website_news:2017140305

ស្ថានទូតខ្មែរនៅកូរ៉េ និង KOFIH ចុះពិនិត្យ ព្យាបាល សុខភាពទូទៅ ជូនបងប្អូនពលករ-ពលការិនី ១៦៨នាក់

http://dap-news.com/kh ថ្ងៃច័ន្ទ, ១៣ មិនា ២០១៧ 17:11 ដោយ: ស៊ាន កុសល ID:049

ភ្នំពេញ៖ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជាការការពារ ទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលធ្វើអោយប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃ របស់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ នៅថៃ្ងអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០១៧ ស្ថានឯកអគ្គរាជទូត និងគណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ចូនពលករទៅបរទេស នៃក្រសួងការងារ បានសហការ ជាមួយមូលនិធិ គាំពារសុខភាពកូរ៉េ-អន្ដរជាតិ(KOFIH) ចុះពិនិត្យ និងព្យាបាលសុខភាពទូទៅ ពិនិត្យបេះដូង និងថតX-Ray ដោយឥតគិតថ្លៃ ជូនបងប្អូន ពលករ-ពលការិនី បានចំនួន 168 នាក់ នៅទីក្រុងអឺយចុងប៊ូ ខេត្តខ្យងគី ។

ស្ថានឯកអគ្គរាជទូត នឹងសហការជាមួយ មូលនិធិគាំពារសុខភាព កូរ៉េ-អន្ដរជាតិ(KOFIH) បន្ដយុទ្ធនាការចុះពិនិត្យ និងព្យាបាលសុខភាព ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខ្មែរដែលរស់នៅ តំបន់ឆ្ងាយរៀងរាល់ពីរខែម្ដង ដោយឡែកសម្រាប់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុង សេអ៊ូល ឬខេត្ត(តំបន់)នៅក្បែរទីក្រុងសេអ៊ូល ស្ថានឯកអគ្គរាជទូតបានចុះកិច្ច សហការជាមួយនឹងសមាគមគ្រូពេទ្យ ទីក្រុសេអ៊ូល ទទួលពិនិត្យ និងព្យាបាលជូនដោយ ឥតគិតថ្លៃ ឬក្នុងតម្លៃទាបក្នុង ករណីជំងឺធ្ងន់ធ្ងរ នៅមជ្ឈមណ្ឌល របស់សមាគមផ្ទាល់នាទីក្រុងសេអ៊ូល។

ក្រុមការងារស្ថានទូត នឹងបន្ដបំពេញតួនាទី ភារកិច្ចឱ្យអស់ពីលទ្ធភាព ដើម្បីផ្ដល់សេវាសាធារណៈនានា និងគាំពារប្រយោជន៍ ជូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ សិក្សា ធ្វើការ នៅសាធារណរដ្ឋកូរ៉េ ដោយមិនប្រកាន់និន្នាការ នយោបាយ ៕

website_news/2017140305.txt · Last modified: 2017/03/14 11:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki