ្លួន ប៉ុន្តែនៅពេលចេញមកដល់ត្រង់ចំណុចផ្លូវបំបែក ទៅកាន់ច្រកអូរអន្លក់ក៏ត្រូវតម្រួតថៃឃាត់រថយន្ត និងចាប់ខ្លួនតែម្តង ដោយសមត្ថកិច្ចថៃបានដកហូតវត្ថុតាង មានឈើគ្រញូងសរុបចំនួន ២០ ដុំ។

ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ ពេជ្រ វណ្ណា នាយករងទីចាត់ការ ការងារព្រំដែន និងជាប្រធានការិយាល័យ ទំនាក់ទំនងព្រំដែន កម្ពុជា ថៃ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះថា ថ្វីត្បិតតែរឿងនេះជារឿងរបស់បុគ្គល ហើយត្រូវបានមន្ត្រីថ្នាក់ក្រោមមួយចំនួនព្យាយាមបិទបាំង មិនអោយលោកដឹងក៏ដោយ ក៏នៅតែមានអ្នករាយការណ៍ប្រាប់លោកដែរ ដូច្នេះក្នុងនាមជាឪពុក ម្តាយ គឺលោក បាន និងកំពុងទាក់ទងទៅភាគីថៃរួចហើយ ដើម្បីស្នើសុំយកមនុស្សខាងលើមកដាក់ទោសនៅកម្ពុជាវិញ ប៉ុន្តែរហូតមកទល់នឹងពេលនេះ នៅមិនទាន់មានចម្លើយនៅឡើយ ៕ សោ និយមរ័ត្ន

website_news/2017131107.txt · Last modified: 2017/11/13 14:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki