website_news:2017140303

រយៈជិតពីរខែអាជ្ញាធរថៃប្រគល់សាកសពពលករខែ្មរ១១នាក់មកស្រុកខែ្មរវិញ

http://www.rasmeinews.com/local ដោយ ៖គ្រញូង ថ្ងៃទី 14 មីនា 2017 ម៉ោង 07:45:AM

(បាត់ដំបង)៖រយៈពេលជិត២ខែចាប់ពីថ្ងៃទី២៣ខែមករាដល់ថ្ងៃទី១០ខែមីនាឆ្នាំ២០១៧អាជ្ញាធរថៃបានដឹកសាកសពពលករខែ្មរចំនួន១១នាក់ (ស្រី៣នាក់) ដែលស្លាប់ដោយមូលហេតុផ្សេងៗគ្នាក្នុងទឹកដីថៃមកប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីតាមច្រកទ្វារអន្តរជាតិដូងស្ថិតក្នុងភូមិដូងឃុំបឹងរាំងស្រុកកំរៀងនិងច្រកទ្វារតំបន់ភ្នំដីស្ថិតក្នុងភូមិគីឡូ១៣ឃុំពេជ្រចិន្តាស្រុកសំពៅលូនខេត្តបាត់ដំបង។

មន្ត្រីប្រចាំការនៅច្រកទ្វារអន្តរជាតិដូងស្រុកកំរៀងនិងច្រកទ្វារតំបន់ភ្នំដីស្រុកសំពៅលូនបានឲ្យដឹងថាសពពលករខែ្មរដែលស្លាប់ក្នុងទឹកដីថៃចំនួន១១នាក់ (ស្រី៣នាក់)។ ក្នុងនោះមាន៣នាក់ស្លាប់ដោយជំងឺគាំងបេះដូង ស្លាប់ដោយជំងឺខ្យល់គ៣នាក់ ស្លាប់ដោយលើសឈាម២ករណី ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ម្នាក់និងស្លាប់ដោយមានស្លាកស្នាមត្រង់កនិងត្រង់ក្បាល២នាក់។សពពលករខុសច្បាប់ទាំង១១នាក់ភាគច្រើនមាននៅខេត្តបាត់ដំបង សៀមរាប តាកែវ ព្រៃវែង កំពង់ធំនិងត្បូងឃ្មុំ។

តាមរបាយការណ៍របស់មន្ទីរទេសចរខេត្តបាត់ដំបងបានឳ្យដឹងថានៅឆ្នាំ២០១៦កន្លងអាជ្ញាធរថៃបានចាប់បញ្ជូនពលករខែ្មរដែលធ្វើចំណាកស្រុកខុសច្បាប់ចូលក្នុងប្រទេសថៃចំនួន១៦៣លើកសរុបចំនួន៧.៣២៨នាក់ក្នុងនោះមានស្រី៣.៦១២នាក់និងកូនក្មេងចំនួន៤៧៩នាក់។

ចំណែកពលករខែ្មរដែលចូលបំពេញបែបបទស្របច្បាប់ទៅធ្វើការងារក្នុងប្រទេសថៃមានប្រមាណ២លាននាក់។ សពពលករខែ្មរទាំង១១នាក់ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតរៀងៗខ្លួន៕S

website_news/2017140303.txt · Last modified: 2017/08/24 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki